Saturday, August 16, 2025
Homeព័ត៌មានជាតិប្រជាពលរដ្ឋទើសភ្នែកនឹងសកម្មភាពបែបនេះ ក៏ចាប់ឲ្យសមត្ថកិច្ចតែម្តង

ប្រជាពលរដ្ឋទើសភ្នែកនឹងសកម្មភាពបែបនេះ ក៏ចាប់ឲ្យសមត្ថកិច្ចតែម្តង

ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនដឹងជាមានជម្លោះ ឬបញ្ហាអ្វីជាមួយនឹងស្ត្រីម្នាក់ ជាអ្នកកត់ឆ្នោតវៀតណាម ស្រាប់តែឈានដល់ការដកកាំភ្លើងភ្ជង់ស្ត្រីរូបនោះ បង្កឱ្យកើតមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ មិនពេញចិត្តទង្វើដកកាំភ្លើងសម្លុតគំរាមស្ត្រីភេទ ក៏នាំគ្នាព័ទ្ធចាប់មន្ត្រីនគរបាលរូបនោះ ប្រគល់ឱ្យសមត្ថកិច្ចមូលដ្ឋាន បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ។

សមត្ថកិច្ចខណ្ឌដង្កោ បានបញ្ជាក់ប្រាប់ថា មន្ត្រីនគរបាលដែលត្រូវបានឃាត់ខ្លួន សាកសួរនោះ មានឈ្មោះម៉ា ចាន់រិទ្ធី អាយុ៣៣ឆ្នាំ មានតួនាទីជានាយរងផ្នែក នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែកភាគីស្ត្រីរងគ្រោះ គឺជាអ្នកប្រកបរបរកត់ឆ្នោតវៀតណាម ស្នាក់នៅភូមិសាស្ត្រកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មិនដឹងថា ភាគីទាំងពីរ កើតមានជម្លោះ ឬបញ្ហាអ្វីនឹងគ្នានោះទេ ស្រាប់តែគេឃើញភាគីបុរសជាមន្ត្រីនគរបាលនោះ បានដកកាំភ្លើងភ្ជង់ស្ត្រីរងគ្រោះជាអ្នកកត់ឆ្នោតវៀតណាម ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោពេញកន្លែងកើតហេតុតែម្តង។ ក្រោយមក ដោយសារប្រជាពលរដ្ឋមូលដ្ឋាន ទើសភ្នែកនឹងទង្វើមន្ត្រីនគរបាលដែលដកកាំភ្លើងភ្ជង់គំរាមស្ត្រីភេទបែបនេះ ក៏នាំគ្នាព័ទ្ធចាប់មន្ត្រីនគរបាលរូបនេះ ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

តាមការបញ្ជាក់ពីសមត្ថកិច្ចខណ្ឌដង្កោ មន្ត្រីនគរបាលដែលឃាត់ខ្លួននោះ ត្រូវបានប្រគល់ឱ្យទៅអង្គភាពដើមវិញ ដោយសារ ស្ត្រីរងគ្រោះ មិនបានប្តឹងផ្តល់ គ្រាន់តែធ្វើឲ្យកិច្ចសន្យាបញ្ឈប់ទង្វើបែបនេះទៀតតែប៉ុណ្តោះ៕

RELATED ARTICLES