ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្តឹងរបស់ជនរងគ្រោះពីបទឆបោកតាមបណ្តាញសង្គមហ្វេសប៊ុក ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះខ្នា វ៉ាន់ណារ៉ា អាយុ២៩ឆ្នាំ មុខរបរបើកបរ នៅភូមិសេរីសុខា ឃុំដំណាក់អម្ពិល ស្រុកអង្គស្នួល។ ចំណែកជនរងគ្រោះមានឈ្មោះឃួន គន្ធា ភេទស្រី អាយុ៤១ឆ្នាំ មុខរបរអ្នកលក់ទូរស័ព្ទអនឡាញ នៅភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ។
យោងតាមប្រភពពីដើមបណ្តឹង បានបញ្ជាក់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ គាត់បានឡាយលក់ទូរស័ព្ទតាមហ្វេសប៊ុកឈ្មោះ Srey pin online shops ពេលនោះជនសង្ស័យបានចូលមើលក្នុងផេកនោះ ហើយបានឃើញមានអតិថិជនទិញទូរស័ព្ទ ម៉ាក iPhone 7plus មួយគ្រឿង តាមផេក។
បន្ទាប់មក ជនសង្ស័យបានប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Srey pin online shops ដែលខ្លួនបានបង្កើតទុកនោះឆាតទៅអតិថិជនឱ្យផ្ញើលុយតាមវីង ហើយផ្ញើលេខកូដវីង ចូលក្នុងឆាតហ្វេសប៊ុករបស់ខ្លួន។ នៅពេលទទួលបានលេខកូតវីង ពីអតិថិជនហើយ ជនសង្ស័យបានយកហ្វេសប៊ុកឈ្មោះ Khmeng Khmer ផ្ញើលេខកូដវីងនោះ ទៅក្នុងផេកឈ្មោះ Srey pin online shops ជារបស់ជនរងគ្រោះ ហើយជនសង្ស័យបានដាក់លេខទូរស័ព្ទរបស់ខ្លួន (093 356455) ជាអ្នកទទួលរបស់វិញ។

ក្រោយពីជនរងគ្រាះទទួលបានលេខកូតវីងហើយ ជនរងគ្រោះក៏បានផ្ញើទូរស័ព្ទនោះតាមរថយន្តតាក់ស៊ី ទៅឱ្យ។ រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១០ព្រឹក មានអតិថិជនបានទៅដល់ហាងលក់ទូរស័ព្ទ ហើយនិយាយថា មិនឃើញផ្ញើទូរស័ព្ទឱ្យគាត់សោះ ទើបជនរងគ្រោះដឹងថាមានគេបោក។
ដើមបណ្តឹង បានបន្តថា លុះមកដល់វេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះបានទាក់ទងតាមលេខទូរស័ព្ទរបស់ជនសង្ស័យថា ផ្ញើទូរស័ព្ទម៉ាក oppo ទៅឱ្យមួយគ្រឿងទៀត ហើយបានណាត់កន្លែងជួបគ្នានៅផ្លូវជាតិលេខ៤ មុខផ្សារ ថ្នល់ទទឹង ទើបជនរងគ្រោះឃាត់ខ្លួនជនសង្ស័យមកប្រគល់ឱ្យសមត្ថកិច្ចតែម្តង។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថា ខ្លួនបានធ្លាប់បោកតាមបណ្តាញសង្គមហ្វេសប៊ុកនេះ បានចំនួន៤ដងមកហើយ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕