ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានព្រមានចំពោះអ្នកបិទស្លាក ឬប័ណ្ណផ្សព្វផ្សាយព័ត៌មាន ចង់ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មនៅតាមទីសាធារណៈ ដែលនាំឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈប៉ះពាល់សោភ័ណភាព និងបរិស្ថានក្នុងរាជធានីភ្នំពេញ ដោយឱ្យអាជ្ញាធរមូលដ្ឋាន ចាប់អប់រំផាកពិន័យ ធ្វើកិច្ចសន្យា ប្រមូលសម្អាត ហើយករណីធ្ងន់ធ្ងរ នឹងអាចបញ្ជូនទៅតុលាការទៀតផង។

រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចេញសេចក្តីជូនដំណឹងព្រមានពិន័យដល់គ្រប់អង្គភាព ស្ថាប័នឯកជន វិទ្យាស្ថានអប់រំ អង្គការ សមាគម និងក្រុមហ៊ុននានា ឱ្យបញ្ឈប់ជាបន្ទាន់នូវការបិទផ្សាយបណ្ណព័ត៌មាន ការចងផ្ទាំងផ្សាយអនាធិបតេយ្យ ការចែកខិត្តប័ណ្ណផ្សេងៗ និងប្រើឧបករណ៍បំពងសំឡេងផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមទីសាធារណៈ រួចមកហើយ។

ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែមានអង្គភាព ស្ថាប័នឯកជន វិទ្យាស្ថានអប់រំ ក្រុមហ៊ុននានា បន្តចងផ្ទាំងប៉ាណូផ្សព្វផ្សាយអនាធិបតេយ្យ ចែកខិត្តប័ណ្ណ តាមភ្លើងស្តុប និងបិទស្ទីកគ័រ ផ្សាយព័ត៌មាន ប័ណ្ណផ្សាយពាណិជ្ជកម្ម នៅតាមបង្គោលភ្លើង ដើមឈើ របងអគារសាធារណៈ របងការដ្ឋាន រមណីយដ្ឋាន គូរគំនូរអាហ្វីស ការប្រើប្រាស់ឧបករណ៍បំពងសំឡេង ផ្សព្វផ្សាយពាណិជ្ជកម្ម ការដង្ហែក្បួនផ្សព្វផ្សាយ ផលិតផលផ្សេងៗនៅតាមរថយន្ត ម៉ូតូ រ៉ឺម៉ក និងការដាក់ឆត្រតាមដងផ្លូវសាធារណៈចែក ស៊ីមកាត ព្រមទាំងចែកខិត្តប័ណ្ណផ្សេងៗ ដែលបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សោភណភាព សណ្តាប់ធ្នាប់សាធារណៈ អនាម័យ និងបរិស្ថានក្នុងរាជធានីភ្នំពេញ ដដែល។

ដោយមើលឃើញពីបញ្ហានេះ ទើបពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងរាជធានីភ្នំពេញ រួមមាន រដ្ឋបាលខណ្ឌ សាលាសង្កាត់ និងនគរបាលប៉ុស្តិ៍ រដ្ឋបាល ត្រូវយកចិត្តទុកដាក់សហការឃ្លាំមើល និងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះជនដែលបានប្រព្រឹត្តនូវសកម្មភាពអវិជ្ជមានទាំងនេះ ហើយត្រូវធ្វើការអប់រំ ឬតម្រូវឱ្យចុះកិច្ចសន្យាចំពោះមុខសមត្ថកិច្ចឱ្យបានច្បាស់លាស់ក្នុងការបញ្ឈប់សកម្មភាព ព្រមទាំងតម្រូវឱ្យចុះប្រមូលឱ្យបានស្អាតនូវសម្ភារៈ ដែលបានបង្កឱ្យបាត់បង់សោភណភាព និងរបៀបរៀបរយសង្គម។

រដ្ឋបាលសាលារាជធានីភ្នំពេញ បញ្ជាក់ថា ក្នុងករណីមិនរាងចាល ត្រូវធ្វើការផាកពិន័យ ទៅតាមស្ថានទម្ងន់ទោសដែលសាមីជនបានប្រព្រឹត្ត ឬផ្អាកអាជីវកម្ម ហើយក្នុងករណីធ្ងន់ធ្ងរត្រូវបញ្ជូនខ្លួនទៅតុលាការថែមទៀត៕