Friday, August 22, 2025
Homeតារាខ្មែរនាយក្រូច ល្មមមានជីវភាពដូចសព្វថ្ងៃ ធ្លាប់មានប្រវត្តិមិនធម្មតានោះទេ

នាយក្រូច ល្មមមានជីវភាពដូចសព្វថ្ងៃ ធ្លាប់មានប្រវត្តិមិនធម្មតានោះទេ

ល្មមតែបានក្លាយខ្លួនជាតារាកំប្លែងល្បី មានឈ្មោះបោះសំឡេងក្នុងអាជីពសិល្បៈដែលអាចរកប្រាក់ចំណូលបានរាប់ពាន់ដុល្លារក្នុង១ខែៗនោះ នាយក្រូច បានប្រាប់ទាំទឹកមុខស្រងូតស្រងាត់ថា មុនឈានមកដល់សព្វថ្ងៃនេះ នាយ និងភរិយា មានជីវភាពសឹងហៅលែងឮទៅហើយ ហើយនាយក៏ធ្លាប់ធ្វើជាអ្នកបាលូ ហើយត្រូវគេបោកទៀតផង។

គួររំឮកថា នាយក្រូច មានស្រុកកំណើតនៅភូមិត្រាចកុះ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នាយបានរៀបការជាមួយអ្នករួមខេត្ត ឈ្មោះប្រាក់ សុវណ្ណ ហើយពេលនេះមានកូន២នាក់ (ស្រី១) ដែលមានវ័យជំទង់អស់ទៅហើយ។

តារាកំប្លែងដ៏មានប្រជាប្រិយភាពប្រចាំក្រុមនាយពាក់ម៉ី រូបនេះ ប្រាប់អ្នកកាសែតថា កាលនាយមិនទាន់មានឈ្មោះបោះសំឡេង គឺជីវភាពនាយពិបាកណាស់ រកតែអង្ករច្រកឆ្នាំងមិនបានផង ខណៈដែលផ្ទះវិញ យកមេឃធ្វើជាដំបូល។

នាយបន្ថែមថា ដោយយសារតែជីវភាពលំបាកពេក ទើបនាយបានរៀនត្រឹមថ្នាក់ទី៨ប៉ុណ្ណោះ ហើយបានទៅបួស ដោយតាំង​ចិត្តថា សាងផ្នួសអស់១ជីវិត ប៉ុន្ដែដោយសារតែអស់និស្ស័យ ទើបនាយបានសាងផ្នួសត្រឹមតែសាមណេរ រយៈពេល១ឆ្នាំ ក៏លាចាកសិក្ខាបទវិញ។

ក្រោយមកនាយបានសម្រេចចិត្តមករកការងារធ្វើនៅភ្នំពេញ តែរកបានតែការងារត្រឹមកម្មករសំណង់ និងធ្វើជាអ្នកបាលូប៉ុណ្ណោះ ហើយក៏ត្រូវគេបោកអស់ប្រាក់ចំនួន១៥០ដុល្លារថែមទៀត ទើបធ្វើឲ្យនាយកាន់តែតោកយ៉ាក ដាច់យ៉ៃរហូតទៅដេកនៅសំយ៉ាបសាលារៀនឥទ្រ្ទទេវី ដោយផឹកទឹកទុយោអស់១សប្ដាហ៍ ព្រោះមានតែ២០០០រៀល ទិញនំបុ័ងបានតែ១កំណាត់។

នាយបន្ថែមទៀតថា ក្រោយមក នាយបានជួបអ្នកស្គាល់គ្នាណែនាំឲ្យនាយទៅធ្វើការនៅរោងចក្រ ដែលទទួលបានប្រាក់ខែ៤០ដុល្លាត តែចាយមិនគ្រប់ ទើបនាយសម្រេចចិត្តទៅស្រុកកំណើតវិញ ដោយរកស៊ីជាអ្នករត់ម៉ូតូឌុប លក់ធ្យូង និងរត់រ៉ឺមក ផងដែរ។ ក្រោយមក នាយក៏បានចូលទៅបញ្ចេញសម្ថភាពជាអ្នកកំប្លែងនៅប៉ុស្ដិ៍លេខ៣ ជាមួយនាយតឹង និងនាយតាក់ស៊ី ទើបឈានទៅប្រលងកំប្លែងនៅ CTN ដោយជាប់ជាមួយប្អូនស្រីបង្កើតរបស់នាយ អ្នកនាងអ៊ីត និងក្មួយប្រុសរបស់នាយ លោកចឺម ។

នាយបញ្ជាក់ថា ពេលជាប់ដំបូង នាយក៏មានជីវភាពលំបាកដែរ គ្មានលុយបង់ថ្លៃផ្ទះជួល ទើបនាយទៅលក់មាន់ លក់ស្រូវនៅភ្នំស្រង់ ជារៀងរាល់ថ្ងៃ។ ទើបតែរយៈពេលចុងក្រោយនេះទេ ដែលនាយបានក្លាយទៅជាតារាកំប្លែងល្បី មានទស្សនិកជនគាំទ្រច្រើន ធ្វើឲ្យជីវភាពបានល្អប្រសើរជាងមុន ព្រោះនាយថតភាពយន្ដក្នុង១រឿង ស៊ីថ្លៃ៤០០០ដុល្លារ។ ប៉ុន្ដែដោយសារតែកូវីដ-១៩ និងពេលនេះចំរដូវទឹកជំនន់ទៀត ទើបធ្វើឲ្យនាយធ្លាប់ប្រាក់ចំណូលវិញយ៉ាងគំហុក នឹងត្រូវសន្សំលុយបង់រំលស់ផ្ទះរយៈពេលដល់ទៅ១០ឆ្នាំទៀតឯណោះ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES