ខេត្តកណ្តាល ៖ បុរសម្នាក់តែងរករឿងទារលុយពីម្តាយចាស់ជរា និងវាយបំផ្លាញរបស់ទ្រព្យក្នុងផ្ទះខ្ទេចអស់ លុះសមត្ថកិច្ចចុះចាប់ខ្លួន ក៏ត្រូវស្ត្រីជាម្តាយអង្វរសុំត្រឹមអប់រំសិនបានហើយ ស្រាប់តែពេលសមត្ថកិច្ចធ្វើតាមសំណូមពរអប់រំរួចដោះលែងវិញ បែរជាកូនប្រុសកំណាចគំរាមដុតផ្ទះ សម្លាប់ម្តាយចោល ទើបម្តាយទ្រាំលែងបានក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះកូនប្រុសយកទៅចាត់ការតាមច្បាប់។

ករណីកូនប្រុសគំរាមដុតផ្ទះ សម្លាប់ម្តាយខ្លួនឯងចោលនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ។
ជនសង្ស័យជាកូនប្រុសដែលគំរាមដុតផ្ទះ សម្លាប់ម្តាយបង្កើតខ្លួនឯង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះស៊ុ ម៉េងគ្រី អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះជាម្តាយ មានឈ្មោះខុន ខេន អាយុ៦៨ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីបានទទួលព័ត៌មានខាងលើ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍ព្រែកថ្មី សហការជាមួយកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកកោះធំ បានចុះធ្វើអន្តរាគមន៍លើករណីហិង្សាក្នុងគ្រួសារ (វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ) ដែលបង្កឡើងដោយជនសង្ស័យឈ្មោះស៊ុ ម៉េងគ្រី បានធ្វើសកម្មភាពរុះរើរោងបាយក្រោមផ្ទះ និងកាប់បំផ្លាញជញ្ជាំងផ្ទះរបស់ឈ្មោះខុន ខេន ត្រូវជាម្តាយបង្កើតរបស់ខ្លួន។

ក្រោយពីសមត្ថកិច្ចបានចុះទៅដល់ រកចាប់ខ្លួនជនបង្កហេតុ តែត្រូវបានឈ្មោះខុន ខេន ត្រូវជាម្តាយជនសង្ស័យ បានសំណូមពរដល់សមត្ថកិច្ចឱ្យជួយអប់រំណែនាំ និងធ្វើកិច្ចសន្យា កូនរបស់ខ្លួនម្តងសិន បើជនសង្ស័យឈ្មោះស៊ុ ម៉េងគ្រី បង្ករឿង ឬប្រើអំពើហិង្សា ទៅថ្ងៃក្រោយទៀត នឹងឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

បន្ទាប់ពីសមត្ថកិច្ចធ្វើការអប់រំ និងធ្វើកិច្ចសន្យានៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី រួចត្រឡប់ទៅដល់ផ្ទះវិញ ស្រាប់តែនៅរសៀលថ្ងៃដដែលនោះ ជនបង្កហេតុខាងលើមិនព្រមរាងចាល ថែមទាំងបានយកភ្លើងដុតខោចោលនៅក្រោមផ្ទះ និងយកកំប៉ុងហ្គាស (គ្មានហ្គាស់) ចងផ្អោបនឹងដបប្រេងឆា (គ្មានប្រេង) តែមានទឹកនៅក្នុងដប យកមកគំរាមដុតផ្ទះ ដើម្បីបំភ័យម្តាយនិងបងប្រុស។

ដោយពិនិត្យឃើញជនសង្ស័យជាកូនមិនរាងចាល ទើបស្ត្រីជាម្តាយ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី តែម្តង។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី សហការជាមួយកម្លាំងជំនាញស្រុក បានចុះឃាត់ខ្លួនជនសង្ស័យ ឈ្មោះស៊ុ ម៉េងគ្រី រួមជាមួយវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរនិងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕