ភ្នំពេញ ៖ ទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទមួយកន្លែង ដែលបានធ្វើការផ្សព្វផ្សាយផុលផុសតាមប្រព័ន្ធហ្វេសប៊ុកនោះ ត្រូវបានសមត្ថកិច្ចចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនបុរសម្នាក់ដែលអះអាងថាជាសន្តិសុខ នាំទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។

ហេតុការណ៍ចុះបង្ក្រាបនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចទីតាំងម៉ាស្សាយីហោ ដាយមិន ម៉ាស្សា (Diamond Massage) ផ្ទះលេខ៤៨C ផ្លូវលេខ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ គឺដឹកនាំផ្ទាល់ដោយលោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ រួមជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយមន្ទីរទេសចរណ៍ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកសុខ ពេញវុធ បានប្រាប់ថា យោងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺ COVID-19 ទីតាំងម៉ាស្សាទាំអអស់ដែលស្ថិតក្នុងខណ្ឌដូនពេញ គឺមិនអនុញ្ញាតឲ្យមានការបើកដំណើរការឡើយ គឺត្រូវបិទ ទាល់តែមានសេចក្តីប្រកាសជាថ្មីពីក្រសួង ប៉ុន្តែទីតាំងម៉ាស្សាមួយកន្លែងនេះ បានលួចបើកដំណើរការ ល្មើសនឹងបទបញ្ជារបស់អាជ្ញាធរ ត្រូវបិទទីតាំងជាស្ថាពរតែម្ដង។

គួរបញ្ជាក់ថា មុនឈានដល់ការបិទទីតាំងម៉ាស្សាបង្កប់ផ្លូវភេទខាងលើនេះ គេបានឃើញកន្លែងម៉ាស្សានេះ បានបង្ហោះរូបភាពស្រីស្អាតៗជាច្រើនសន្លឹក លើបណ្តាញទំនាក់ទំនងសង្គម ឈរទន្ទឹមគ្នា ហើយរូបភាពខ្លះមានស្រីស្អាតដេកក្នុងទឹកទៀតផង៕
