តារាសម្ដែងរូបសង្ហា លោកណាខុន ដែលក្រមុំៗជាច្រើនលង់ស្នេហានោះ ស្រាប់តែធ្វើឲ្យនាងៗខកចិត្ត ដោយសារតែលោកបានសម្រេចចិត្តទៅភ្ជាប់ស្នេហ៍ជាមួយអ្នកមេម៉ាយកូន១ ទ្រព្យស្ដុក ដោយពេលនេះពួកគេបានហៅគ្នាថា ជាប្ដីប្រពន្ធទៀតផង។

តាមព័ត៌មានថា ណាខុន ត្រូវបានគូស្នេហ៍រំអុកសុំរៀបការ តែអ្នកសម្ដែងរូបនេះហាក់ស្ទាក់ស្ទើរក្នុងចិត្ត ព្រោះតែខ្លាចប៉ះពាល់ដល់អាជីពសិល្បៈ បន្ទាប់ពីលោកទើបបានក្រុងពលីថតរឿងថ្មី ”ស្រមោលជីវិត”។

ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោកណាខុន និយាយដោយខ្លីថា លោកមិនចង់និយាយរឿងស្នេហា និងរៀបការ ឬពីអត្តសញ្ញាណរបស់គូស្នេហ៍នោះទេ គឺទុកឲ្យមហាជនតាមដានទៅចុះ។

ណាខុន ប្រាប់ថា ឆ្នាំនេះលោកមានវ័យ៣២ឆ្នាំទៅហើយ អីចឹងអាចគិតគូររឿងរៀបការ ចន្លោះពី២ទៅ៣ឆ្នាំខាងមុខទៀត។ ប៉ុន្ដែនៅពេលដែលអ្នកយកព័ត៌មានយើងសួរថា តើអនាគតភរិយារបស់លោកជាស្រ្ដីមេម៉ាយកូន១ ដូចការលេចឮមែនឬអត់នោះ? លោកថា សូមមិនបកស្រាយលើរឿងនេះឡើយ។

តាមព័ត៌មានថា ណាខុន បានស្រលាញ់កូនប្រុសរបស់គូស្នេហ៍ ដូចជាកូនបង្កើតលោកដែរ ហេតុនេះហើយបានជាធ្វើឲ្យអ្នកមេម៉ាយទ្រព្យស្ដុកនោះ កាន់តែទុកចិត្តប្រុសក្មេងរូបនេះថែមទៀត។

ប្រភពបានឲ្យដឹងថា សង្សាររបស់ណាខុន ដែលលោកហៅថាជា ”ប្រពន្ធៗ” ពេញៗមាត់នោះ ជាជំនួយការរបស់លោកជំទាវអគ្គនាយករបស់ទូរទស្សន៍មួយ។

ព័ត៌មានបានឲ្យដឹងដែរថា ណាខុន ក្រោយក្លាយទៅជាគូស្នេហ៍របស់អ្នកមេម៉ាយដ៏មានឥទ្ធិពលនោះ ទោះជាលោកមិនលេងសិល្បៈ ក៏មិនខ្វះលុយចាយដែរ ព្រោះស្រ្ដីរូបនោះអាចឲ្យប្រុសក្មេងរូបសង្ហា សោយសុខលើគំនរទ្រព្យ ដោយមិនបាច់បារម្ភរឿងហានិភ័យសេដ្ឋកិច្ចឡើយ។

ប៉ុន្ដែទោះជាណាខុន ហៅគូស្នេហ៍ថា ជាប្រពន្ធៗក្ដី តែលោកនៅតែមិននិយាយថា ពេលណានឹងដឹកដៃម្ចាស់ចិត្តក្រាបផ្ទឹមឡើយ ខណៈដែលគូស្នេហ៍លោកក៏មិនប្រចណ្ឌហួងហែងរឿងណាខុន នៅតែបន្ដចាប់អាជីពសិល្បៈ ដោយលេងឈុតឱបថើបជាមួយតារាសម្ដែងស្រីជាច្រើនដួងនោះដែរ៕


