ភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់បានចាកចេញពីស្រុកកំណើតឯខេត្តស្វាយរៀង មកធ្វើការងារនៅរាជធានីភ្នំពេញ លុះក្រោយមកស្រាប់តែបាត់ដំណឹងសូន្យឈឹង អស់រយៈពេលជាង១ខែមកហើយ ទោះជាក្រុមគ្រួសារតាមស្វែងរកយ៉ាងណាក៏មិនឃើញសោះ ធ្វើឱ្យក្រុមគ្រួសារ មានការព្រួយបារម្ភនិងប្រកាសរក។
យុវតីដែលបាត់ខ្លួនខាងលើ មានឈ្មោះសំអាត ហៅមុំ អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅភូមិតាខុប ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង សព្វថ្ងៃចេញមកធ្វើការនៅម្តុំជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

តាមប្រភពពីឪពុកមារបស់យុវតីដែលបាត់ខ្លួនខាងលើ បានបញ្ជាក់ឱ្យដឹងថា ក្មួយស្រីរបស់គាត់ (យុវតីដែលបាត់ខ្លួនខាងលើ) បានចេញពីស្រុកកំណើត មកធ្វើការនៅម្តុំជ្រោយចង្វា មួយរយៈមកហើយ។ ស្រាប់តែក្រោយមកនៅអំឡុងពេលប្រមាណ១ខែមុននេះ ស្រាប់តែបាត់ខ្លួនចេញពីកន្លែងធ្វើការដោយគ្មានដំណឹង ជាហេតុធ្វើឱ្យកន្លែងធ្វើការផ្តល់ដំណឹងដល់ក្រុមគ្រួសារ ឱ្យជួយតាមស្វែងរកដែរ ប៉ុន្តែរកមិនឃើញសោះ មិនដឹងជាក្មួយស្រីរូបនេះ ទៅជាមួយអ្នកណា និងទៅដល់ណានោះទេ ធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភពីសុវត្ថិភាពរបស់នាងយ៉ាងខ្លាំង ខ្លាចត្រូវមនុស្សមិនល្អ បោកបញ្ឆោត នាំយកទៅធ្វើបាបដោយប្រការណាមួយ។
ជាមួយនេះ ក្រុមគ្រួសារយុវតីខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រទះឃើញយុវតីដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងដល់ក្រុមគ្រួសារតាមរយះកាសែត “នគរធំ” ឬវិទ្យុអេប៊ីស៊ី ដោយក្តីអនុគ្រោះ៕