ភ្នំពេញ ៖ តារាស្រីរូបស្រស់ ឈិន សុធារី បានប្រកាសដាក់ពាក្យប្តឹងស្ត្រីម្នាក់ ដែលបានចោទប្រកាន់ បរិហារកេរ្តិ៍ថា នាងដណ្តើមប្តី ដើម្បីទាមទារយុត្តិធម៌និងកិត្តិយសសម្រាប់នាងនិងគ្រួសារ។
អ្នកនាងឈិន សុធារី បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ថា «ក្នុងនាមខ្ញុំជាជនរងគ្រោះមួយរូប នាងខ្ញុំសូមប្រកាសប្តឹងតបទៅវិញ ពីបទបរិហារកេរ្តិ៍ ទៅជនដែលព្យាយាមបំផ្លាញកិត្តិយសរបស់ខ្ញុំ ដោយចេតនា និងគ្មានភ័ស្តុតាង និងគ្មានមូលដ្ឋានច្បាស់លាស់ ទៅដល់ជននោះទៅតាមផ្លូវច្បាប់ជាធរមាន។ សុំទោស ស្ងាត់យូរហើយ ការអត់ធ្មត់ វាមានកំណត់ ចាំទទួលទៅ»។
ឈិន សុធារី សរសេរបន្ថែមនៅថ្ងៃដដែលនោះថា «កុំរុញមនុស្សឲ្យទល់ជញ្ជាំង ស្អីក៏ហ៊ានធ្វើដែរ លែងខ្មាសគេហើយ ព្រោះនាងឯងបានបំផ្លាញកិត្តិយសរបស់ខ្ញុំរួចហើយ ខ្ញុំគ្មានលុយស្អីទេ ខ្ញុំមានតែបុណ្យកុសលដែលបានធ្វើកន្លងមកនៅក្នុងចិត្តរបស់ខ្ញុំប៉ុណ្ណឹងឯង តែខ្ញុំនឹងទាមទារយកយុត្តិធម៌និងកិត្តិយសរបស់ខ្ញុំនិងគ្រួសាររបស់ខ្ញុំឡើងវិញ។ ទេវតាមានភ្នែក»។

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឈិន សុធារី បានសរសេរបន្ថែមទៀតថា «បើនាងខ្លាំង ឆាប់ចេញមុខមក កុំដើរកុហកបោកប្រាស់គេថា មានគេលួចចូល account របស់ខ្លួន យល់ទេ Samrith Ya Nuth ជេរបញ្ជោរគេតាមហ្វេសបុកបង្ហោះរូបភាពមិនពិត រាប់ខែហើយ អត់មានអ្នកហែកយក? ពេលគេដាក់ពាក្យប្តឹង ទើបថាមានគេហែក account យក? កុំភ្លេចថា នាងនៅទីណាក៏គេដឹងដែរ ឲ្យតែនៅប្រើប្រាស់ Facebook កុហកគេ កុហកឲ្យសមណានាងស្របច្បាប់..! មិនអីទេ នៅមានម្នាក់ទៀត សង្ឃឹមថា អត់មានអ្នកហែកយក account ទៀតចុះ ធ្វើគេញយៗ ដល់ពេលគេធ្វើវិញម្តង រកគ្រប់កលល្បិច សាហាវមែននាងនេះ»។
គួរបញ្ជាក់ថា ការប្រកាសដាក់ប្តឹងរបស់តារារូបស្រស់ឈិន សុធារីខាងលើនេះ ធ្វើឡើងបន្ទាប់ពី មានស្ត្រីម្នាក់ប្រើគណនីបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ «Somrith Ya Nuth» បានចោទប្រកាន់នាងថា ទាក់ទងជាមួយប្តីគេ។

ស្ត្រីម្នាក់នោះបានបង្ហោះរូបភាពឈិន សុធារី អង្គុយក្បែរបុរសម្នាក់ឈ្មោះកែវ ពិសិដ្ឋ ដែលនាងអះអាងថាជាប្តីរបស់ខ្លួន ក្នុងគណនីហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ជាមួយសំណេរថា “ក្នុងនាមខ្ញុំជាម្តាយ ជាប្រពន្ធស្របច្បាប់ ក្រាបក្បាលដល់កន្ទេលជាមួយលោកឯង រយ:ពេលដប់ឆ្នាំ លំបាកវេទនាតាំងពីបាតដៃទទេ មកដល់ឥឡូវលោកតបស្នងនូវការឈឺចាប់ឲ្យខ្ញុំនិងកូន ដែលចុះចេញពីផ្ទះរយ:ពេលជិតមួយឆ្នាំ ទៅរស់នៅ ដើរបណ្តើរគ្នាចេញមុខ ដោយមិនខ្លាចញញើតខ្ញុំជាប្រពន្ធដើម ទាំងមិនទាន់លែងលះគ្នាចប់សព្វគ្រប់នេះ ហើយក៏ចង់សួរថា លោកកែវ ពិសិដ្ឋ និងនាងឈិន ចាន់សុធារី តារាសម្តែង ស្រែកក្តែងៗគេយកប្តីនាងពីមុន ដើរតួរកម្សត់នេះ យល់អារម្មណ៍គេជាប្រពន្ធទេនាង?
ហើយខ្ញុំមិនបន្ទោសនាងទេ ប្រុសម្នាក់នេះ ខ្ញុំស្គាល់ចរិតច្បាស់ ហ៊ានអះអាងណាស់ តែបើនាងជាមនុស្សស្រីមានក្រមសីលធម៌ នាងក៏មិនត្រូវចូលមកពាក់ព័ន្ធក្នុងអំឡុងពេលដែលមានបញ្ហាមិនទាន់បានលែងលះ មិនទាន់ចេញសាលក្រមដែរនាង ហើយខ្ញុំក៏មិនដែលចង់បានមនុស្សម្នាក់ហ្នឹងមកវិញដែរ សំខាន់ដោះស្រាយបញ្ចប់ឲ្យខ្ញុំ ដែលបានសន្យា ហើយខ្ញុំទុកពេលឲ្យរយ:មួយឆ្នាំនេះហើយ នៅតែមិនបញ្ចប់ ដោយរកលេសគ្រប់យ៉ាង”។
ស្ត្រីដដែលសរសេរបន្តថា “មកដល់ចំណុចនេះ ខ្ញុំទ្រាំលែងបានហើយ ព្រោះខ្ញុំបានទ្រាំឲ្យអ្នកឯងទាំងពីរយកគ្នាលើក្បាលខ្ញុំយូរមកហើយ ឥឡូវដល់ពេលហើយ បើខ្ញុំមិនបញ្ចេញ ខ្ញុំអាចនឹងដាច់ខ្យល់ ដូចជាអាត្មានិយមពេកហើយសម្រាប់ខ្ញុំ របស់ទ្រព្យកូនខ្ញុំ វារលាយបណ្តើរៗហើយ ហើយខ្ញុំអរគុណលោកឪពុកម្តាយក្មេកខ្ញុំ និងសាច់ថ្លៃទាំងអស់ ដែលពួកគាត់មានក្រមសីលធម៌ ដែលតែងតែនៅក្បែរខ្ញុំនិងកូនៗ លើកទឹកចិត្តខ្ញុំ ។
ជាចុងបញ្ចប់ ដោះស្រាយតាមខ្ញុំស្នើសុំឲ្យឆាប់ ហើយអញ្ជើញយកគ្នាចុះ ព្រោះខ្ញុំក្រណាស់ គ្មានលុយដូចស្រីលោកទេ យកចុះ ខ្ញុំតែប៉ុណ្ណឹង ទុកសម្រាប់កូនៗខ្ញុំ មិនមែនខ្ញុំមិនដឹងសិទ្ធិប្រពន្ធស្របច្បាប់ទេណាលោក ព្រោះទ្រព្យសម្បត្តិទាំងអស់ សុទ្ធតែក្រោយការទាំងអស់ ។ បញ្ជាក់ ៖ រូបភាពមានច្រើនទៀត”។

ស្ត្រីដដែលសរសេរបន្ថែម នៅថ្ងៃដដែលនោះថា “ខ្ញុំភ័យណាស់នាងអើយ ខ្លាចចូលគុកព្រោះគ្មានលុយតបទៅនាង គ្មានភ័ស្តុតាង ខ្ញុំស្វាគមន៍ណានាង ជនរងគ្រោះ អ៊ីចឹងរាល់ថ្ងៃហ្នឹងអត់បានទាក់ទងគ្នាមែនទេនាង? ខ្ញុំគ្មានលុយសូម្បីតែប្តឹងនាងនិងប្តីដែលជាសហាយស្មន់គ្នា ព្រោះខ្ញុំក្រ គ្មានខ្សែដូចនាង ភ័យណាស់”។
ជុំវិញការចោទប្រកាន់ និងសារឆ្លើយតបគ្នារវាងឈិន សុធារី និងស្ត្រីដែលចោទនាងទាក់ទងប្តីគេ ខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីអ្នកនាងឈិន សុធារី និងស្ត្រីខាងលើ រួមទាំងបុរសជាប្តី ឈ្មោះកែវ ពិសិដ្ឋ ដែលរងការចោទប្រកាន់ពីប្រពន្ធ រឿងសហាយស្មន់នោះបានទេ កាលពីម្សិលមិញ ។
ប៉ុន្តែទោះជាយ៉ាងណា បុរសជាប្តី ឈ្មោះកែវ ពិសិដ្ឋ បានបញ្ជាក់តាមគណនីបណ្តាញសង្គម របស់ខ្លួនច្រានចោលការចោទប្រកាន់របស់ស្ត្រីជាប្រពន្ធ ដោយការពារភាពស្អាតស្អំរបស់តារាស្រី ឈិន សុធារី ថានាងជាជនរងគ្រោះ ដែលមិនដឹងរឿងអីទេ។

បុរសឈ្មោះ កែវ ពិសិដ្ឋ បានសរសេរក្នុងគណនីហ្វេសប៊ុក របស់ខ្លួននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ថា “សោកស្ដាយយ៉ាងខ្លាំងចំពោះមនុស្សអគតិ និងមនុស្សបំពុលក្នុងសង្គម និងមនុស្សតែស្ករមួយចំនួន ដែលខំព្យាយាមបំផ្លាញកិត្តិយសរបស់ខ្ញុំបាទ។
ទី១ ព្រមព្រៀងគ្នាហើយថា ព្រមបញ្ចប់ តាំងពីជាង ២ឆ្នាំមុន, ទី២ បានសំណងខ្លះរួចហើយ និងទ្រព្យផ្សេងៗទៀតហើយដែរ, ទី៣ នឹងត្រូវបញ្ចប់ខែក្រោយហើយ, ទី៤ ហើយមិនបានរួមរស់ដំបូលជាមួយគ្នា២ឆ្នាំជាង ជិត៣ឆ្នាំហើយ ក្រោយមកអូសបន្លាយយូរ ព្រោះតែរឿងចែកទ្រព្យនិងរឿងកូនៗនោះទេ មិនមែនចង់មិនដោះស្រាយទេ ចុះម្ដេចឡើយមកចង់ចងកម្មចងពៀរនឹងខ្ញុំទៀត? ហើយខ្ញុំមិនចេះផុសត្រាំម៉ាអីទេកន្លងមកចេះតែផុសការអប់រំប៉ុណ្ណោះ។ ចង់ប្រាប់ថា មនុស្សប្រុសមួយចំនួនដែលមិនចង់បានមនុស្សស្រី :

ទី១ មនុស្សកាច កាចមាន២ កាចមួយ កាចចម្រុងចម្រើន កាចមួយទៀត គឺកាចបំផ្លាញតែម្តង, ទី២ ពូកែខាងជេរតិះដៀល ឆ្កែឆ្មា មើលងាយ និងមិនឲ្យតម្លៃប្តី មិនឲ្យតម្លៃខ្លួនឯងសោះ,ទី៣ មិនចេះផ្អែម មិនចេះនិយាយពីរោះ, ទី៤ ពូកែខាងផុសរឿងអត់ប្រយោជន៍, ទី៥ ដើរប្រាប់គេឯងឲ្យគេដឹងឮ ឲ្យគេអាណិត ជួយគាំទ្រ ឲ្យគេជួយឈឺឆ្អាល ទាំងរឿងមិនពិតសោះ ភាគតិចដែលថាត្រូវ, ទី៦ ខឹងគេម្នាក់ គឺខឹងគេមួយផ្ទះ ផ្អើលពេញភូមិ មិនសូវមានចរិតចេះខ្មាសគេ មិនស្រលាញ់កិត្តិយសគ្រួសារ ដើរហែកហួរគេអាក្រក់ ដើម្បីឲ្យគេគិតថាខ្លួនឯងល្អ, ទី៧ មិនចេះរួសរាយនៅក្នុងសង្គម មិនរាក់ទាក់មនុស្សជុំវិញខ្លួនអាត្មានិយម, ទី៨ ចូលចិត្តនិយាយបំផ្លើស និងនិពន្ធសាច់រឿង, ទី៩ សូម្បីតែពាក្យហៅប្ដីថា (បង) ក៏មិនដែលហៅផង ខ្វះការគោរព អត់សុជីវធម៌ និងទី១០ បើខឹង ឈ្លោះមុខគេមុខឯង គឺបាក់មុខ”។
បុរសដដែល សរសេរបន្តថា “សូមសង្ខេបដោយខ្លីប៉ុណ្ណឹង.. សូមប្រាប់ថា ម្យ៉ាងទៀតនឹងត្រូវបញ្ចប់ខែក្រោយហើយ រឿងកញ្ចប់ទឹកប្រាក់រៀបចំជូន ចុះហេតុម៉េចមកបរិហារកេរ្តិ៍ខ្ញុំ និងអ្នកនាងសុធារី ទៅវិញ? ការបញ្ចប់កិច្ចសន្យាមាត់ជាមួយគ្នា រយ:ពេលជិត៣ឆ្នាំហើយ ខ្ញុំទើបតែបានជួបអ្នកនាងសុធារី រយ:ពេល១ឆ្នាំចុងក្រោយនេះទេ។
គាត់ជាអ្នករងគ្រោះ មិនបានដឹងអ្វីទាល់តែសោះ មកចោទប្រកាន់គេឯង ហើយក៏បានជេរគេ ផុសបរិហារកេរ្តិ៍គាត់ មិនពិត។ តាមពិត គាត់គឺក៏ជាដៃគូរកសុីជាមួយខ្ញុំទេ បើនិយាយពីការរាប់អាន គឺការពិត ខ្ញុំព្រមទទួលស្គាល់ថា ហាក់បីដូចជាស្និទ្ធស្នាលមែន តែបើចំពោះថា រឿងស្នេហា គឺមើលគាត់ បើគាត់ល្អ ក៏គិតគូរថ្ងៃអនាគត បើមិនល្អ ក៏មិនយក ព្រោះដើម្បីកុំឲ្យខុសដូចអ្នកមុនទៀត។ ហើយអ្នកដែលមិនដឹងរឿង គឺឈប់តែស្ករទៅ។

ជាចុងក្រោយ ខ្ញុំបាទសុំធ្វើការសុំទោសជាសាធារណៈទៅដល់អ្នកនាង សុធារី ដែលមិនធ្លាប់ពាក់ព័ន្ធរវាងខ្ញុំនិងអ្នកជាអតីតបន្តិចសោះ។ ឈប់បានឈប់ទៅ អ្នកដែលដើរចាក់គេ ដុកគេឯង ឲ្យគ្រួសារគេមានការយល់ច្រលំ និងទំនាស់ជាមួយគ្នា”។
បន្ទាប់ពីបានឃើញសំណេរបំភ្លឺ និងសុំទោសរបស់បុរសឈ្មោះកែវ ពិសិដ្ឋ ខាងលើនេះ អ្នកនាងឈិន សុធារី បានឆ្លើយតបអរគុណ តែយ៉ាងណា អ្នកនាងបញ្ជាក់ថា នៅតែចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះបុគ្គលដែលព្យាយាមបំផ្លាញកិត្តិយសនាង។
ឈិន សុធារី បានសរសេរនៅថ្ងៃដដែលនោះថា “អរគុណ ដែលធ្វើការសុំទោសមកលើរូបនាងខ្ញុំ តែនាងខ្ញុំនៅតែចាត់វិធានការទៅតាមផ្លូវច្បាប់ ចំពោះបុគ្គលដែលព្យាយាមបំផ្លាញកិត្តិយសរបស់នាងខ្ញុំដដែល សូមអរគុណ”។
ចំណែកស្ត្រីជាអតីតភរិយាលោកកែវ ពិសិដ្ឋ ក៏បានសរសេរតបទៅប្តីថា “សរសេរបានល្អ លោកកែវ ពិសិដ្ឋ ១០ឆ្នាំ បើសិនជាខ្ញុំដូចលោកសរសេរ សួរថា ឪពុកម្តាយលោក បងប្អូន ទទួលបានទេ? ហើយគាត់ឈរនៅខាងខ្ញុំទេលោក? ឬចង់ឲ្យខ្ញុំបន្ថែមចំណុចដែលលោកធ្វើមកដាក់ខ្ញុំថែមទៀត? ហើយចង់ផ្តាំថា ឈប់តេ ឬឆាតមកខ្ញុំ ចង់ប្តឹង ធ្វើទៅ ខ្ញុំតាមពីក្រោយលោក បើនៅតែខ្លាំងរាល់ពាក្យសម្តីជេរដៀលគ្រួសារខ្ញុំ ថែមទាំងលើកដៃវ៉ៃខ្ញុំ មានស្រីពីមួយទៅមួយទៀត រូបថតនៅមានទាំងអស់លោក”។

ជាមួយនេះ ស្ត្រីដដែលបានសរសេរតបទៅអ្នកនាងឈិន សុធារី នៅថ្ងៃដដែលនោះថា “សូមជម្រាបទៅនាងឈិន ចាន់សុធារី ខ្ញុំមិនខ្លាចទទួលការពិតទេនាង ហើយចង់យ៉ាងម៉េច ខ្ញុំស្វាគមន៍ណា!”។
ស្ត្រីដដែលសរសេរបន្ថែមថា «អរគុណបញ្ហាគ្រប់យ៉ាងដែលចូលមកក្នុងជីវិតខ្ញុំ ហើយខ្ញុំជឿជាក់លើច្បាប់ និងអំពើល្អ ផលបុណ្យដែលបានសាង នឹងទាមទារកយុត្តិធម៌មកឲ្យខ្ញុំនិងកូន ខ្ញុំស្វាមគមន៍ចំពោះសហាយស្មន់ទាំងពីរ”៕
.