Saturday, August 16, 2025
Homeតារាខ្មែរអ្នកនាងសុគន្ធ និសា ខកចិត្ត ពេលមិត្តភក្តិរាប់ឆ្នាំម្នាក់ ប្តូរចិត្ត

អ្នកនាងសុគន្ធ និសា ខកចិត្ត ពេលមិត្តភក្តិរាប់ឆ្នាំម្នាក់ ប្តូរចិត្ត

សុគន្ធ និសា បានឲ្យដឹងថា បើសិនជាមាស សុខសោភា ចូលហង្សមាស គឺជារឿងល្អមួយចំពោះនាង ព្រោះជាមិត្តភក្ដិរាប់សិបឆ្នាំមកហើយ អីចឹងបើច្រៀងជាមួយគ្នាទៀតកាន់តែប្រសើរ។ នាងថា គ្មានបញ្ហាសម្រាប់នាងទេ ព្រោះស្គាល់គ្នាយូរហើយ អីចឹងបើធ្វើការជាមួយគ្នាក៏កាន់តែល្អដែរ តែនាងមិនដែលដឹងរឿងសោភា ចង់ចូលហង្សមាស ទេ។

ទោះជាមានការអះអាងបែបនេះពីសុគន្ធ និសា  ក្ដី ប៉ុន្ដែពេលនេះអ្វីៗបានប្រែប្រួលទៅហើយ ព្រោះតែមាស សុខសោភា បានបរាជ័យសាជាថ្មីម្ដងទៀត ក្នុងការចរចាជាមួយហង្សមាស ហើយមហាជនស្ទើរតែមិនគួរឲ្យជឿនោះ គឺនាងបានទៅចូលផលិតកម្មថ្មីមួយ ដែលគ្មានបទពិសោធន៍ទាល់តែសោះក្នុងការផលិតបទចម្រៀងពីមុននោះ គឺ Ream មានថៅកែស្រីឈ្មោះស្រីអូន ជាអ្នកលក់ផលិតផលតាមអនឡាញ។

មិនមែនតែសុគន្ធ និសា ម្នាក់ទេ ដែលស្វាគមន៍មាស សុខសោភា ក្នុងការចូលទ្រនំហង្សមាស នោះ កន្លងមកអ្នកមេម៉ាយពេជ្រ សោភា ក៏ថារីករាយផងដែរ បើបានច្រៀងរួមទ្រនំជាមួយគ្នា បើទោះជាអ្នកជំនាញសិល្បៈមើលឃើញថា បើសិនជាមាស សុខសោភា ទៅចូលទ្រនំធំនេះមែន អ្នកដែលប្រឈមជួបហានិភ័យ គឺពេជ្រ សោភា ក្ដី។

សុគន្ធ និសា ធ្លាប់ច្រៀងរួមគ្នាជាមួយមាស សុខសោភា នៅផលិតកម្មរស្មីស្ទឹងសង្កែ និងថោន ហើយមានតែរូបនាងម្នាក់ទេ ដែលចេញពីហង្សមាស ហើយទៅច្រៀងនៅផលិតកម្មនេះសាជាថ្មីម្ដងទៀត បានដូចពេលនេះ។

ទោះជាយ៉ាងណា ក្រោយមានស្វាមីមក សុគន្ធ និសា ហាក់ពិបាកប្រឈមទីផ្សារចម្រៀងដែលមានការប្រកួតប្រជែងគ្នាកាន់តែខ្លាំងក្លា ធ្វើឲ្យនាងមិនសូវមានភាពលេចធ្លោដូចមុនឡើយ បើទោះជាហង្សមាស នៅតែយកចិត្តទុកដាក់លើរូបនាង តាមរយៈការផ្ដល់បទចម្រៀងថ្មីៗជាបន្ដបន្ទាប់ និងឲ្យតំណែងជាតួឯកដល់ទៅ៤រឿងព្រមគ្នាក្ដី។ ប៉ុន្ដែនិសា ក៏មិនពឹងលើអាជីពចម្រៀងតែមួយមុខទៀតដែរ ព្រោះពេលនេះនាងមានហាងគុយទាវខ្ចប់ និងមុខរបរមួយចំនួន ក្រៅពីរកលុយពីសិល្បៈ។

សុគន្ធ និសា បានរៀបការកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ជាមួយលោកចៅ សម្បត្តិ អាណិកជនខ្មែរ​ មករដ្ឋឡូវែលល៍ សហរដ្ឋអាមេរិក ជានាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុនមែនញូឡាយហ្វ ប្រចាំកម្ពុជា។

ក្រោយមានប្ដីជិត៣ឆ្នាំនេះ និសា នៅតែមិនទាន់ពពោះទេ ហើយក៏មិនទាន់ទទួលបានសិទ្ធិចេញទៅរស់នៅអាមេរិក ស្របច្បាប់ (Visa) ដែរ ខណៈដែលស្វាមីនាងបានបើកសិទ្ធិឲ្យនិសា បន្ដប្រឡូកសិល្បៈដោយសេរី ទាំងច្រៀងនិងសម្ដែងភាពយន្ដដល់ទៅ៤រឿងជាប់គ្នា គឺ ”សិសិររដូវក្នុងបេះដូង”, ”រាជិនីភូមិគ្រឹះ”, ”ព្រះវេស្សន្ដជាតក” និងរឿង ”ចំណតថ្មីនៃសុភមង្គល”។

យ៉ាងណា កាលពីពាក់កណ្ដាលឆ្នាំ២០២០ នេះ និសា បានប្រាប់អ្នកយកព័ត៌មានយើងថានា ងបានសម្រេចចិត្តផ្អាកការថតភាពយន្ដហើយ ព្រោះតែអាយុកាន់តែច្រើន មិនសូវមានកម្លាំងដូចមុន តែអាជីពចម្រៀង គឺនៅតែបន្ដរដដែល។ នាងថា ចំពោះរឿងយកកូនវិញ នាងអាចនឹងពពោះនៅឆ្នាំ២០២១ ខាងមុខនេះហើយ ព្រោះថាតាំងពីក្រោយរៀបការភ្លាមៗម្ល៉េះ ចាស់ទុំទាំងសងខាងបានជំរុញឲ្យយកកូន តែនាងនិងស្វាមី ចង់បានកូនទៅតាមគម្រោងត្រឹមត្រូវ ទើបពន្យារពេលដល់ទៅ៣ឆ្នាំបែបនេះ៕

                                                                                                ហ៊ឹម វិចិត្រ

RELATED ARTICLES