ខេត្តបាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលមួយបន្ទាប់ពីស្ត្រីម្នាក់ ឈ្មោះស.ន អាយុ៣០ឆ្នាំ រស់នៅស្រុកសំពៅលូន បានទៅដាក់ពាក្យបណ្តឹងពីករណីដែលមានក្រុមជនសង្ស័យនាំទៅចែកមាស ចែកប្រាក់ ដែលគេរើសបានហើយនៅទីបំផុតខ្លួនគាត់ទទួលបាន (សំណសុទ្ធ) មួយកូនថង់ នៅចំណុចផ្សារដើមអំពិល ក្នុងមូលដ្ឋានស្រុកសំពៅលូន។
បន្ទាប់ពីបញ្ហានេះកើតឡើងភ្លាមៗ អ្នកប្រើប្រាស់បណ្តាញសង្គម បានធ្វើការផ្សព្វផ្វយ្សា ចែករំលែកយ៉ាងសកម្មអំពីរឿងនេះដោយថា ជាករណីជនសង្ស័យដាក់ថ្នាំសណ្តំដោះយកទ្រព្យសម្បត្តិពីជនរងគ្រោះទៅវិញ។ ការផ្សព្វផ្សាយព័ត៌មានដែលខ្វះហេតុផលគ្រប់គ្រាន់ ជាហេតុនាំបង្កទៅជាបាតុភាព បង្កការភ័យខ្លាចនិងបង្កើតឱ្យមានភាពអាប់អួរនៅក្នុងបរិយាកាសសង្គមទៅវិញ។

ដោយពិនិត្យឃើញស្ថានភាពបែបនេះ អនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំធ្វើការស្រាវជ្រាវលើករណីនេះជាបន្ទាន់ ហើយទីបំផុតទៅទើបដឹងច្បាស់ថា ការពិតជារឿងក្រុមជនសង្ស័យដើរតួជាអ្នករើសបានកាបូបមាសប្រាក់ ហើយបានឱ្យជនរងគ្រោះឃើញ រួចឈានទៅដល់ការកំណត់បែងចែកគ្នានៅទីកំបាំងពីបក្សពួកគេដែលដើរតួជាម្ចាស់កាបូបប្រាក់នោះ។
អ្វីដែលត្រូវបានមកជាចំណែករបស់ជនរងគ្រោះ គឺជាគ្រាប់សំណសុទ្ធដែលគេច្រកក្នុងថង់ក្រណាត់ពណ៌ក្រហម បន្លំថាជាគ្រឿងខ្សែក រីឯចំណែកដែលក្រុមជនសង្ស័យទទួល បានពីជនរងគ្រោះ គឺមានខ្សែក ខ្សែដៃ ចិញ្ចៀន កងដៃ ប្រាក់បាត ប្រាក់រៀល និងទូរស័ព្ទដៃផង សរុបប្រមាណ៨លាន១សែនរៀល រួចគេចខ្លួនបាត់។

លោកអធិការស្រុកសំពៅលូន បានបញ្ជាក់ថា ករណីនេះមិនមែនជាកណីដាក់ថ្នាំសណ្តំអ្វីនោះទេ ហើយករណីនេះក៏មិនមែនជាករណីថ្មីអ្វីដែរ តែជាករណីចាស់ធ្លាប់កើតមានយូរហើយ តែយូរៗមានម្តងនៅពេលណាមួយ ដែលជនរងគ្រោះមានចេតនាចង់បានចំណែកពីល្បិចកលរបស់ក្រុមជនសង្ស័យទាំងនេះ។
លោកអធិការសូមធ្វើការអំពាវនាវចំពោះប្រជាពលរដ្ឋទូទៅនៅមូលដ្ឋាន សូមកុំឱ្យចាញ់បោកល្បិចកលបែបនេះទៀត។ ទោះជាយ៉ាងនេះក្តី មុខសញ្ញាក្រុមជនសង្ស័យដែលធ្វើសកម្មភាពខាងលើមានភិនភាគ អាចកត់សម្គាល់បានខ្លះហើយ ដែលបញ្ហានេះសមត្ថកិច្ចលោកនឹង ចាត់វិធានការស្រាវជ្រាវបន្តតាមនីតិវិធី៕