Saturday, August 16, 2025
Homeព័ត៌មានជាតិអរពេលបានមកដល់ផ្ទះវិញ តែបានមួយរយៈ ក៏ចូលទៅវិញ

អរពេលបានមកដល់ផ្ទះវិញ តែបានមួយរយៈ ក៏ចូលទៅវិញ

ខេត្តកណ្តាល ៖ ក្មេងស្ទាវឈាមរាវម្នាក់ទើបនឹងចេញពីពន្ធនាគារថ្មីៗ នៅមិនសុខ បានអុកឡុកផ្ទះវាយបំផ្លាញរបស់ទ្រព្យគ្មានសល់ និងថែមទាំងគំរាមសម្លាប់បងស្រីបង្កើតខ្លួនឯង រហូតដល់បងស្រីលែងហ៊ានរស់នៅជាមួយ បានរត់ចេញពីផ្ទះបាត់ បន្ទាប់មក ជនកំណាចរូបនេះចេះតែព្យាយាមបង្ករឿងគំរាមសម្លាប់អ្នកជិតខាងម្នាក់ ដែលរស់នៅផ្ទះទល់មុខគ្នា រហូតដល់ជនរងគ្រោះទ្រាំលែងបាន ប្តឹងសមត្ថកិច្ចឱ្យចាប់អូសកជនសង្ស័យរូបនេះយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សា និងគំរាមសម្លាប់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃស្រុកកោះធំ។

ជនរងគ្រោះមានឈ្មោះស៊្រុន លាងហ៊ី ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអាន រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ។

រីឯវត្ថុតាងចាប់យក រួមមាន កាំបិតប៉័ងតោ ប្រវែង៣០សង់ទីម៉ែត្រ ១ដើម ដំបងឫស្សី ១ដើម ប្រវែង ២២០ សង់ទីម៉ែត្រ៣ និងអំបែងកែវ ព្រមទាំងអំបែងចានមួយចំនួនទៀត។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កន្លងមកក្រោយពីឈ្មោះអាន រដ្ឋា បានចេញពីមណ្ឌលកែប្រែបន្សាបគ្រឿងញៀន ត្រឡប់មកផ្ទះវិញ គឺបានវាយបំផ្លាញរបស់របរក្នុងផ្ទះរបស់ខ្លួនខូចខាតគ្មានសល់ និងតែងបោះសម្តីគំរាមសម្លាប់ រហូតដល់បងស្រីបានរត់ចេញពីផ្ទះបាត់ ដោយខ្លាចប្អូនប្រុសកំណាចនេះសម្លាប់ចោល។

ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះអាន រដ្ឋា បានកាន់កាំបិតមកឈរខាងមុខផ្ទះឈ្មោះស៊្រុន លាងហ៊ី ហើយបានស្រែកគំរាមថា អញនឹងសម្លាប់ចោលមួយពូជ ហើយឈ្មោះ អាន រដ្ឋា ក៏ដើរត្រឡប់ទៅផ្ទះវិញបាត់ទៅ។ ក្រោយមក មុនពេលកើតហេតុថ្មីៗនេះ ជនសង្ស័យតែងតែយកអំបែងកែវ អំបែងចាន គប់ចូលទៅខាងមុខផ្ទះរបស់ជនរងគ្រោះ និងនិយាយគំរាមកំហែងដល់អាយុជីវិតក្រុមគ្រួសារជនរងគ្រោះជាបន្តបន្ទាប់ តែខាងក្រុមគ្រួសារជនរងគ្រោះពុំតបតអ្វីទេ។

រហូតដល់វេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ពេលឈ្មោះលាងហ៊ី ចាន់នេត ត្រូវជាកូនស្រីរបស់ជនរងគ្រោះរៀបនឹងដើរចេញពីផ្ទះទៅទិញម្ហូប ស្រាប់តែឈ្មោះអាន រដ្ឋា បានចុះមកពីលើផ្ទះរបស់ខ្លួនដែលនៅទល់មុខផ្ទះគ្នា បានទាញដំបងឫស្សី ១ដើម គប់ចូលទៅរកកូនស្រីជនរងគ្រោះ តែពុំត្រូវនិងបានស្រែកគំរាមថា នឹងអារកសម្លាប់ចោលទាំងអស់គ្នា។ ក្រោយមកនៅរសៀលថ្ងៃដដែល ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកជ្រៃ តែម្តង។

ក្រោយពីទទួលបានបណ្តឹងភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ បានចុះស្រាវជ្រាវភ្លាមៗដល់កន្លែងកើតហេតុ រួចបានឃាត់ខ្លួនជនសង្ស័យយកមកកាន់ប៉ុស្តិ៍រដ្ឋបាល និងបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ តែម្តង៕

RELATED ARTICLES