ភ្នំពេញ ៖ បុរស២នាក់បានដើរឆ្លុះសត្វពេលយប់ ធុំក្លិនស្អុយចម្លែក ក៏នាំគ្នាដើរតាមរកមើល ស្រាប់តែប្រទះឃើញសាកសពស្អុយរលួយនៅក្នុងព្រៃ និងត្រូវបានដាច់ជាបំណែកៗ ដោយសារសត្វហែកស៊ី ធ្វើឱ្យបុរសទាំង២នាក់ភ័យឆោឡោរត់ចូលភូមិរាយការណ៍ ប្រាប់សមត្ថកិច្ច ចុះពិនិត្យភ្លាមៗ។

ករណីប្រទះឃើញសាកសពខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១០យប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្នុងព្រៃឫស្សី កណ្តាលវាលស្រែ មាត់បឹងតាម៉ោក ត្រង់ចំណុចទួលអ្នកតា៤មុខ ក្នុងភូមិកោះរងៀង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។
សាកសពខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ និងមិនដឹងថា ជាប្រុសឬស្រីឡើយ ខណៈដែលសពមានសភាពស្អុយរលួយ ចំណែកលលាដ៍ក្បាល ដៃ និងដងខ្លួន នៅដាច់ដោយឡែកពីគ្នា សង្ស័យត្រូវសត្វហែកស៊ី។

តាមប្រភពពីឈ្មោះសា រុន ភេទប្រុស អាយុ៣៩ឆ្នាំ មានលំនៅក្នុងភូមិកាន់ទ្រុង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ ១០យប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ គាត់និងបងប្រុសបានដើរឆ្លុះបាញ់សត្វ នៅក្នុងព្រៃ តំបន់ទីតាំងកើតហេតុ ដូចសព្វដង។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែធុំក្លិនស្អុយចម្លែក ទើបនឹកឆ្ងល់ក៏នាំគ្នាដើររកមើល ក៏ប្រទះឃើញបំណែកដៃសាកសព និងប្រទះឃើញលលាដ៍ក្បាលមនុស្សម្នាក់។
ភ្លាមៗនោះ ពួកគាត់ក៏ប្រញាប់ប្រញាល់ត្រឡប់ទៅផ្ទះ ហើយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានទាំងយប់ លុះព្រឹកឡើងក៏បានរាយការណ៍ទៅសមត្ថកិច្ចជំនាញ ចុះទៅត្រួតពិនិត្យតែម្តង។

រហូតមកដល់វេលាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបសមត្ថកិច្ចមូលដ្ឋានខណ្ឌព្រែកព្នៅ សហការជាមួយខាងជំនាញ បានចុះទៅកន្លែងកើតហេតុ ពិនិត្យរកឃើញគ្រោងឆ្អឹងដងខ្លួនផ្នែកខាងក្រោយនៅក្នុងព្រៃឫស្សី ដោយមានអាវ និងមួកស្ត្រី នៅជាប់នឹងមែកឫស្សី។
ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបានដាក់ការសង្ស័យថា សាកសពជនរងគ្រោះខាងលើ គឺជាមនុស្សស្រីដែលចងកបញ្ចប់ជីវិត អស់រយៈពេលប្រមាណជាង១ខែមកហើយ ខណៈពេលដែលសពស្អុយរលួយធ្លាក់ចុះដី ក៏ត្រូវសត្វពាំអូសទៅស៊ី ជាបំណែកៗតែម្តង។

ទោះបីជាយ៉ាងណា ពុំទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនោះឡើយ ចំណែកការបាត់បង់ជីវិត ក៏ពុំទាន់ដឹងថា ជាប់ពាក់ព័ន្ធនឹងករណីអ្វីឱ្យពិតប្រាកដនោះឡើយ។
បំណែកសាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រមូល រួចយកកង់ឡានដុតបូជានៅកណ្តាលវាលនោះតែម្តង៕