ខេត្តបាត់ដំបង ៖ យុវជនឈាមរាវចំនួន២នាក់ ដែលបានធ្វើសកម្មភាពស្ទាក់វ៉ៃប្លន់នារីម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីជិត១ខែមុន ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងសមត្ថកិច្ចក្រុងបាត់ដំបង និងស្រុកថ្មគោល ធ្វើការឃាត់ខ្លួនបាន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ តាមអំណាចដីការបស់ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តបាត់ដំបង។
ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ ទី១- ឈ្មោះទិត្យ រ៉ូហ្សែត ហៅហ្សិត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ និងទី២- ឈ្មោះទោម សម្បត្តិ ហៅឆាយ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយលោកវរសេនីយ៍ឯក លឹមពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដាក់វិធានការដល់លោកវរសេនីយ៍ឯក ឈឿងគឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង និងស្រុកថ្មគោល នាំខ្លួនខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សាលើជនរងគ្រោះ តាមដីលេខ១០៤២ ត.ព្រ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ និងដីកាលេខ១០៤៣ត.ព្រ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោកចាប តុលា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង។
តាមការបញ្ជាក់ឱ្យដឹងពីសមត្ថកិច្ច កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ មានករណីលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សាលើជនរងគ្រោះ (ស្ទាក់វ៉ៃប្លន់នារីម្នាក់) បានកើតឡើងនៅចំណុចភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យទាំង២នាក់ខាងលើ បានព្យាយាមរត់គេចខ្លួនអស់រយៈពេលជិត១ខែ ទីបំផុតត្រូវសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនបាន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រោយការឃាត់ខ្លួន ការិយាល័យជំនាញ បានរៀបចំឯកសារ បញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕