ខេត្តត្បូងឃ្មុំ ៖ ឈ្មួញឈើម្នាក់ ប្រចាំឃុំជំនីក ស្រុកក្រូចឆ្មារ បានលួចដឹកជញ្ជួនឈើ ពីខេត្តក្រចេះ ចំនួន៣ទូក ដែលមួយទូកៗមានចំណុះចាប់ពី១៥ទៅ២០ម៉ែត្រត្រីគុណ មកលាក់ក្នុងទន្លេមេគង្គ ម្តុំផ្សារជំនីក ស្រុកក្រូចឆ្មារ ដើម្បីយកមកចែកចាយលក់បន្ត។ ប៉ុន្តែនៅពេលសមត្ថកិច្ចចុះទៅបង្ក្រាបជាក់ស្តែង រកឃើញឈើតែជាងបីម៉ែត្រត្រីគុណប៉ុណ្ណោះ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ ផ្សារជំនីក បានឱ្យដឹងថា កាលពីវេលាម៉ោងប្រហែល ៧ ទៅ៨ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ សាច់ញាតិឈ្មួញឈើ ឈ្មោះសា រំលី បានដឹកជញ្ជួនឈើប្រភេទលេខ១ និងលេខ២ ចំនួន៣ទូក គឺទូកនីមួយៗបានចងឱបបាច់ឈើសងខាងបណ្តែតទឹក ពីតំបន់កោះខ្ញែរ ខេត្តក្រចេះ មករក្សាទុកនៅកំពង់ទឹក ខាងមុខផ្សារជំនីក។
ប្រភពព័ត៌មាននោះ បានឱ្យដឹងបន្តថា ប៉ុន្តែនៅពេលចូលដល់ចំណុចកំពង់ទឹក ឈ្មួញម្នាក់នេះបានប្រើល្បិចកាត់ទម្លាក់ក្រសោបឈើចំនួន២ទូក ហើយឱ្យទូកពីរគ្រឿងនោះ បើកឡើងសំដៅទៅទិសខេត្តក្រចេះ ដឹកឈើបន្ថែមទៀត ដោយទុកទូកឈើ១គ្រឿង ដើម្បីលើកឡើងគោក លក់ចែកចាយបន្ត។
ប្រភពដដែល បន្តទៀតថា ទូកឈើមួយគ្រឿងនោះបានទុកនៅកំពង់ទឹកដដែលនោះ រហូតដល់រសៀលថ្ងៃទី២៥ វិច្ឆិកា ត្រូវអ្នកសារព័ត៌មានថតបានរូបភាព ប្តឹងឱ្យសមត្ថកិច្ច ចាត់ការតាមច្បាប់។

ក្រោយពីមានបណ្តឹង ខាងមន្ត្រីរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ បានសុំការសហការបង្ក្រាបបទល្មើសព្រៃឈើ គឺប្រមាណ២ម៉ោងក្រោយបណ្តឹង ទើបឃើញវត្តមានមន្ត្រីនគរបាលប៉ុស្ត៍ឃុំជំនីក ទៅដល់ ខណៈស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលនេះ នៅចម្ងាយពីកន្លែងកើតហេតុ ប្រហែល៥០០ម៉ែត្រប៉ុណ្ណោះ។
ប្រភពខាងលើ បានបន្ថែមថា ប៉ុន្តែអ្វីដែលគួរឱ្យហួសចិត្តបំផុត គឺលោកស្លេះ ម៉ាត់ មេឃុំជំនីក បានយកសំណើរបស់ម្ចាស់ឈើឈ្មោះសា រំលី ជាសាច់ញាតិតាលី តាមរយៈមេភូមិបន្ទាយ លោកស្មាន សុខព្រី និងលោកសា កូប មេឃុំជំនីកស្តីទី សុំទៅនាយផ្នែករដ្ឋបាល ព្រៃឈើឆ្លូង ខេត្តក្រចេះ មកបង្ហាញប្រាប់សមត្ថកិច្ច គឺក្នុងសំណើនោះ ឈើមានចំនួន៣០ម៉ែត្រត្រីគុណ ដើម្បីធ្វើផ្ទះ គឺលោកស្លេះ ម៉ាត់ ជាមេឃុំ ថាអ្នកសរសេរសំណើច្រឡំ តាមពិតសំណើឈើ តែចំនួន៣ម៉ែត្រត្រីគុណប៉ុណ្ណោះ។ ចំណែកឈើមួយទូកដែលចតនៅកំពង់នោះ ត្រូវបានសមត្ថកិច្ចអនុញ្ញាតឱ្យម្ចាស់ទូកជម្លៀសចេញ យកលេសថា យកទៅចាក់ប្រេង។
លោកសា រំលី ជាម្ចាស់ឈើ រងការចោទប្រកាន់ បានបកស្រាយនៅថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២០ ថា ឈើចំនួន៣ម៉ែត្រគូបជាង ដែលសមត្ថកិច្ចមេព្រៃវាស់វែងនោះ គឺលោកបានទៅទូទាត់អ្នកជំពាក់ប្រាក់ឪពុកក្មេករបស់លោកនៅឯភ្នំសុព័រកាឡី ខេត្តក្រចេះ។ ចំណែក ឈើចំនួន៣០ម៉ែត្រគូប ក្នុងសំណើទៅខាងមេព្រៃឆ្លូង ខេត្តក្រចេះ គឺលោកនៅមិនទាន់បានប្រមូលទិញបានទេ។
ម្ចាស់ឈើ បានបកស្រាយទៀតថា ចំណែកការចោទប្រកាន់ថា បានជម្លៀសឈើចេញពីកំពង់ទូក មុនសមត្ថកិច្ចមកដល់ និងចោទថា ខាងលោកបានកាត់ក្រសោបឈើទម្លាក់លាក់ទុកក្នុងទន្លេ ចំនួន២ទូក គឺជាការចោទប្រកាន់ខុសស្រឡះ ដោយលោកហ៊ានស្បថឲ្យស្លាប់ចោលប្រពន្ធកូនទៀតផង។

ដោយឡែក លោកស្លេះ ម៉ាត់ មេឃុំជំនីក បានបញ្ជាក់ថា ទូកឈើរបស់ឈ្មោះសា រំលី ដែលបានឃើញជាក់ស្តែងតែមួយទូកទេ។ ដោយឡែក ក្រៅពីនោះ លោកអត់ដឹងទេ គឺមួយទូកនេះបានសុំខាងលោក យកមកសាងសង់ផ្ទះ មិនមែនធ្វើអាជីវកម្មទេ។ ចំណែកសំណើសុំដាក់ធ្វើផ្ទះចំនួន៣០ម៉ែត្រគូបនោះ គឺក៏លើសបរិមាណនៃការសាងសង់ផ្ទះដែរ។
លោកសាន់ សុខវ៉ាន់ នាយរងសង្កាត់រដ្ឋបាលព្រៃឈើក្រូចឆ្មារ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៦ វិច្ឆិកា ក្រុមការងារបានចុះមកវាស់វែងឈើមួយទូក និងរុករាវរកតាមព័ត៌មានថា មានលាក់ក្រសោបឈើចំនួន២ទូក បន្ថែមទៀត ក្នុងទន្លេនោះ។ ជាលទ្ធផល បានរកឃើញឈើជាក់ស្តែង ក្នុងទូក១គ្រឿងនោះ ចំនួន៣៤១០ម៉ែត្រគូប ជាប្រភេទឈើលេខ២ ឈើទាល ហើយចំនួនឈើពីរទូក ថាលាក់ទុកក្នុងទន្លេនោះ រុករាវរកមិនឃើញទេ។
លោកនាយរង បានបន្តថា បញ្ហាសំណើខាងម្ចាស់ឈើ បានស្នើតាមរយៈអាជ្ញាធរភូមិ-ឃុំនោះ ជាសំណើខុសច្បាប់ គឺមេឃុំ មិនមានសិទ្ធិអនុញ្ញាតឯកភាពលើការដឹកជញ្ជូនអនុផលព្រៃឈើបានទេ។ ប៉ុន្តែឈើចំនួនជាង៣ម៉ែត្រគូបខាងលើ ថ្នាក់លើបានសម្រេចប្រគល់ឱ្យ ម្ចាស់ឈើ សា រំលី ដោយសារមានសំណើសុំពីខាងអាជ្ញាធរស្រុកនិងឃុំ ឱ្យសាងសង់ផ្ទះតាមសំណើ៕