Thursday, August 14, 2025
Homeព័ត៌មានជាតិនាងចេញផុតបន្តិច ស្រាប់តែធ្វើសកម្មភាពតាមក្រោយ សំណាងគេឃើញទាន់

នាងចេញផុតបន្តិច ស្រាប់តែធ្វើសកម្មភាពតាមក្រោយ សំណាងគេឃើញទាន់

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានអ្នកមើលការខុសត្រូវកន្លែងផ្ញើម៉ូតូ រួមនឹងពលរដ្ឋព័ទ្ធចាប់ប្រគល់ឱ្យសមត្ថកិច្ចវ៉ៃខ្នោះ បន្ទាប់ពីជននេះយកម៉ូតូខ្លួនយ៉ាងកញ្ចាស់ទៅផ្ញើ ហើយបន្លំអូសម៉ូតូថ្មីរបស់គេចេញ តែមិនបានសម្រេច ត្រូវគេដឹងទាន់ កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ទីតាំងផ្ញើម៉ូតូមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋាន បានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចក្របួចបានវ៉ៃខ្នោះនៅក្នុងករណីបន្លំលួចនេះ មានឈ្មោះសួន ប៊ុន្នី អាយុ៤២ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះដែលជាម្ចាស់ម៉ូតូ មានឈ្មោះម៉ែន ចន្ទសុខារី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួលសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានបើកម៉ូតូយកទៅផ្ញើនៅកន្លែងកើតហេតុដូចសព្វដង ហើយបានដើរចេញទៅបាត់ ចំណែកជនសង្ស័យបានយកម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ស៊េរីចាស់ មកធ្វើជាដាក់ផ្ញើនៅទីតាំងផ្ញើម៉ូតូនោះដែរ ហើយស្រាប់តែបន្លំដូរយកម៉ូតូថ្មីរបស់ជនរងគ្រោះ អូសចេញក្រៅ។

ស្របពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាពបណ្តើរម៉ូតូជនរងគ្រោះចេញ ត្រូវបានអ្នកមើលការនៅទីនោះឃើញ ក៏ស្រែកផ្អើលឆោឡោតាមចាប់ជនសង្ស័យបានភ្លាមៗ រួចរាយការណ៍ជូនសមត្ថកិច្ចឱ្យមកក្របួចវ៉ៃ ខ្នោះយកទៅសួរនាំ។

ក្រោយទទួលបានព័ត៌មាននេះ ភ្លាមៗនោះ កម្លាំងរបស់ប៉ុស្តិ៍រដ្ឋបាលកាកាប២ បានចុះមកក្របួចជនសង្ស័យយកទៅកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES