អតីតតារាចម្រៀងហង្សមាស លោកព្រាប សុវត្ថិ ដែលក្លាយទៅជាអ្នកចម្រៀង Galaxy ជាង២ខែនេះ មានព័ត៌មានថា តម្លៃខ្លួនរបស់លោកនៅតែខ្ពស់វ៉ាដាច់អស់តារាចម្រៀងជួរមុខ ព្រោះច្រៀងតាមកម្មវិធីប្រគំតន្រ្ដីទូរទស្សន៍ ១កម្មវិធី ស៊ីថ្លៃដល់ទៅ២៥០០ដុល្លារ។ នេះបើតាមការបង្ហើបឲ្យដឹងពីអ្នកគ្រប់គ្រងកម្មវិធីប្រគំតន្រ្ដីម្នាក់ ដែលសុំមិនឲ្យដាក់ឈ្មោះ ។

អ្នកហៅតារាច្រៀង សម្ដែងលើឆាក CTN ជាច្រើនឆ្នាំមកហើយនោះថា បើកុំតែកូវីដ-១៩ ម្ល៉េះព្រាប សុវត្ថិ នៅតែត្រូវប៉ាន់ច្រៀងតាមខេត្តដូចមុនដដែល ហើយបើឡើងទូរទស្សន៍ម្ដង យក២៥០០ដុល្លារនោះ បានន័យថា ការច្រៀងឆាកធំៗនៅខេត្តព្រាប សុវត្ថិ ស៊ីថ្លៃមិនក្រោម៣០០០ដុល្លារនោះទេ។

លោកបង្ហើបឲ្យដឹងថា កន្លងមកលោកធ្លាប់ហៅតារាជួរមុខលំដាប់ Grade A ជាច្រើនដួងមកហើយ ដែលតម្លៃពួកគេប្រហាក់ប្រហែលគ្នា គឺច្រៀង១កម្មវិធី ៤ទៅ៥បទ ស៊ីថ្លៃ១០០០ដុល្លារ ប៉ុន្ដែមានតែព្រាប សុវត្ថិ ទេ ដែលនៅតែថ្លៃ១គុណជា២ដដែល។

ព្រាប សុវត្ថិ បានចេញបទចម្រៀងបុកលើទីផ្សារជាបន្ដបន្ទាប់ តាំងពីទៅរួមទ្រនំនៅ Galaxy ប៉ុន្ដែមហាជននៅតែមិនទាន់មានការគាំទ្រលោកខ្លាំងដូចកាលនៅហង្សមាស ឡើយ ព្រោះតាមបណ្ដាកម្មវិធីសិល្បៈជាច្រើន គេឃើញមានការនិយមចាក់ស្ដាប់ ឬច្រៀងតែបទព្រាប សុវត្ថិ ចាស់ៗនៅហង្សមាស ឡើងវិញ ខណៈដែលគូប្រជែងរបស់លោក គឺខេមរៈ សិរីមន្ដ កំពុងតែមានទឹកមាត់លេប ក្រោយផ្ទុះបទ”ពឺតៗ”។

យ៉ាងណា អ្នកជំនាញសិល្បៈ លោកនូ ស៊ិប បានអះអាងថា ព្រាប សុវត្ថិ គិតមកដល់ពេលនេះមិនទាន់ធ្លាក់ចុះទេ ហើយអាចល្បីល្បាញបាន១០ឆ្នាំទៅមុខទៀត អាស្រ័យលើកត្តាសុខភាពជាក់ស្ដែង ព្រោះព្រាប សុវត្ថិ ជាអ្នកចម្រៀងដែលមានលក្ខណៈចូលស្ដង់ដារអន្ដរជាតិ។

ប៉ុន្ដែមជ្ឈដ្ឋានមហាជនបានលើកឡើងថា ”រលកក្រោយ ច្រានរលកមុន” អីចឹងបើព្រាប សុវត្ថិ គ្មានបទផ្ទុះខ្លាំងដូចកាលនៅច្រៀងហង្សមាស ទេនោះ ខេមរៈ សិរីមន្ដ នឹងកាន់តែមានសង្ឃឹមខ្ពស់ក្នុងការកាន់កាប់តំណែងជំនួសព្រាប សុវត្ថិ នៅហង្សមាស ជាមិនខាន៕

