Sunday, August 17, 2025
Homeតារាខ្មែរព្រាប សុវត្ថិ-ខេមរៈ សិរីមន្ដ អត់ដូចគ្នា

ព្រាប សុវត្ថិ-ខេមរៈ សិរីមន្ដ អត់ដូចគ្នា

មុននេះ មានការលើកឡើងថា បើមាស សុខសោភា ទៅ Galaxy គឺនាងនឹងចាប់ដៃគូជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ ប៉ុន្ដែបើនាងទៅហង្សមាស នាងនឹងក្លាយទៅជាដៃគូរបស់លោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ហើយសមត្ថភាពដូចមាស សុខសោភា អាចជាជំនួយបន្ថែមដល់តារាណាម្នាក់ជាមិនខាន ក្នុងចំណោមតារាល្បីទាំង២ដួង បើទោះជាពេលនេះនាងមិនមែនល្បីលើសព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ក៏ដោយ។

លោកព្រាប សុវត្ថិ និងលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា

ប៉ុន្ដែអ្វីៗមិនដូចជាការគិតនោះទេ ព្រោះនៅទីបំផុត មាស សុខសោភា បានផាត់ចោលផលិតកម្មទាំង២ ហើយទៅចុះកុងត្រារយៈពេល១ឆ្នាំ ជាមួយផលិតកម្ម Ream ទៅវិញ ទើបធ្វើឲ្យព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ អត់បានដៃគូតារាស្រីជើងខ្លាំងរូបនេះដូចគ្នា។

ចំពោះព្រាប សុវត្ថិ វិញ មិនត្រឹមតែខកចិតុ្តមិនបានច្រៀងជាដៃជាមួយមាស សុខសោភា ម្នាក់ទេ ប៉ុន្ដែតាមព័ត៌មានថា អ្នកមេម៉ាយពេជ្រ សោភា ដែលជាគោលដៅរបស់ Galaxy ដែរនោះ នាងសុខចិត្តក្រាញនៅហង្សមាស តទៅទៀត ទើបធ្វើឲ្យព្រាប សុវត្ថិ ពិបាករកដៃគូណាដែលស័ក្តិសមគ្នាជាមួយលោក បើទោះជាកញ្ញាតន់ ច័ន្ទសីម៉ា កំពុងធ្វើព្យុះភ្លៀងនៅ Galaxy ក្ដី​ តែការចាប់ដៃជាមួយព្រាប សុវត្ថិ ហាក់មិនទាន់សមនឹងសមត្ថភាព និងវ័យរបស់លោកទេ។

ដោយឡែក លោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ វិញ ទោះជាអត់មាស សុខសោភា ក៏លោកមិនខ្វះដៃគូតារាស្រីនៅទ្រនំធំនោះដែរ ពិសេស គឺអ្នកនាងឱក សុគន្ធកញ្ញា តែម្ដង ដែលតាំងពីព្រាប សុវត្ថិ ដើរចេញពីហង្សមាស នោះ អ្នកទាំង២ បានច្រៀងឆ្លងឆ្លើយគ្នាជាបន្ដបន្ទាប់ ព្រមទាំងត្រូវបានមហាជនចាត់ទុកថា សិរីមន្ដ-កញ្ញា គឺជាតួឯកប្រចាំហង្សមាស ទៀតផង។

ព្រាប សុវត្ថិ ក្រោយចេញពីហង្សមាស ទៅចូល Galaxy ជាង២ខែនេះ បានចេញបទចម្រៀងសម្រុកជាង១០បទទៅហើយ ប៉ុន្ដែក្នុងចំណោមបទទាំងនោះ មហាជនខ្លះនៅតែមិនទាន់គាំទ្រលោកច្រើន ដូចបទល្បីៗនៅហង្សមាស នោះទេ ដោយសារតែអ្នកនិពន្ធបានសរសេរឲ្យលោកច្រៀងតម្រូវក្មេងជាងវ័យ ប៉ារ៉ូលស្ទាវជាងនៅហង្សមាស។

លោកខេមរៈ សិរីមន្ត

ប៉ុន្តែថ្មីៗនេះ Galaxy បានបញ្ចេញបទមនោសញ្ចេតនា១បទ ឲ្យព្រាប សុវត្ថិ ច្រៀងដែលបទនោះ មិនចាញ់បទរបស់លោកនៅហង្សមាស ឡើយ គឺបទ ”ពេលណាជួបគេម្ដងទៀត”។ តាមរយៈបទនេះ ព្រាប សុវត្ថិ នៅតែមានសមត្ថភាពច្រៀងមិនទាន់ធ្លាក់សំឡេងទេ ហើយការចេញច្រៀងសម្ដែងតាមឆាក កាលពីពេលថ្មីៗនេះ អតីតតារាហង្សមាស រូបនេះ ក៏នៅតែមានការគាំទ្រច្រើនដែរ។

ចំណែកលោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ វិញ បន្ទាប់ពីបានចេញបទបុកជាមួយព្រាប សុវត្ថិ ជាបន្ដបន្ទាប់ តាំងពីខែភ្ជុំ និងកឋិនទាន រហូតដល់ចុងក្រោយនេះ មានសង្ឃឹមច្រើន ក្រោយផ្ទុះបទ ”ពឺតៗ”។

ខេមរៈ សិរីមន្ដ បានវ៉ាដាច់តារានៅហង្សមាស ប៉ុន្ដែអ្នកជំនាញសិល្បៈបានលើកឡើងថា គិតមិនដល់ពេលនេះ លោកសិរីមន្ត នៅតែមិនទាន់អាចយកឈ្នះ ឬវ៉ាព្រាប សុវត្ថិ បានទេ ព្រោះការផ្ទុះ១បទ គ្រាន់តែឡើងកូដជាងមុនប៉ុណ្ណោះ។

អ្នកនិពន្ធបទភ្លេង (Composer) នៅហង្សមាស បានឲ្យដឹងថា នៅខែធ្នូ ឆ្នាំ២០២១ ទើបអាចមើលដឹងថា ព្រាប សុវត្ថិ-ខេមរៈ សិរីមន្ដ មួយណាខ្លាំងជាង ព្រោះប្រើពេលប្រជែងគ្នា១ឆ្នាំពេញតែម្ដង។

តាមព័ត៌មានចុងក្រោយ បានឲ្យដឹងថា ក្រោយមិនអាចស្ទូចមាស សុខសោភា ទៅ Galaxy បាននោះ ព្រាប សុវត្ថិ នឹងត្រូវចាប់ដៃគូសាកល្បងជាមួយកញ្ញាតន់ ច័ន្ទសីម៉ា នៅពេលខាងមុខនេះហើយ។ ដោយឡែក ខេមរៈ សិរីមន្ដ វិញ គឺហង្សមាស នៅតែតម្រូវឲ្យចាប់ដៃប្អូនថ្លៃថៅកែហង្សមាស អ្នកនាងឱក សុគន្ធកញ្ញា ជាងតារាស្រីផ្សេងទៀតរបស់ទ្រនំនេះ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES