Thursday, August 7, 2025
Homeព័ត៌មានជាតិគ្រាន់តែឃើញភ្លាម គាត់ក៏ស្ទុះទៅទាញម៉ូតូភ្លែត ត្រូវមួយដៃ

គ្រាន់តែឃើញភ្លាម គាត់ក៏ស្ទុះទៅទាញម៉ូតូភ្លែត ត្រូវមួយដៃ

ភ្នំពេញ ៖ យុវជនម្នាក់បានបើកម៉ូតូមកឈប់នៅមុខផ្ទះ រួចក៏ចុះដើរទៅបើកទ្វារចូលផ្ទះ ដោយមិនបានដកសោចេញពីម៉ូតូ ស្រាប់តែលេចមុខជនសង្ស័យម្នាក់មកឡើងជិះបញ្ឆេះចេញទៅ តែម្ចាស់ក្រឡេកឃើញទាន់ ក៏រត់ទៅតាមទាញ បណ្តាលឱ្យដួល ហើយជនសង្ស័យក៏ ស្ទុះមកវាយជនរងគ្រោះ ទើបអ្នកជិតខាងជួយចាប់បានប្រគល់ជូននគរបាលតែម្តង។

ជនរងគ្រោះ ត្រូវចោរលួចម៉ូតូមិនបានសម្រេច

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងបុរីពិភពថ្មីកំបូល សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ស៊ុំ វាសនា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅសង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតនៅសង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក។ ចំណែកជនរងគ្រោះឈ្មោះជន កុសល ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរលក់ដីឡូត៍ ស្នាក់នៅក្នុងបុរីពិភពថ្មី សង្កាត់កន្ទោក ខណ្ឌកំបូល។

ជនសង្ស័យ សមត្ថកិច្ចឃាត់ខ្លួន

តាមសម្តីជនរងគ្រោះ បានប្រាប់ឱ្យដឹង ថា នៅមុនពេលកើតហេតុ រូបគេបានបើកម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HH-7726 មកឈប់នៅមុខផ្ទះ ហើយ ក៏ចុះពីលើម៉ូតូដោយមិនបានដកកូនសោចេញ ដើរទៅបើកទ្វារផ្ទះ។ ភ្លាមនោះ ស្រាប់តែមាន ជនសង្ស័យម្នាក់ដើរមកឡើងជិះម៉ូតូរបស់ខ្លួន រួចបញ្ឆេះម៉ូតូចេញទៅ តែរូបគេឃើញទាន់ ក៏ស្ទុះទៅចាប់ដៃចង្កូតជាប់ បណ្តាលឱ្យដួលម៉ូតូ ភ្លាមនោះជនសង្ស័យក៏ស្ទុះមកវាយរូបគេ ហើយ ជនសង្ស័យក៏ព្យាយាមរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋជួយដេញចាប់ជាប់ប្រគល់ឱ្យ សមត្ថកិច្ចតែម្តង។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌខណ្ឌ ចាត់ការបន្តតាមច្បាប់៕

RELATED ARTICLES