ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីនគរបាល បានជួបជុំមិត្តភក្តិសុទ្ធសឹងតែជាមន្ត្រីនគរបាលដូចគ្នា ផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែក ក៏ហុចបារី១ដើម ទៅឱ្យមិត្តភក្តិ តែចៃដន្យ របូតពីដៃជ្រុះទៅលើដី ក៏រើសបារីពីដីហុចឱ្យមិត្តភក្តិជក់ តែមិត្តភក្តិប្រកែកមិនព្រមយក ស្រាប់តែច្រឡោតខឹងដកកាំភ្លើងអាមេបញ្ចូលគ្រាប់ ភ្ជង់គំរាមបាញ់សម្លាប់មិត្តភក្តិ ដោយចោទថា មិត្តភក្តិមើលងាយខ្លួន ទីបំផុតជនរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។
ករណីប៉ូលិសស្រវឹង ដកកាំភ្លើងភ្ជង់គំរាមបាញ់សម្លាប់មិត្តភក្តិជាប៉ូលិសដូចគ្នានេះ បានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចវង់ផឹកស៊ីមួយកន្លែង ក្នុងភោជនីយដ្ឋានហ្ស៊ឹម ស្ថិតក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ លុះមកដល់ល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបង្ហើបប្រាប់ថា ជនសង្ស័យ មានឈ្មោះរ៉េត សុគន្ធ អាយុ២៦ឆ្នាំ ជាមន្ត្រីនគរបាលអន្តរាគមន៍ព្រែកឯង។ ចំណែកជនរងគ្រោះឈ្មោះប៉ុន សិទ្ធារាជ្យ អាយុ២៦ឆ្នាំ ជាមន្ត្រីប៉ូលិសដូចគ្នា។
ប្រភពដដែល បន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ជនសង្ស័យនិងជនរងគ្រោះជាមិត្តភក្តិនឹងគ្នា បាននាំគ្នាទៅផឹកស៊ី ក្នុងភោជនីយដ្ឋានមួយ ហ្ស៊ឹម ស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ជាមួយមិត្តភក្តិផ្សេងទៀត ប្រហែល១០នាក់។

លុះពេលផឹកស៊ីបានមួយសន្ទុះក្រោយមក ជនសង្ស័យឈ្មោះរ៉េត សុគន្ធ បានហុចបារីមួយដើម ទៅឱ្យជនរងគ្រោះឈ្មោះប៉ុន សិទ្ធារាជ្យ ប៉ុន្តែចៃដន្យអី ពេលហុចបារីនោះក៏បានរបូតដៃជ្រុះទៅលើដី ភ្លាមនោះជនសង្ស័យក៏ឱនរើសបារីដែលធ្លាក់ទៅលើដី ហុចទៅឱ្យជនរងគ្រោះ តែជនរងគ្រោះមិនព្រមយក ដោយចង់បានបារីថ្មី ធ្វើឱ្យជនសង្ស័យខឹងចោទថា ជនរងគ្រោះមើលងាយខ្លួន ក៏ទាញអាវុធខ្លីម៉ាក Lock19 ផលិតនៅសហរដ្ឋអាមេរិក ចេញពីកាបូបដាក់សម្ភារ:របស់ខ្លួន មកអាមេបញ្ចូលគ្រាប់ រួចភ្ជង់គំរាមបាញ់ទៅលើជនរងគ្រោះ ប៉ុន សិទ្ធារាជ្យ។ ប៉ុន្តែភ្លាមៗនោះ ក៏ត្រូវបានមិត្តភក្តិរួមតុជាមួយគ្នា បានឃាត់បំបែកចេញពីគ្នារៀងៗខ្លួន ហើយជនសង្ស័យបានរត់គេចខ្លួនបាត់ទៅ។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។ បន្ទាប់មក នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចបានតាមចាប់ខ្លួនជនសង្ស័យបានតែម្តង។
ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅសាកសួរតាមនីតិវិធី មុននឹងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕