Friday, August 15, 2025
Homeតារាខ្មែរវ៉ាន់ នីឡា សង្ឃឹមមិនខកចិត្តស្លៀកឈុតកូនក្រមុំ ដូចលើកទី១

វ៉ាន់ នីឡា សង្ឃឹមមិនខកចិត្តស្លៀកឈុតកូនក្រមុំ ដូចលើកទី១

ស្រីស្រស់វ៉ាន់ នីឡា តារាកំប្លែងរបស់ CTN ចង់រៀបការនៅដើមឆ្នាំ២០២១ ខាងមុខនេះ បន្ទាប់ពីបានលើកពេលធ្វើកូនក្រមុំម្ដងរួចទៅហើយ កាលពីខែឧសភា ឆ្នាំ២០១៩ ដោយសារតែផ្ទុះកូវីដ-១៩។

កញ្ញាវ៉ាន់ នីឡា និងគូដណ្តឹង

យ៉ាងណា ពេលនេះ រាជរដ្ឋាភិបាល បានបើកឲ្យមានកម្មវិធីមង្គលការដំណើរការឡើងវិញហើយ ដែលធ្វើឲ្យតារាៗដែលគ្រោងរៀបការ ដូចជា អាន គុណកូឡា, ម៉ា នីកា ជាដើម ដែលចង់រៀបការឆាប់ៗនោះ បានត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាកូនកំលោះក្រមុំ ពិសេសគឺអ្នកកំប្លែងរូបស្អាត វ៉ាន់ នីឡា តែម្ដង ដែលអាចគ្រងឈុតកូនក្រមុំមែនទែន បានដោយលែងខកចិត្តជាថ្មីម្ដងទៀតហើយ។

វ៉ាន់ នីឡា បានភ្ជាប់ស្នេហ៍ជាមួយលោកស៊ុត សក្ការៈ ដែលជាកូនប្រុសរបស់អ្នកស្រីសរ មុន្នីរស្មី ភរិយាថ្មីរបស់លោកព្រីង សំរួច ហៅព្រីង ច័ន្ទបុត្រ ឬនាយចេក  ទើបធ្វើឲ្យនីឡា ត្រូវហៅនាយចេក ថាជា ”ប៉ាក្មេកៗ”។

កូនក្រមុំរបស់លោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ ដែលជាអ្នកដឹកនាំក្រុមកំប្លែងរបស់ CBS រូបនេះ​​ ធ្លាប់បានភ្ជាប់ពាក្យជាមួយលោកផន រង្សី កូនថៅកែវង្សល្ខោន ភី សុគន្ធី តែបានប្រេះឆាកណ្ដាលផ្លូវ ហើយលោករង្សី បានទៅរៀបការប្រពន្ធថ្មីនៅខេត្តតាកែវ តាំងពីឆ្នាំមុន។

ដោយឡែក នីឡា ក្រោយរកបានម្ចាស់ចិត្តថ្មី នាងបានសរសើរលោកសក្ការៈ ថាជាបុរសល្អម្នាក់ដែលចេះយល់ចិត្តនាងច្បាស់ពីអាជីពសិល្បៈ ដោយលោកមិនដែលប្រចណ្ឌនាងក្នុងការលេងសិល្បៈឡើយ បើទោះជាមានឈុតឱបថើបនៅលើឆាក ក៏អនាគតស្វាមីរបស់នាងមិនប្រកាន់ដែរ ព្រោះលោកគិតថា នោះគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ។

នីឡា ថា ពេលនេះការរៀបមង្គលការ គឺនៅលើខាងក្រុមគ្រួសារនាងទេ ជាអ្នកកំណត់ ខណៈដែលខាងសាច់ញាតិអនាគតស្វាមីរបស់នាង ចាំតែធ្វើតាមខាងស្រីប៉ុណ្ណោះ។

ក្រៅពីត្រៀមគ្រងឈុតជាកូនក្រមុំនោះ វ៉ាន់ នីឡា ថា នាងនៅតែទទួលថតសម្ដែងភាពយន្ដដូចមុន ឲ្យតែមានគេហៅ និងត្រូវថ្លៃគ្នា។ ប៉ុន្ដែនាងថា អាជីពពិធីការិនីនិងចម្រៀងនាងបានឈប់ទៅហើយ ដោយផ្ដោតតែលើអាជីពកំប្លែងនៅ CTN គ្មានគម្រោងវិលទៅធ្វើពិធីការិនី និងច្រៀងវិញឡើយ៕

លោកតា វុិចទ័រ និងវ៉ាន់ នីឡា
RELATED ARTICLES