ខេត្តកណ្តាល ៖ បុរសម្នាក់កំពុងអង្គុយផឹកស៊ីជុំបងប្អូនរបស់ខ្លួនសុខៗ ស្រាប់តែក្រោកទាញញញួរ ដើរសំដៅទៅរករថយន្តរបស់អ្នកជិតខាងខ្លួនដែលលចតចោល រួចវាយបំបែកកញ្ចក់រថយន្តរបស់គេទាំងកំរោល និងថែមទាំងទាញដុំថ្មគប់ថែមទៀត បណ្តាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ ទីបំផុតត្រូវម្ចាស់រថយន្តប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។

ករណីធ្វើឱ្យខូចខាតដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិអំពៅព្រៃទី១ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង។

ជនរងគ្រោះជាម្ចាស់រថយន្ត មានឈ្មោះជឹម សុខអេង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអាជីវករ មានលំនៅក្នុងភូមិអំពៅព្រៃទី១ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង។ ចំណែកជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះយឿន គឹមលៀង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានលំនៅក្នុងភូមិអំពៅព្រៃទី១ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ។ រីឯវត្ថុតាងចាប់យក រួមមាន ញញួរផ្លែដែកដងជ័រ ប្រវែង៣០សង់ទីម៉ែត្រ ចំនួន១ និងបំណែកដុំឥដ្ឋប្រហោង ចំនួន១១ដុំ។

ដោយឡែកសម្ភារ:ខូចខាត គឺរថយន្ត១គ្រឿង ម៉ាក Ford Ranger ស៊េរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BC-0162 បែកប្រេះស្រាំកញ្ចក់មុខ១ផ្ទាំង បែកកញ្ចក់ទ្វារឡាន ចំហៀងខាងឆ្វេង២ផ្ទាំង ក្រពឹតគូទក្រោយ មួយកន្លែង និងក្រពឹតដំបូលផ្នែកខាងស្តាំ ១កន្លែង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាបៀរនៅផ្ទះបងបង្កើត ឈ្មោះយឿន សុខឡៃ ស្ថិតនៅភូមិកើតហេតុខាងលើ ជាមួយបងប្អូនចំនួន៣នាក់ទៀត។ លុះក្រោយពីផឹកស្រាបៀរអស់ចំនួនកន្លះកេស ជនសង្ស័យបានយកញញួរដែលនៅក្រោមជណ្តើរ ដើរទៅវាយកញ្ចក់រថយន្តរបស់ជនរងគ្រោះ និងបានយកដុំឥដ្ឋប្រហោងជាច្រើនដុំ គប់មកលើរថយន្តរបស់ជនគ្រោះទាំងកំរោលតែម្តង។ ភ្លាមនោះ ម្តាយជនរងគ្រោះ និងបងប្អូន នាំគ្នាចាប់ឃាត់ រួចជនសង្ស័យបានដើរទៅអង្គុយនៅផ្ទះបង របស់ខ្លួនវិញ។

ប្រភពដដែល បន្តថា បន្ទាប់មកជនរងគ្រោះកំពុងតែលេងបាលទះ នៅពេលឮដំណឹងថា ជនសង្ស័យបានវាយរថយន្តរបស់ខ្លួន បណ្តាលឱ្យខូចខាត ក៏ជិះម៉ូតូត្រឡប់មកផ្ទះ វិញពិនិត្យរថយន្តរបស់ខ្លួន ឃើញខូចខាតជាច្រើនកន្លែង ។ បន្ទាប់មក ជនរងគ្រោះបានឆែកកាមេរ៉ាសុវត្ថិភាពក្នុងទូរស័ព្ទដៃរបស់ខ្លួន បានឃើញជនសង្ស័យយកញញួរវាយកម្ទេចរថយន្តរបស់ខ្លួន និងយកដុំឥដ្ឋប្រហោងជាច្រើនដុំ គប់មកលើរថយន្តរបស់ខ្លួន បណ្តាលឲ្យខូចខាតជាច្រើនកន្លែង ទើបជនរងគ្រោះបានទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលឃុំអំពៅព្រៃ ចុះមកដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីសាកសួរ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕