ភ្នំពេញ ៖ ជាងជួសជុលរថយន្តម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ ឃាត់ខ្លួនក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង៣និង៣០ នាទីរសៀល នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចមុខដីឡូត៍គ្មានលេខ ផ្លូវ១៥១ ស្ថិត ក្នុងភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យក្នុងករណីនេះ ឈ្មោះសាន់ ចាន់ស៊ី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត មានលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្នុងភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចដកហូតបានវត្ថុតាង ក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន ចំនួន១កញ្ចប់ថង់តូច, ទូរស័ព្ទដៃចំនួន១គ្រឿង និងម៉ូតូម៉ាក GPX popz ពណ៌ខៀវលាយខ្មៅ គ្មានស្លាកលេខ ចំនួន១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ បន្តនីតិវិធី៕