ភ្នំពេញ ៖ បុរសម្នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីយករថយន្ត២គ្រឿង ចតបិទផ្លូវសាធារណៈនិងប្រមាថមន្ត្រីរាជការសាធារណៈនៅខណ្ឌទួលគោក កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានភ្ញាក់ខ្លួនដឹងកំហុសនិងបានសរសេរលិខិតសុំទោសជាសាធារណៈ ចំពោះអ្វីដែលខ្លួនបានប្រព្រឹត្តខុសទៅលើសមត្ថកិច្ច។
ក្នុងលិខិតសុំទោសដែលផ្ញើទៅកាន់រដ្ឋបាលខណ្ឌទួលគោក បុគ្គលឈ្មោះ ជា លាង បានសរសេរថា “ខ្ញុំបាទ សូមអភ័យទោសចំពោះទង្វើដែលមិនគប្បីចំពោះបងសមត្ថកិច្ច ដែលបានចុះអនុវត្តច្បាប់ ក្នុងការស្ទូចឡាន។ ដោយដឹងពីកំហុសឆ្គងកន្លងមក ខ្ញុំបាទសង្ឃឹមថា អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធក្នុងការកើតហេតុ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ មេត្តាយោគយល់អធ្យាស្រ័យដល់រូបខ្ញុំបាទ”។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីភ្ញាក់ផ្អើលមួយបាន កើតឡើងនៅចំណុចសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដោយបុរសម្នាក់ នៅសុខៗ បានបើករថយន្តចំនួន ២គ្រឿង មកចតចោលចំកណ្តាលទ្រូងផ្លូវ មុខផ្ទះរបស់ខ្លួន រួចក៏ចូលទៅក្នុងផ្ទះបាត់ ធ្វើឱ្យរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទើបអាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍ ប្រាប់ឱ្យបើករថយន្តចតអែបខាង តែម្ចាស់រថយន្តមិនខ្ចីស្តាប់ ទើបសមត្ថកិច្ចសម្រេចចាក់សោកង់រថយន្ត បម្រុងស្ទូចយកទៅដោះស្រាយនៅសាលាខណ្ឌ ស្រាប់តែបុរសរូបនោះបានព្យាយាមតដៃរារាំងមិនឱ្យស្ទូចរថយន្តរបស់ខ្លួន និងឈានដល់ការប្រតាយប្រតប់ជាមួយសមត្ថកិច្ចទៀតផង ។ ទីបំផុតក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំទាំងម្ចាស់ និងរថយន្ត ២គ្រឿង យកទៅចាត់ការតាមច្បាប់។

បុរសដែលប្រឆាំងនឹងអ្នករាជការសាធារណៈ រហូតឈានដល់ការចាប់វាយខ្នោះនោះ មានឈ្មោះ ជា លាង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមើលការខុសត្រូវផ្ទះជួល ស្នាក់នៅផ្ទះលេខ២០៣ ផ្លូវលេខ១៣២ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
អាជ្ញាធរខណ្ឌទួលគោក បានបញ្ជាក់ថា ករណីឃាត់ខ្លួនជនសង្ស័យឈ្មោះ ជា លាង ខាងលើនេះ ធ្វើឡើងដោយកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដោយមានការអនុញ្ញាតនិងបញ្ជាផ្ទាល់មាត់ពីលោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និងដឹកនាំផ្ទាល់ពីលោកទាវ សំអឿន អភិបាលរងខណ្ឌទួលគោក ដោយមានកិច្ចសម្របសម្រួលពីលោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ “ប្រឆាំងនឹងអ្នករាជការសារធារណៈ”។

អាជ្ញាធរបានឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចបានរឹបអូសរថយន្តចំនួន ២គ្រឿងម៉ាក VISTO កូរ៉េ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Q-8050 និងរថយន្តម៉ាកតូយ៉ូតា កាមរី ស៊េរីឆ្នាំ២០០៧ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Z-6830 (ចាប់យកនៅកន្លែងកើតហេតុ)។
តាមប្រភពពីអាជ្ញាធរខណ្ឌទួលគោក បានរៀបរាប់ពីដំណើររឿងថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ ៤រសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ ជា លាង បានបើករថយន្តម៉ាក VISTO កូរ៉េ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-8050 និងរថយន្តម៉ាកកាមរី ស៊េរីឆ្នាំ២០០៧ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-6830 មកចតចំកណ្តាលទ្រូងផ្លូវលេខ១៣២ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដោយបានរំខាន និងរារាំងប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ មិនអាចធ្វើដំណើរបាន។

ភ្លាមនោះ ក្រុមប្រតិបត្តិការបានធ្វើការណែនាំឱ្យម្ចាស់រថយន្ត ឈ្មោះជា លាង បើករថយន្តចេញពីទ្រូងផ្លូវ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរបាន ប៉ុន្តែឈ្មោះ ជា លាង បានបដិសេធ មិនព្រមបើកឡានចេញទេ ទើបក្រុមប្រតិបត្តិការបានយកខ្នោះចាក់កង់រថយន្ត ដើម្បីត្រៀមលក្ខណៈស្ទូចរថយន្តចេញពីលើទ្រូងផ្លូវ តែត្រូវបានម្ចាស់រថយន្ត ឈ្មោះជា លាង ដណ្តើមយកខ្នោះពីសមត្ថកិច្ច ដោយរារាំងមិនឱ្យចាក់កង់រថយន្ត ហើយយកខ្នោះកម្ទេចចោល បោះចូលទៅក្នុងផ្ទះរបស់ខ្លួនថែមទៀតផង។

ប្រភពដដែល បញ្ជាក់ថា បន្ទាប់ពីឃើញទង្វើរបស់ឈ្មោះជា លាង បែបនេះ សមត្ថកិច្ចក៏បានទៅហៅឈ្មោះជា លាង មកសាកសួរ ប៉ុន្តែត្រូវបានឈ្មោះជា លាង រុញច្រានសមត្ថកិច្ច ភ្លាមនោះសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនឈ្មោះ ជា លាង ក្នុងបទល្មើសជាក់ស្តែងតែម្តង ព្រមទាំងស្ទូចយករថយន្តទាំង២គ្រឿង ខាងលើ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក តែម្តង៕