Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិស្ពាន​ឆ្លងពី​ស្រុក​ស្ទឹង​ត្រង់​ទៅ​កាន់​ស្រុក​ក្រូច​ឆ្មារ​នឹង​សាង​សង់​នៅ​ឆ្នាំ​ក្រោយ

ស្ពាន​ឆ្លងពី​ស្រុក​ស្ទឹង​ត្រង់​ទៅ​កាន់​ស្រុក​ក្រូច​ឆ្មារ​នឹង​សាង​សង់​នៅ​ឆ្នាំ​ក្រោយ

ភ្នំពេញ ៖ គម្រោងសាងសង់ស្ពានឆ្លងពីស្រុកស្ទឹងត្រង់ កំពង់ចាម ទៅកាន់ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៧ខាងមុខនេះ តាមរយៈជំនួយឥណ ទានរបស់ប្រទេសចិន។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញថា គំរោងសាងសង់ស្ពាននេះ នឹងចំណាយប្រាក់សាងសង់ក្នុងទំហំទឹកប្រាក់៥៨លានដុល្លារអាមេរិក ដែលទឹកប្រាក់ប្រើប្រាស់សំរាប់សាងសង់ស្ពាននេះ ជាកម្ចីឥណទានរបស់ប្រទេសចិន។លោកបន្តថា ស្ពាននេះមានប្រវែងជាង១គីឡូម៉ែត្រ និងទទឹង១៣ម៉ែត្រការ៉េ។ ស្ពាននេះជាស្ពានតភ្ជាប់រវាងខេត្តពីរ ដែលទើបបានកាត់ផ្តាច់ពីគ្នា ក្នុងអាណត្តិរាជរដ្ឋាភិបាលទី៥កន្លងមកនេះ។

លោកបន្តថា ស្ពាននេះជាជំនួយមួយ ក្នុងចំណោមកម្ចីសប្បទានរបស់ប្រទេសចិន ដែលបានផ្តល់ឥណទានជាច្រើនលើគំរោងហេដ្ឋារចនាសម្ព័ន្ឋនៅកម្ពុជា តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនហ្សី ជីនពីងនៅកម្ពុជាកាលពីដើមសប្តាហ៍នេះ ដែលមានការចុះហត្ថលេខាលើគំរោងជាច្រើន ដូចជា គំរោងសាងសង់ផ្លូវជាតិលេខ១១ ផ្លូវជាតិលេខ៥១ ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ដែលមានប្រវែងជាង២០០គីឡូម៉ែត្រ និងគ្រោងចំណាយថវិកាវិនិយោគចំនួន១៩០០លានដុល្លារអាមេរិក។

បច្ចុប្បន្នចំណុចសាងសង់ស្ពានចេញពីស្រុកស្ទឹងត្រង់ ក្នុងខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំបាននិងកំពុងប្រើប្រាស់សាឡាង ដែលបានយកចេញពីកំពង់ចំឡងអ្នកលឿង បន្ទាប់ពីស្ពានជំនួយរបស់ប្រទេសចិនឈ្មោះត្សឹបាសាត្រូវបានដាក់ឲ្យប្រើប្រាស់កាលពីកាលពីចុងឆ្នាំមុន។

លោករដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងទៀតថា ចិនផ្តល់ជំនួយដ៏ច្រើននៅកម្ពុជា ដោយសារទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ ដែលបានធ្វើឡើងក្នុងជំនាន់សម្តេចព្រះបរមរតនកោដិ នរោត្តមសីហនុ និងនយោបាយដ៏ ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដមន្រ្តីនៃរាជរដ្ឋា ភិបាលកម្ពុជា ដែលមានគោលនយោបាយដ៏ឆ្លាតវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេច។

ដោយ ៖ គង់ លាងហួរ

RELATED ARTICLES