Saturday, August 16, 2025
Homeតារាខ្មែរស្ងាត់ៗ អ្នកនាងកាតុ ទទួលបានតំណែងពិសេសពីលោកស្រីទ្រី ដាណា

ស្ងាត់ៗ អ្នកនាងកាតុ ទទួលបានតំណែងពិសេសពីលោកស្រីទ្រី ដាណា

អ្នកនាងសុខ ច័ន្ទធីតា ហៅកាតុ បានឲ្យដឹងថា អ្នកនាងទើបតែទទួលបានតំណែងជាគណៈកម្មការក្នុងកម្មវិធីប្រលងចម្រៀងសំនៀងពេជ្រ “NNP” ដែលមានម្ចាស់កម្មវិធីជាថៅកែលក់ពេជ្រ អ្នកស្រីទ្រី ដាណា ហើយកម្មិធីនោះនឹងចាប់ផ្ដើមធ្វើការជម្រុះ ចាប់ពីថ្ងៃទី២៥ដល់២៧ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកស្រីទ្រី ដាណា និងស្វាមី

អ្នកនាងកាតុ បានឲ្យដឹងថា ក្រៅពីរូបនាង ក៏នៅមានគណៈកម្មការ២រូបផ្សេងទៀត ត្រូវចាប់ដៃគូជាមួយនាងដែរ គឺលោកសូ ស្រណោះ ដែលជាគ្រូបង្ហាត់ព្យ៉ាណូ និងតារាចម្រៀង លោកហេង ពិទូ។

លោកស្រី ទ្រី ដាណា

តារាពូកែវោហាស័ព្ទរូបនេះ បានឲ្យដឹងទៀតថា ថៅកែលក់ពេជ្រ ទ្រី ដាណា បានបង្កើតកម្មវិធីនេះឡើងក្នុងគោលបំណងដើម្បីឲ្យអ្នកដែលមានសមត្ថភាពចង់បញ្ចេញទេពកោសល្យរបស់ខ្លួននៅឆាកតន្រ្ដីបាន ហើយកម្មវិធីនោះមានរយៈពេល២ខែ គឺការជម្រុះធ្វើនៅផ្សារទំនើបអ៊ីអន២ ខណៈដែលវគ្គផ្ដាច់ព្រ័ត្រធ្វើនៅទូរទស្សន៍ PNN នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

អ្នកនាង សុខ ច័ន្ទធីតា ហៅកាតុ

អ្នកនាងកាតុ បានឲ្យដឹងថា ម្ចាស់កម្មវិធីចង់ទទួលពាក្យត្រឹមតែ៤០០០នាក់ទេ ប៉ុន្ដែអ្វីដែលមិនគួរឲ្យជឿនោះ គឺពេលនេះមានអ្នកដាក់ពាក្យចូលប្រលងចំនួនដល់ទៅជាង២ម៉ឺននាក់ទៅហើយ ខណៈដែលត្រូវយកអ្នកឈ្នះពាន តែពីលេខ១ ដល់លេខ៣ ហើយម្ចាស់ពានលេខ១ បានទទួលប្រាក់រង្វាន់នូវទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ។

អ្នកនាងបន្ថែមថា មុនក្លាយទៅជាគណកម្មការកម្មវិធីនេះ កន្លងមកអ្នកនាងធ្លាប់ធ្វើជាគណៈកម្មការក្នុងកម្មវិធី “ពេញចិត្តឬអត់?” របស់ទូរទស្សន៍ MyTV និងកម្មវិធី “មេក្រូដោះបំណុល” របស់ទូរទស្សន៍បាយ័ន ផងដែរ។

ក្រៅពីត្រៀមបង្ហាញខ្លួនធ្វើជាគណៈកម្មការឲ្យថៅកែលក់ពេជ្រ នោះ អ្នកនាងកាតុ បានឲ្យដឹងដែរថា ពេលនេះនាងនៅតែជាតារាចម្រៀងរបស់ផលិតកម្មថោន ដដែលទេ បើទោះជាមុននេះ មាស សុខសោភា និងខេម ចេញពីថោន ក្ដី តែអ្នកនាងគ្មានគម្រោងផ្លាស់ប្ដូរទ្រនំឡើយ។ អ្នកនាងថា ដោយសារតែកូវីដ-១៩នេះ នាងក៏ដូចជាតារាសិល្បៈផ្សេងទៀតដែរ គឺបាត់ប្រាក់ចំណូលមួយផ្នែកធំតែម្ដង ព្រោះបើដូចឆ្នាំមុនៗវិញ នៅខែ១១នេះ គឺនាងកំពុងតែមមាញឹកចេញច្រៀងសម្ដែងពេញទំហឹងតែម្ដង។

ប៉ុន្ដែអ្នកនាងកាតុ បញ្ជាក់ថា ប្រាក់ចំណូលសិល្បៈរបស់នាងនៅតែមានជាហូរហែ ព្រោះពេលនេះនាងទទួលបានការធ្វើជាទូតសុច្ឆន្ទៈឲ្យផលិតផលមួយចំនួនដែរ។

អ្នកនាងអះអាងថា តាមការព្យាករណ៍របស់នាងផ្ទាល់ គឺការងារសិល្បៈអាចនឹងដំណើរការមកជាប្រក្រតីវិញ គឺនៅឆ្នាំ២០២២ ព្រោះអ្នកនាងគិតថា នៅឆ្នាំ២០២១នេះ ក៏នៅតែមិនទាន់ល្អដូចមុនវិញដែរ។

អ្នកនាងសុខ ច័ន្ទធីតា ហៅកាតុ បានរៀបការជាមួយលោកគង់ សុគន្ធា ហៅខ្យង កាលពីឆ្នាំ២០០៧ ដែលក្រោយចាប់ដៃគ្នា១៣ឆ្នាំនេះ អ្នកទាំង២ ទទួលបានចំណងដៃកូនស្រីម្នាក់ ឈ្មោះគង់ សុណានជីង អាយុជាង៦ឆ្នាំ។

គូស្នេហ៍សិល្បៈតារា១គូនេះ មានជីវភាពធូរធាដោយមានរថយន្ដទំនើបៗជិះ និងបានឡើងផ្ទះវីឡាតតម្លៃ៣០ម៉ឺនដុល្លារ នៅបុរីជីបម៉ុងលែនទី១ ផ្លូវជា សុផារ៉ា កាលពីថ្ងៃទី១២​​ខែ មីនា ឆ្នាំ២០២០។

ប៉ុន្ដែអ្នកនាងកាតុ ថា ការមានកូន១ មិនទាន់គ្រប់គ្រាន់ឡើយសម្រាប់គ្រួសាររបស់អ្នកនាង ទើបនាងរៀបគម្រោងយកកូនទី២ ដោយចង់បានកូនប្រុស តែតាមហោរាថា អ្នកនាងមិនអាចយកកូនឆ្នាំនេះបានទេ គឺទាល់តែពពោះឆ្នាំ២០២១ សម្រាលឆ្នាំ២០២២ ទើបល្អ។

តារាពហុជំនាញរូបនេះ បានឲ្យដឹងដែរថា នាងជឿលើហោរាសាស្រ្ដ ៥០% អីចឹងនឹងត្រៀមយកកូនទី២ តាមគម្រោងការនៅឆ្នាំ២០២២ ខាងមុខនេះហើយ ដើម្បីធ្វើឲ្យគ្រួសារកាន់តែមានភាពកក់ក្ដៅថែមទៀត៕ ហ៊ឹម វិចិត្រ

RELATED ARTICLES