ភ្នំពេញ ៖ សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះគណនីហ្វេសបុកមួយឈ្មោះថា San San ដែលបានផុសថា “ផ្អាកថ្ងៃទី០១ ដល់ថ្ងៃ១៥ ផាកថ្ងៃ២ ឆ្កែសុទ្ធ…!”។

ជាក់ស្តែងករណីនេះកើតឡើងតាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែអ្នកត្រូវបានពិន័យ ចូលមកបង់ការផាកពិន័យ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។ ម៉្យាងវិញទៀតការចុះផ្សាយព័ត៌មានមិនពិត និងជេរប្រមាទមកលើសមត្ថកិច្ចរបស់ម្ចាស់គណនីហ្វេសបុកនេះ គឺមានលក្ខណៈ មើលងាយមកលើមន្ត្រីអនុវត្តច្បាប់ និងក្នុងគោលបំណងបង្ខូចកិត្តិយសរបស់សមត្ថកិច្ច ក៏ដូចជាធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។

តាមពិតករណីនេះ គឺជាការចាប់ផាកពិន័យបុរសម្នាក់ដែលបើកបរម៉ូតូក្នុងស្ថានភាពស្រវឹង តាំងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១០ និង០៣នាទីយប់ ដែលសមត្ថកិច្ចចម្រុះកំពុងតែអនុវត្តត្រួតពិនិត្យ ជាតិស្រវឹង នៅតាមបណ្តោយផ្លូវជាតិលេខ៤ សមត្ថកិច្ចក៏បាន ធ្វើការហៅអ្នកបើកបរម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខ 1GL-4021 បន្ទាប់ពីផ្លុំត្រួតពិនិត្យរួច បង្ហាញជាលទ្ធផលថា អ្នកបើកបររូបនេះមានកម្រិតជាតិអាល់កុលរហូតដល់ ០,៥៨ ពេលនោះកម្លាំងចម្រុះក៏បានធ្វើការដកហូត ម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌកំបូល មិនឱ្យបន្តដំណើរទៅទៀត ដើម្បីការពារកុំឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។

រហូតដល់វេលាម៉ោង១១ព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ទើបសាម៉ីខ្លួនឈ្មោះ ហ៊ាន ដែន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករ បានយកប្រាក់មកបង់ផាកពិន័យចំនួន១លានរៀល ហើយសមត្ថកិច្ចក៏បានអនុញ្ញាតឱ្យគាត់យកម៉ូតូទៅវិញ៕


