ភ្នំពេញ ៖ ក្មេងរើសអេតចាយមួយក្រុមបាននាំគ្នាដុតសំរាមចោលនៅក្នុងឃ្លាំងឡានចាស់មួយកន្លែង ដែលត្រូវបានទុកចោល បណ្តាលឱ្យកើតជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងយប់ ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅជួយបាញ់ទឹកពន្លត់ភ្លាមៗ។
ហេតុការណ៍អគ្គិភ័យឆេះឃ្លាំងឡានចាស់ទុកចោលខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចឃ្លាំងចាស់មួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ១០៥ ភូមិ១សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។

ឃ្លាំងដែលទទួលរងការឆាបឆេះទាំងយប់នោះ គឺជាប្រភេទសំណង់ចាស់ ពីមុនគឺឃ្លាំងលក់ និងជួសជុលរថយន្ត សង់ពីដែកប្រក់ដំបូលស័ង្កសី។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា ទីតាំងដែលត្រូវអគ្គិភ័យឆាបឆេះខាងលើនេះ គឺជាឃ្លាំងលក់និងជួសជុលរថយន្ត ត្រូវបានគេទុកចោលជាយូរមកហើយ ដោយនៅមានសម្ភារ:សេសសល់ចាស់ៗ ពុំសូវមានតម្លៃតែប៉ុណ្ណោះ។ ចំណែកប្រព័ន្ធភ្លើងក៏នៅមានប្រើធម្មតាផងដែរ។

ប្រភពដដែល បានឱ្យដឹងបន្តថា នៅយប់កើតហេតុ គេឃើញមានក្មេងរើសអេតចាយ ១ក្រុម បាននាំគ្នាចូលទៅក្នុងឃ្លាំងខាងលើ ក្រោយមកក៏បានដុតសំរាមនៅក្នុងនោះ ទើបធ្វើឱ្យកើតជាអគ្គិភ័យឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យប្រជាពលរដ្ឋផ្អើលឆោឡោយ៉ាងខ្លាំង រួចក៏ទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារបង្ការពន្លត់អគ្គិភ័យ ឱ្យចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗតែម្តង។
ក្រោយទទួលបានព័ត៌មានខាងលើភ្លាម មន្ត្រីសាលាខណ្ឌ៧មករា បានចេញរថយន្តពន្លត់អគ្គិភ័យ១គ្រឿង ទៅដល់កន្លែងកើតហេតុ និងបានរាយការណ៍សុំអន្តរាគមន៍ពីកម្លាំងជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញរថយន្តពន្លត់អគ្គិភ័យ ចំនួន៤គ្រឿង មកជួយបាញ់ទឹកពន្លត់ភ្លាមៗ ដោយមានកម្លាំងចម្រុះជាច្រើននាក់ បានសហការគ្នាយ៉ាងយកចិត្តទុកដាក់ជួយបាញ់ទឹកពន្លត់ រហូតដល់ភ្លើងបានរលត់ទៅវិញទាំងស្រុង។

នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ មានការចូលរួមអន្តរាគមន៍ពីរថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៤ឡាន ស្មើនឹង ១៦ម៉ែត្រគូប។
រថយន្តជំនួយ រួមមាន រថយន្តពន្លត់អគ្គិភ័យវិមានភ្នំពេញ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន១ឡាន ស្មើនឹង៤ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌ៧មករា ចំនួន ១គ្រឿង ប្រើប្រាសអស់១ឡាន ស្មើ៤ម៉ែត្រគូប និងបានពន្លត់ចប់ជាស្ថាពរនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃដដែល។
យ៉ាងណា ហេតុការណ៍អគ្គិភ័យខាងលើនេះ មិនបានឆ្លងរាលដាលដល់ផ្ទះប្រជាពលរដ្ឋរស់នៅជិតខាងនោះទេ និងមិនបង្កឱ្យអ្នកណាម្នាក់ទទួលរងគ្រោះថ្នាក់នោះដែរ៕