Friday, August 15, 2025
Homeព័ត៌មានជាតិសន្យារកការងារឲ្យធ្វើ ១ថ្ងៃ បាន៩ម៉ឺនរៀល ពេលទៅដល់ អស់ទូរស័ព្ទ១គ្រឿង

សន្យារកការងារឲ្យធ្វើ ១ថ្ងៃ បាន៩ម៉ឺនរៀល ពេលទៅដល់ អស់ទូរស័ព្ទ១គ្រឿង

ភ្នំពេញ ៖ បុរសម្នាក់បានប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទំនប់ទឹក ឱ្យជួយចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលប្រើល្បិចបោក ដោយសន្យានាំទៅធ្វើការនៅផ្សារនាគមាស ដោយប្រាប់ជនសង្ស័យថា អាចរកលុយបានក្នុង១ថ្ងៃ ពី៨ទៅ៩ម៉ឺនរៀល តែពេលទៅដល់ ជនសង្ស័យបានខ្ចីទូរស័ព្ទដៃ ធ្វើជានិយាយ ហើយយកគេចខ្លួនបាត់ស្រមោលអស់រយៈពេល៨ថ្ងៃ ទើបប្រទះឃើញ។

ការចាប់ឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។ យុវជនជាជនសង្ស័យមាន ឈ្មោះអ៊ីង ពៅ អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិព្រៃកប្បាស ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ។ ចំណែកឯជន រងគ្រោះមានឈ្មោះអុក រ៉ា អាយុ៣៤ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតនៅស្រុកកំរៀង ខេត្ត បាត់ដំបង។

បុរសរងគ្រោះបានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមក ខណៈដែលរូបគាត់ មកដេកកំដរប្អូនវះកាត់នៅមន្ទីរពេទ្យរុស្ស៊ី ហើយដោយសារតែជីវភាពខ្វះខាតអត់លុយកាក់ចាយ ក៏មកនិយាយទូរស័ព្ទរកការងារធ្វើខាងក្រៅ ក៏ស្រាប់តែជនសង្ស័យមិនដឹងជាមកពីណា មកអង្គុយស្តាប់ពីខាងក្រោយ។ ភ្លាមនោះក៏បានធ្វើជានិយាយសួរនាំ ហើយប្រាប់ថា រូបគេស្គាល់កន្លែងធ្វើការនៅឯផ្សារនាគមាស ក្នុង១ថ្ងៃ អាចរកលុយបានចាប់ពី៨ទៅ ៩ម៉ឺនរៀល ហើយក៏បាននាំគ្នាទៅ។

បុរសរងគ្រោះបានប្រាប់បន្តទៀតថា ពេលដែលទៅដល់ផ្សារនាគមាសនោះ បុរសជាជនសង្ស័យក៏បានខ្ចីទូរស័ព្ទដៃរបស់គាត់ម៉ាក OPPO និយាយរួចហើយក៏ឱ្យមកវិញ បន្តិចក្រោយមកក៏ខ្ចីនិយាយម្តងទៀត ដោយនិយាយបណ្តើរដើរបណ្តើរ ហើយក៏គេចខ្លួនបាត់ស្រមោលតែម្តង ដោយយកទាំងអត្តសញ្ញាណប័ណ្ណរបស់គាត់ ជាប់នៅក្នុងស្រោមទូរស័ព្ទ ទៅជាមួយផងដែរ។

ជនសរងគ្រោះបន្ថែមថា លុះដល់រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ស្រាប់តែបានឃើញមុខម្តងទៀត នៅក្នុងមន្ទីរពេទ្យរុស្ស៊ី ក៏ប្តឹងកម្លាំងមានសមត្ថកិច្ចឱ្យជួយចាប់ឃាត់ខ្លួនតែម្តង ដោយពួកគាត់ពីមុនមកមិនដែលស្គាល់គ្នាឡើយ ដោយត្រូវបានជននេះប្រាប់ថា មកមើលបងប្អូនឈឺដេកនៅទីនេះ ដូចគាត់ដែរ ទើបជឿនិងទុកចិត្ត។

ក្រោយពីធ្វើការចាប់ឃាត់នាំមកដល់នគរបាលប៉ុស្តិ៍ទំនប់ទឹក ធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា រូបគេពិតជាបានយកទូរស័ព្ទដៃរបស់បុរសរងគ្រោះប្រាកដមែន និងយកទៅបញ្ចាំនៅម្តុំផ្លូវ២០០២ បានលុយចំនួន៧០ដុល្លារ។

ដោយសារតែករណីនេះ កើតនៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ទើបប្រគល់ឱ្យទៅខាងខណ្ឌ ទួលគោកវិញ ដើម្បីចាត់ការទៅតាមនីតិវិធីជាបន្ត៕

RELATED ARTICLES