Thursday, August 14, 2025
Homeតារាខ្មែរយុវជនស្រឡាញ់ធនធានធម្មជាតិសរសើរ មាស សុខសោភា តារារះមិនចេះលិច

យុវជនស្រឡាញ់ធនធានធម្មជាតិសរសើរ មាស សុខសោភា តារារះមិនចេះលិច

ភ្នំពេញ ៖ យុវជនស្រឡាញ់ធនធានធម្មជាតិនិងបរិស្ថាន បានសម្តែងនូវការកោតសរសើរចំពោះតារាចម្រៀងល្បី មាស សុខសោភា ថាជាតារារះមិនចេះលិច គឺរះក្នុងចិត្តខ្លួនឯង និងរះក្នុងចិត្តសាធារណជនដែលស្រលាញ់ធនធានធម្មជាតិរបស់ខ្មែរ ។

លោកម៉ា ចិត្រា យុវជនស្រឡាញ់ធនធានធម្មជាតិ និងជាសកម្មជនបរិស្ថាន បានសរសេរនៅក្នុងគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ថា “ខ្ញុំមើលឃើញថា បងស្រីមាស សុខសោភា ជាតារាដែលមិនចេះលិច គឺរះជានិច្ច រះក្នុងចិត្តខ្លួនគាត់ផ្ទាល់ និងរះក្នុងចិត្តសាធារណជនដែលស្រលាញ់ធនធានធម្មជាតិរបស់ខ្មែរ“ ។ 

លោកម៉ា ចិត្រា យុវជនស្រឡាញ់ធនធានធម្មជាតិ និងជាសកម្មជនបរិស្ថាន

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកម៉ា ចិត្រា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ថា ការដែលលោកលើកសរសើរតារាចម្រៀង​មាស សុខសោភា ជាតារារះជានិច្ច មិនចេះលិចនោះ គឺលោកចង់សំដៅទៅលើកិត្តិយសនិងសេចក្ដីក្លាហានរបស់តារាល្បីរូបនេះក្នុងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងបរិស្ថាន ដូច្នេះបើសិនជាតារាចម្រៀងរូបនេះនៅតែបន្តឆន្ទៈក្នុងការចូលរួមការការពារធនធានធម្មជាតិព្រៃឈើ ក៏ដូចជាបរិស្ថាន លោកនៅតែចាត់ទុកថា ជាតារាដែលរះជានិច្ច ។

លោកម៉ា ចិត្រា បានមានប្រសាសន៍ថា “សម្រាប់ទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ តាមការដែលខ្ញុំមើលឃើញពីដើមមក គឺគាត់ជាតារាម្នាក់ ក្នុងចំណោមតារាផ្សេងទៀត ដែលគាត់បានចំណាយពេលវេលារបស់គាត់ ទៅចូលរួមក្នុងការការពារព្រៃឈើ អ៊ីចឹងហើយ បានខ្ញុំសរសេរដូច្នោះ ព្រោះអីមិនមែនទើបតែនៅភ្នំត្នោត ទេ កន្លងមក នៅខាងឱរ៉ាល់ អីហ្នឹង គាត់បានទៅចូលរួមការដាំដើមឈើ ក៏ដូចជាចូលរួមក្នុងការផ្សព្វផ្សាយពីសារប្រយោជន៍នៃព្រៃឈើ ដល់ពលរដ្ឋសហគមន៍អីជាដើម ហើយកន្លងមកទៀតហ្នឹង ក៏ឃើញគាត់មានភាពក្លាហានមួយ តាមខ្ញុំចាំ ដូចជាឆ្នាំ២០១៨ ដែលគាត់បានទៅជួបថ្នាក់ដឹកនាំរដ្ឋហ្នឹង ហើយគាត់ក៏បានស្នើសុំឲ្យរក្សាបឹងតាមោក ។

អាហ្នឹងដែលខ្ញុំឃើញថា ឆន្ទៈរបស់គាត់ គឺល្អសម្រាប់ខ្លួនគាត់ ហើយក៏សម្រាប់ប្រយោជន៍ដល់សាធារណជន ។ ដូច្នេះតារារះជានិច្ច មិនចេះលិច ចំណុចហ្នឹង ខ្ញុំចង់សំដៅទៅលើកិត្តិយសរបស់គាត់ សេចក្ដីក្លាហានរបស់គាត់ អ៊ីចឹងបើសិនជាគាត់នៅតែបន្តឆន្ទៈរបស់គាត់ ក្នុងការចូលរួមការការពារព្រៃឈើ ក៏ដូចជាបរិស្ថានហ្នឹង ខ្ញុំចាត់ទុកគាត់ថា ជាតារាដែលតែងតែរះជានិច្ច ។ រះជានិច្ចហ្នឹង ខ្ញុំក៏គិតថា បើសិនជាមើលក្នុងពេលឥឡូវនេះ មិនទាន់មានអ្នកណា (តារា) ធ្វើបានដូចគាត់ទេ ប៉ុន្តែនៅថ្ងៃខាងមុខ អាហ្នឹងខ្ញុំមិនអាចទស្សន៍ទាយបានដែរ”។

លោកម៉ា ចិត្រា បន្តថា “បាទ! ខ្ញុំមើលទៅ គឺជាទឹកចិត្ត ឆន្ទៈរបស់គាត់ផ្ទាល់ ក្នុងការចូលរួមការការពារព្រៃឈើនេះ ។ ដូច្នេះចំពោះការឲ្យតម្លៃ ខ្ញុំនៅតែឲ្យតម្លៃ មិនថាតែគាត់ទេ សម្រាប់ពលរដ្ឋខ្មែរគ្រប់រូប ដែលបានចូលរួមក្នុងកិច្ចការពារព្រៃឈើ ការពារបរិស្ថាន សម្រាប់ពលរដ្ឋកម្ពុជាយើងទាំងអស់គ្នា ។ បានន័យថា ក្នុងការចុះទៅដល់ភ្នំត្នោត ខេត្តព្រះវិហារ នោះ ខ្ញុំមើលឃើញថា វាជារឿងល្អ ហើយបើសិនជាគាត់ទៅកន្លែងផ្សេងៗទៀត ដូចជាព្រៃឡង់ ព្រៃព្រះរកា និយាយរួមទៅ ឲ្យតែព្រៃឈើដែលច្បាប់យើងការពារថា ទៅជាតំបន់ការពារហ្នឹង អ៊ីចឹងយើងត្រូវតែចូលរួមការពារ ហើយសង្ឃឹមថា គាត់នឹងបានចូលរួមធ្វើការនៅកន្លែងផ្សេងទៀត ដើម្បីមានប្រយោជន៍សម្រាប់ពួកយើង ហើយសង្ឃឹមថា ប្រជាពលរដ្ឋ នឹងគាំទ្រគាត់កាន់តែខ្លាំងឡើង អាចថាអ៊ីចឹងក៏បាន ព្រោះមិនថាជនណាម្នាក់ មិនថាខ្មែរ ឬក៏បរទេស ឲ្យតែគាត់ធ្វើការបម្រើខ្មែរ ខ្ញុំគិតថា ខ្មែរ នឹងកោតសរសើរ ហើយនិងលើកទឹកចិត្ត ក៏ដូចជាការគាំទ្រគាត់ ឲ្យគាត់បន្តកិច្ចការពារទៅមុខទៀត ។ ជាមួយនេះ ខ្ញុំសូមលើកទឹកចិត្តដល់តារាផ្សេងៗទៀត ឲ្យគាត់ចូលរួមការពារ ដូចអ្នកនាងមាស សុខសោភា ដើម្បីជាប្រយោជន៍សម្រាប់ពួកគាត់ផង សម្រាប់យើងទាំងអស់គ្នាដែរ” ។

លោកម៉ា ចិត្រា បន្តទៀតថា “បាទ! សម្រាប់ខ្ញុំផ្ទាល់ ចំពោះគាត់ គឺខ្ញុំអរគុណមែនទែន ដែលគាត់បានចំណាយពេលវេលាដ៏មានតម្លៃ ពីកិច្ចការងារផ្ទាល់ខ្លួនរបស់គាត់ ហើយគាត់បានទៅចូលរួមសកម្មភាពសម្រាប់ប្រយោជន៍ខ្ញុំផង សម្រាប់ប្រយោជន៍ពលរដ្ឋយើងគ្រប់រូបផង ហើយជូនពរគាត់ ឲ្យគាត់មិនមានជួបនឹងគ្រោះថ្នាក់ ឬក៏មិនមានការគំរាមកំហែង ឬក៏ដាក់សម្ពាធពីខាងណាមួយ”។

គួរបញ្ជាក់ថា ថ្មីៗនេះ អង្គការ USAID ក្នុងកម្មវិធី “ព្រៃឡង់បៃតង” បានដឹកនាំយុវជនមួយក្រុម ដែលជាជ័យលាភីក្នុងការប្រកួតវីដេអូស្តីអំពីបរិស្ថាន រួមជាមួយនឹងតារាចម្រៀងល្បីឈ្មោះ អ្នកនាងមាស សុខសោភា ទៅទស្សនកិច្ចសិក្សានៅដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពក ស្ថិតក្នុងខេត្តព្រះវិហារ ។

នៅក្នុងដំណើរទស្សនកិច្ចសិក្សានោះ លោកបេន (Ben) ដែលជាស្ថាបនិករបស់ @BeTreedAdventure ដែលមានផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ និងជាអ្នកការពារនៅក្នុងដែនជម្រកសត្វព្រៃ នោះ ដែលសហការជាមួយក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ បានផ្តល់បទបង្ហាញដល់អ្នកចូលរួម ពីជីវចម្រុះ កិច្ចការអភិរក្ស សកម្មភាពលើកកម្ពស់ជីវភាពសហគមន៍ និងសកម្មភាពអេកូទេសចរណ៍ នៅក្នុងតំបន់នេះ។

ក្រៅពីរីករាយជាមួយនិងសកម្មភាពអេកូទេសចរណ៍សំខាន់ៗ ដែលរួមមាន ការជិះខ្សែរ៉តឆ្លងភ្នំ ការទស្សនាសត្វព្រៃ ការលំហែអារម្មណ៍ជាមួយនឹងព្រៃឈើ និងការជជែកគ្នាលេងក្រោមពន្លឺភ្នក់ភ្លើង នាពេលរាត្រី ក្រុមអ្នកចូលរួម ក៏បានចុះល្បាតព្រៃ មើលការដាក់កាមេរ៉ាស្វ័យប្រវត្តិ ដើម្បីតាមដានចំនួនសត្វព្រៃ និងសកម្មភាពជីវភាពរបស់សហគមន៍ ដូចជាការយកជ័រទឹក ជាដើម ។

តារាចម្រៀងមាស សុខសោភា ក៏បានអរគុណដល់ USAID ព្រៃឡង់បៃតង ដែលបានបង្រៀននិងណែនាំពីការអភិរក្សធនធានធម្មជាតិ និងអរគុណដល់យុវវ័យខ្មែរ ដែលចេះជួយស្រលាញ់ ការពារបរិស្ថាន ។

ជាមួយនេះ តារាចម្រៀងមាស សុខសោភា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់អ្នកនាង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ថា “សូមអរគុណដល់ USAID Greening Prey Lang – ព្រៃឡង់បៃតង BeTreed Adventures សម្រាប់ការបង្រៀននិងណែនាំពីការអភិរក្សធនធានធម្មជាតិ ដូចជា ដើមឈើ និងសត្វព្រៃ នៅក្នុងតំបន់ភ្នំត្នោត ខេត្តព្រះវិហារ និងសូមអរគុណដល់លោក Ben និងក្រុមបងៗសមត្ថកិច្ចដែលនៅជួយការពារព្រៃឈើ និងសត្វព្រៃ នៅតំបន់នោះផងដែរ។ ហើយក៏អរគុណដល់យុវវ័យខ្មែរ ដែលចេះជួយស្រឡាញ់ ការពារបរិស្ថាន និងបានចូលរួមជាមួយគ្នា រយៈពេលប៉ុន្មានថ្ងៃនេះ ដើម្បីយកសកម្មភាពរបស់យើងទាំងអស់គ្នា ផ្សព្វផ្សាយ អភិរក្សនិងអភិវឌ្ឍន៍នៅប្រទេសជាតិទាំងមូល”។

គួររំលឹកថា តារាចម្រៀងស្រីល្បីល្បាញឈរតំណែងកំពូលក្នុងប្រទេសកម្ពុជា អ្នកនាង មាស សុខសោភា កាលពីឆ្នាំ២០១៤ ធ្លាប់បានចេញមុខចាប់ដៃគ្នាជាមួយប្រជាពលរដ្ឋ និងព្រះសង្ឃ ការពារព្រៃឈើយ៉ាងស្វាហាប់ នៅក្នុងតំបន់មួយ នៅភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលរងការកាប់បំផ្លាញ ដែលនាងដាក់ឈ្មោះគម្រោងផ្ទាល់ខ្លួននោះថា «ដើមឈើ ១០០០០ដើម»  ។

តារាចម្រៀងស្រីដែលមានមហិច្ឆតាការពារព្រៃឈើនេះ បានឲ្យដឹងនៅពេលនោះថា គម្រោង “ដើមឈើ ១០០០០ដើម” គឺរូបនាងមានបំណងចង់បូជាពេលវេលាក្នុងជីវិតរបស់នាង ដាំដើមឈើ ឲ្យបាន១០០០០ដើម ទោះបីជានាងត្រូវប្រើពេលប៉ុន្មានឆ្នាំក៏ដោយ ។

ក្នុងគម្រោងនោះ ក្រៅពីដាំដើមឈើ មាស សុខសោភា ក៏បានចេញមុខរួមគ្នាជាមួយនឹងប្រជាជន តវ៉ាប្រឆាំងនឹងក្រុមហ៊ុនដ៏មានអំណាចមួយ ដែលមានបំណងបំផ្លាញព្រៃឈើនៅក្នុងតំបន់មួយ នៅភ្នំឱរ៉ាល់ ហើយរូបនាងក៏បានចូលរួមជាមួយព្រះសង្ឃគង់នៅវត្តមេត្តាធម្មជាតិ ហៅវត្តផ្កាឈូក ភ្នំបូមៀរ ក្នុងការបំបួសដើមឈើ កុំឲ្យឈ្មួញកាប់បំផ្លាញផងដែរ ។

ការចេញមុខជាសាធារណៈ ដាំដើមឈើ និងប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ នៅពេលនោះ មាស សុខសោភា បានបញ្ជាក់ថា រូបនាងមិនខ្លាចនឹងការគំរាមកំហែងពីសំណាក់ជនមានអំណាច ឬក៏ឈ្មួញរកស៊ីខុសច្បាប់ណាម្នាក់ឡើយ ដោយនាងលើកឡើងនូវហេតុផលថា នាងធ្វើរឿងណាដែលត្រឹមត្រូវតាមធម៌ព្រះ និងមិនធ្វើឲ្យជនណាម្នាក់ឈឺចាប់ដោយសារតែរូបនាងនោះទេ ។

សកម្មភាពរបស់តារាចម្រៀង មាស សុខសោភា ក្នុងការចូលរួមការពារធនធានធម្មជាតិ ព្រៃឈើ និងបរិស្ថាននេះ បានទទួលការគាំទ្រ លើកទឹកចិត្តពីមហាជនទូទៅ រួមទាំងពីប្រមុខរាជរដ្ឋាភិបាលផងដែរ។

ក្នុងឱកាសចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីទិវាមច្ឆជាតិ នៅក្នុងខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី០១ កក្កដា ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានថ្លែងការកោតសសើរដល់តារាចម្រៀងមាស សុខសោភា ដែលបានចូលរួមក្នុងសកម្មភាពការពារព្រៃឈើ តាមរយៈការដើរបំបួសដើមឈើ ថាជារឿងដ៏ត្រឹមត្រូវ នៃការចូលរួមថែរក្សាព្រៃឈើ និងធនធានធម្មជាតិ ។

នៅក្នុងឱកាសនោះផងដែរ សម្តេចហ៊ុន សែន ក៏បានជំរុញឱ្យអ្នកសិល្បៈ ត្រូវធ្វើសកម្មភាពបំផុសចលនាស្មារតីចូលរួមថែរក្សាព្រៃឈើ និងធនធានធម្មជាតិ ទាំងអស់គ្នា ខណៈដែលបញ្ហាកាប់បំផ្លាញព្រៃឈើ និងបំផ្លាញធនធានធម្មជាតិ គឺជារឿងឈឺក្បាលមួយ ដែលរាជរដ្ឋាភិបាល ត្រូវនាំគ្នាបំបាត់ ៕ កុលបុត្រ

RELATED ARTICLES