ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងបានសម្រេច យកទៅផ្ញើនៅកន្លែងទទួលផ្ញើម៉ូតូមួយកន្លែង ក្បែរមន្ទីរពេទ្យកាល់ម៉ែត ហើយម្ចាស់តាមរកតាមប្រព័ន្ធ GPS ឃើញម៉ូតូ ក៏ប្តឹងសមត្ថកិច្ចមូលដ្ឋាន និងចាំឃ្លាំមើលពេលជនសង្ស័យមកយកម៉ូតូវិញ ខណៈដែលជនសង្ស័យកំពុងអូសម៉ូតូចេញ ឃើញសមត្ថកិច្ច ក៏រត់ឡើងម៉ូតូបក្ខពួកគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកន្លែងផ្ញើម៉ូតូ ក្បែរមន្ទីរពេទ្យកាល់ម៉ែត ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ម្ចាស់ម៉ូតូឈ្មោះយុន វិរៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមម្ចាស់ម៉ូតូ បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយត្រឡប់មកពីធ្វើការវិញ ខ្លួនបានយកម៉ូតូម៉ាកហុងដាប៊ីត ពណ៌ក្រហម ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ 2IM.3686 ទុកក្នុងផ្ទះ ដោយចាក់សោត្រឹមត្រូវ លុះម៉ោង៧ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ រូបគេក្រោកពីដេក ទើបដឹងថា ចោរលួចម៉ូតូយកទៅបាត់។

ម្ចាស់ម៉ូតូ បានឱ្យដឹងបន្តថា ក្រោយពីដឹងបាត់ម៉ូតូ គាត់បានប្តឹងសមត្ថកិច្ចមូលដ្ឋាន រួចតាមរកម៉ូតូខាងលើ តាមប្រព័ន្ធ GPS ដឹងតម្រុយទីតាំង ហើយក៏បានឃើញម៉ូតូនៅកន្លែងផ្ញើម៉ូតូក្បែរមន្ទីរពេទ្យកាល់ម៉ែត ក៏ប្តឹងសមត្ថកិច្ចមូលដ្ឋានចាំឃ្លាំមើល លុះដល់រសៀលថ្ងៃដដែល ឃើញជនសង្ស័យចូលមកយកម៉ូតូ ក៏ស្រែកចោរនិងដេញចាប់ ពេលនោះជនសង្ស័យឃើញសមត្ថកិច្ចមកដល់ បានរត់គេចខ្លួនឡើងជិះម៉ូតូ បក្ខពួកដែលកំពុងបញ្ឆេះចាំទៅបាត់តែម្តង។
បើតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១២:៣០នាទី មានជនរងគ្រោះ២នាក់ ស្រីម្នាក់ប្រុសម្នាក់បានមកទីស្នាក់ការប៉ុស្តិ៍ដើម្បីសុំកិច្ចសហការទៅយកម៉ូតូនៅកន្លែងផ្ញើក្រោយមន្ទីរពេទ្យកាល់ម៉ែត្រ ផ្លូវ៨០ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ឮ
ពេលនោះលោកវរសេនីយ៍ត្រី កាន់ វណ្ណៈ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានដឹកនាំកម្លាំងមកធ្វើការត្រួតពនិត្យលើពាក្យបណ្តឹងរបស់ជនរងគ្រោះ បានឃើញថា ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលអូរបែកក្អម ពីករណីចោរលួចម៉ូតូហុងដាប៊ីត ពណ៌ក្រហម ដែលមានស្លាកលេខ 2IM.3686 ដែលត្រូវចោរលួច ហើយយកមកផ្ញើទុកនៅក្រោយមន្ទីរពេទ្យកាល់ម៉ែត្រ ពេលនោះលោកនាយប៉ុស្តិ៍ក៏បានតេទៅប្រាប់អ្នកទទួលខុសត្រូវកន្លែងផ្ញើរម៉ូតូ បើឃើញជនណាម្នាក់មកយកម៉ូតូដែលមានភិនភាគដូចខាងលើសូមកុំឲ្យយកចេញ និងត្រូវរាយការណ៍មកសមត្ថកិច្វ ។
បន្ទាប់ពីទទួលបានឯកសារគ្រប់គ្រាន់ពីម្ចាស់ម៉ូតូ លោកនាយប៉ុស្តិ៍បានទៅសុំដកហូតម៉ូតូពីកន្លែងផ្ញើប្រគល់ឲ្យជនរងគ្រោះវិញតែម្តង ៕