តារាសម្ដែងស្រអែមស្រស់ ឌុច លីដា ត្រូវបានអ្នកជិតស្និទ្ធនាងបង្ហើបថា បានរៀបការហើយ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយពិធីមង្គលការរបស់នាងរៀបចំដោយស្ងាត់ៗ មានតែតារាជិតដិតតិចតួចប៉ុណ្ណោះ ដែលបានចូលរួម។

ព័ត៌មានបានឲ្យដឹងថា លីដា បានគ្រងឈុតប្រពៃណីជាកូនក្រមុំយ៉ាងស្រស់ស្អាត នៅថ្ងៃចូលរោងជ័យ កាលពីល្ងាចថ្ងៃទី១៨ ខែវិចិ្ឆកា ដោយមានធ្វើពិធីក្រុងពលី និងសូត្រមន្ដផងដែរ នៅផ្ទះរបស់នាងនៅចំការដូង ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈដែលកូនកំលោះត្រូវបានគេដឹងថា ជាមន្រ្ដីរាជការម្នាក់ អាយុជិត៤០ឆ្នាំ និងចូលចិត្តពាក់វ៉ែនតាជាប្រចាំ។

ការសម្រេចចិត្តលាចូលរោងការរបស់លីដា នៅពេលនេះ ក្រោយពេលដែលមានការរិះគន់ថា តារាសម្ដែងរូបនេះមានកូនតែមិនដឹងប្ដីជាអ្នកណា។ ប៉ុន្ដែលីដា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងមិនខ្វល់រឿងគេពេបជ្រាយនោះទេ ព្រោះអ្នកខ្លះរៀបការហើយចង់បានកូនដូចនាង ក៏មិនបាន ក៏មានដែរ អីចឹងសំខាន់ថា តើការចាប់ដៃគ្នារវាងមនុស្ស២នាក់ ទៅមុខរួចឬយ៉ាងណា?

លីដា និយាយនៅថ្ងៃបង្ហាញខ្លួនអបអរសាទរលោកព្រាប សុវត្ថិ ចូល Galaxy កាលពីថ្ងៃទី២៥ ខែសីហា ថា រឿងរៀបការ នាងមិនចង់និយាយទុកជាមុនទេ ប៉ុន្ដែពេលដែលអាចធ្វើបាន គឺរៀបចំតែម្ដង។
អ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅឌុច លីដា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា តែតេចូល នាងមិនទទួលឡើយ ទើបមិនអាចដឹងពីរឿងនាងរៀបការដោយតក់ក្រហល់ ពេលកូវីដ-១៩ មិនទាន់ស្ងាត់នេះ។

ដោយឡែក លោកណាខុន ដែលជាអ្នកជិតដិតបំផុតជាមួយលីដា រហូតត្រូវគេសង្ស័យថា លោកជាឪពុករបស់កូនប្រុសតារាសម្ដែងរូបនេះថែមទៀតនោះ បានប្រាប់យ៉ាងខ្លីតាមទូរស័ព្ទថា លោកមិនបានដឹងដំណឹងពីរឿងលីដា រៀបការនោះទេ ព្រោះលោកកំពុងជាប់រវល់នៅកម្មវិធីមួយរបស់មិត្តភក្ដិ។
ថ្វីត្បិតតែឌុច លីដា ចង់លាក់រឿងនាងរៀបការនេះមែន ប៉ុន្ដែភស្ដុតាងដែលអាចបញ្ជាក់ថា តារារូបនេះពិតជាបានរៀបការកាលពីថ្ងៃទី១៩ វិច្ឆិកា មែន តាមរយៈហ្វេសប៊ុកមួយ ឈ្មោះថា Dee Danial (ប្ដីកំពីងរាជ) ដោយបានបង្ហោះរូបលីដា តែងខ្លួនក្នុងឈុតកូនក្រមុំយ៉ាងស្រស់ស្អាត អមដោយសារថា ”ពិធីក្រុងពាលី និងសូត្រមន្ដរបស់អូន @Lida-Duch”។

ចំណែកអ្នកផាត់មុខឲ្យលីដា ដែលបង្ហាញលេខទូរស័ព្ទនៅលើហ្វេសប៊ុកនោះ នៅពេលដែលអ្នកយកព័ត៌មានយើងទូរស័ព្ទសួររឿងឌុច លីដា រៀបការនោះ លោកថា មិនបានទៅ Make Up ឲ្យលីដា ផ្ទាល់ដៃទេ គឺមេលោកទៅផាត់មុខឲ្យលីដា ផ្ទាល់តែម្ដង។
អ្នកផាត់មុខរូបនោះ បានទទួលស្គាល់ថា លីដា ពិតជារៀបការមែន តែគិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែវិចិ្ឆកា នោះ លោកថា កម្មវិធីចប់អស់ហើយ។ លោកនិយាយដោយប្រុងប្រយ័ត្នថា ”លីដា រៀបការមែន តែធ្វើចប់អស់ហើយ អត់មានជប់លៀងអីទេ។ គាត់ធ្វើកាត់ៗហ្នឹង មិនធំដុំទេ។ មេខ្ញុំទៅផាត់មុខឲ្យគាត់ ខ្ញុំអត់បានទៅទេ អីចឹងមិនសូវដឹងរឿងគាត់រៀបការហ្នឹងដែរ”។

ឌុច លីដា ដែលលេចមុខថតភាពយន្ដយ៉ាងសកម្មនោះ បានធ្លាយរឿងមានកូនប្រុស កាលពីខែមករា ឆ្នាំ២០២០ ដែលពេលនេះកូនរបស់នាងមានអាយុជាង១០ខែហើយ ទើបមានដំណឹងថា នាងរៀបការស្ងាត់ៗនៅពេលនេះតែម្ដង។
យ៉ាងណា អ្នកផាត់មុខឲ្យលីដា នោះ មិនបានបញ្ចេញរូបស្វាមីរបស់លីដា នោះទេ ដែលប្រហែលជាលីដា អាចដាក់លក្ខខណ្ឌមិនឲ្យមានការថតរូបប្ដីនាង ឬចែកចាយលើបណ្ដាញសង្គម ទើបបិទជិតមុខប្ដីជិតបែបនេះ។

ទោះជាយ៉ាងណា មុនរៀបការនេះ លីដា បង្ហាញនូវជីវភាពធូរធា ដូចជា ទិញផ្ទះធំ , រថយន្ដFord តម្លៃជាង១០ម៉ឺនដុល្លារ និងLexus Nx200t ជាដើម៕ ហ៊ឹម វិចិត្រ