ខេត្តបាត់ដំបង ៖ យុវជនម្នាក់ប្រកាសថា នឹងកម្ទេចប្រទេសកម្ពុជា តាម Tik Tok បង្កការភ្ញាក់ផ្អើលពេញហ្វេសប៊ុក ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមច្បាប់។
លោកសាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ថា យុវជនម្នាក់ដែលប្រកាសថា “នឹងកម្ទេចប្រទេសកម្ពុជា” តាម Tik Tok ន៉ ត្រូវបានកម្លាំងសមត្ថកិច្ចរបស់លោកឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង រួចហើយ។
លោកស្នងការបញ្ជាក់ថា យុវជននោះ ឈ្មោះចាន់ ទេវៈ ភេទប្រុស កើតឆ្នាំ២០០០ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង តាមសំណុំរឿងព្រហ្មទណ្ឌ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយសាលាដំបូងខេត្តបាត់ដំបង បានសម្រេចចេញដីកាលេខ ១១០១ត.ព្រ បង្គាប់ឱ្យឃុំខ្លួនឈ្មោះចាន់ ទេវៈ នេះ នៅមណ្ឌលឃុំខ្លួនខេត្តបាត់ដំបង ដោយចោទប្រកាន់ពីបទញុះញង់ឱ្យមានការរើសអើង ប្រព្រឹត្តនៅចំណុចភូមិអូរតាតាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០។
សូមបញ្ជាក់ថា យុវជនខាងលើ ត្រូវបានប្រជាពលរដ្ឋរិះគន់និងថ្កោលទោសយ៉ាងខ្លាំងចំពោះការថ្លែងដោយអគតិ ចង់កម្ទេចប្រទេសកម្ពុជា ទើបឈានដល់សមត្ថកិច្ចឃាត់ខ្លួន ដើម្បីចាត់ការតាមច្បាប់បែបនេះ៕