Sunday, August 3, 2025
Homeព័ត៌មានជាតិមិត្តភក្តិខ្ជិលដឹកទៅផ្ទះ អស់ម៉ូតូ១គ្រឿង

មិត្តភក្តិខ្ជិលដឹកទៅផ្ទះ អស់ម៉ូតូ១គ្រឿង

ខេត្តប៉ៃលិន ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តប៉ៃលិន ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណី រំលោភលើសេចក្តីទុកចិត្ត (លួចម៉ូតូ) កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ទទួលបណ្តឹងពីឈ្មោះទុំ សុភាស់ ភេទប្រុស អាយុ២៦ឆ្នាំ មានលំនៅភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពីករណីរំលោភលើទំនុកចិត្ត ដែលកើតឡើងតាំពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននេះ មានឈ្មោះលី ទីរ៉ាវី ភេទប្រុស អាយុ៣៣ឆ្នាំ មានលំនៅភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

បើតាមដើមបណ្តឹងប្រាប់សមត្ថកិច្ចថា ជនសង្ស័យបានពឹងខ្លួន (ជនរងគ្រោះ) ជូនទៅផ្ទះ តែជនរងគ្រោះមិនព្រមជូនទៅ ក៏បានពឹងពួកម៉ាកម្នាក់ទៀត ឈ្មោះធា ជូនទៅ ដោយជិះម៉ូតូជនរងគ្រោះ។

ពេលជិះទៅដល់ពាក់កណ្តាលផ្លូវ ជនសង្ស័យបានឱ្យឈ្មោះធា ចុះរង់ចាំបន្តិច ហើយជនសង្ស័យយកម៉ូតូជិះទៅបាត់តែម្តង។ រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ទើបជនរងគ្រោះ ប្រទះឃើញជនសង្ស័យនៅចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក៏ប្តឹងនគរបាលប៉ុស្តិ៍ជួយអន្តរាគមន៍តែម្តង។

តាមការសារភាពរបស់ជនសង្ស័យ នៅពេលប៉ូលិសសាកសួរនោះថា រូបគេបានឱ្យមិត្តភក្តិម្នាក់ទៀត យកម៉ូតូនេះទៅបញ្ចាំបាត់ទៅហើយ តែមិនដឹងបញ្ចាំនៅឯណាទេ?

យោងតាមបណ្តឹង និងចម្លើយសារភាព ជនសង្ស័យត្រូវបានសមត្ថកិច្ច នាំទៅឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីស៊ើបអង្កេត បន្តកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕

RELATED ARTICLES