Thursday, August 21, 2025
Homeព័ត៌មានជាតិសម័យហ្វេសប៊ុកផង កុំចេះតែធ្វើអីតាមតែចិត្តនឹកឃើញ... ឆាតភ្លាមមកភ្លែត

សម័យហ្វេសប៊ុកផង កុំចេះតែធ្វើអីតាមតែចិត្តនឹកឃើញ… ឆាតភ្លាមមកភ្លែត

ខេត្តកណ្តាល ៖ ហាងផឹកស៊ីមួយកន្លែងបានចាក់ចម្រៀងលាន់ទ្រហឹងជារៀងរាល់យប់ រំខានដល់ការសម្រាករបស់ប្រជាពលរដ្ឋជិតខាង រហូតដល់ពលរដ្ឋទ្រាំមិនបាន ក៏រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចចុះអប់រំ បញ្ឈប់ការរំពងសំឡេងរំខានដល់ការរស់នៅ ប្រជាពលរដ្ឋក្បែរខាង។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានបញ្ជាក់ឱ្យដឹងថា ក្រោយពីទទួលបានបណ្តឹងរបស់ប្រជាពលរដ្ឋដែលបានប្តឹងចូលគណនីហ្វេសប៊ុកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដែលមានខ្លឹមសារថា “សួស្តីបង ខ្ញុំឆាតទៅខាងបង មានរឿងចង់ឱ្យខាងបងជួយពិនិត្យនិងដោះស្រាយ ពាក់ព័ន្ធនឹងការបង្កជាសំឡេងរំខានការចាក់បទចម្រៀង ពេលខ្លះដល់ម៉ោង១១យប់ជាងក៏មាន ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ដែលគាត់ឬពួកគាត់ ត្រូវក្រោកពីព្រឹក ដើម្បីបំពេញការងារ។

ទីតាំងដែលបង្កសំឡេងរំខាន គឺចេញពីអាហារដ្ឋានភ្នំយ៉ាត នៅខាងកើតការ៉ាស់សាំង Tela ជាប់នឹងផ្លូវជាតិលេខ៤ ដែលស្ថិតនៅភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល…” កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុក សហការជាមួយកម្លាំប៉ុស្តិ៍នគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃពួច និងប៉ុស្តិ៍នគរបាលរដ្ឋបាលពើក បានចុះធ្វើការអប់រំនិងកិច្ចសន្យាទីតាំងអាហារដ្ឋានភ្នំយ៉ាត ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ពាក់ព័ន្ធនឹងបញ្ហាចាក់ធុងបាស់ (ឧបករណ៍បំពងសំឡេង) និងផឹកស៊ីស្រែកហ៊ោ និយាយគ្នាឮៗ ដែលជាហេតុប៉ះពាល់ដល់អ្នករស់នៅជិតខាង។

បន្ទាប់ពីសមត្ថកិច្ចបានចុះធ្វើកិច្ចសន្យារួច ឈ្មោះខុម ឃី ភេទប្រុស អាយុ២៩ឆ្នាំ ជាម្ចាស់ទីតាំងអាហារដ្ឋានភ្នំយ៉ាត បានសន្យាថា នឹងមិនចាក់ធុងបាស់ (ឧបករណ៍បំពងសំឡេង) ឮៗ និងផឹកស៊ីស្រែកហ៊ោ និយាយគ្នាឮៗ ដល់ម៉ោង១១និង១២យប់ ដែលប៉ះពាល់ដល់អ្នកជិត ខាងទៀតឡើយ៕

RELATED ARTICLES