ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពអាកាសធាតុនៅប្រទេសកម្ពុជា ដោយបញ្ជាក់ថា នារដូវរំហើយ ចាប់ពីខែធ្នូ ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១ ខាងមុខ ស្ថានភាពធាតុអាកាសនឹងចុះត្រជាក់ជាងឆ្នាំមុន ដោយបណ្តាខេត្តខ្លះអាចចុះត្រជាក់ដល់១៦អង្សាសេ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នោះ មានខ្លឹមសារទាំងស្រុងថា “ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា តាមរយៈការតាមដាននិងការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុ បង្ហាញឱ្យឃើញថា ដោយសារឥទ្ធិពលនៃបាតុភូត ឡានីណា (Lanina) បានធ្វើឱ្យជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន រុញចុះមកក្រោមខ្លាំង និងគ្របដណ្តប់មកលើកម្ពុជា។]

តាមការព្យាករលក្ខណៈបែបនេះ នឹងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ក្នុងរដូវរំហើយខាងមុខនេះ (ខែធ្នូ ឆ្នាំ២០២០-ខែមករា ឆ្នាំ ២០២១) ស្ថានភាពធាតុអាកាស នឹងចុះត្រជាក់ជាងបណ្តាឆ្នាំកន្លងទៅ។
១-ធាតុអាកាសនឹងចាប់ផ្តើមចុះត្រជាក់លើកទី១ ដោយចាប់ពីសប្តាហ៍ទី១ ខែធ្នូ ដល់សប្តាហ៍ទី៣ ខែធ្នូ ឆ្នាំ២០២០។ នៅក្នុងអំឡុងពេលនោះ មានថ្ងៃមួយធាតុអាកាសអាចនឹងចុះត្រជាក់ ពីមធ្យមទៅបង្គួរ ក្នុងនោះមាន ៖
-បណ្តាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី១៨ Ċ ទៅ២១ Ċ។

-បណ្តារាជធានី ខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៩ Ċ ទៅ ២២ Ċ។
២-ធាតុអាកាសនឹងចុះត្រជាក់លើកទី២ ដោយចាប់ពីសប្តាហ៍ទី៤ ខែធ្នូ ឆ្នាំ២០២០ ដល់បំណាច់ខែមករា ឆ្នាំ២០២១។ ក្នុងអំឡុងពេលនោះ ធាតុអាកាស នឹងចុះត្រជាក់ខ្លាំង និងត្រជាក់យូរច្រើនថ្ងៃ ក្នុងនោះមាន ៖
-បណ្តាខេត្តនៅភាគខាងលើ ក្នុងភូមិ-សាស្ត្រជាប់តំបន់ភ្នំ និងតំបន់ខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមា អាចនឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៦Ċ ទៅ ១៩ Ċ។
-បណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា នៅក្នុងរង្វង់ពី ១៨ Ċ ទៅ ២១ Ċ។

យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន សូមជ្រាបជាព័ត៌មាន។
ក្រសួងធនធានទឹក និងឧតុនិយម បាននឹងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូមិធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល”៕