ខេត្តកណ្តាល ៖ ក្មេងទំនើងដែលតែងតែនាំគ្នាបង្ហោះម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ១ បង្កការភ័យខ្លាចដល់អ្នកដំណើររាល់ថ្ងៃនោះ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ឃាត់ខ្លួនចំនួន៤នាក់ យកទៅអប់រំនិងធ្វើកិច្ចសន្យា។
ហេតុការណ៍នេះ បានកើតឡើងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១រសៀល នៅ ចំណុចផ្លូវមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រ ស្ថិតក្នុងភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុក កៀនស្វាយ ខេត្តកណ្តាល។

ប្រភពនគរបាលមូលដ្ឋាន បានឱ្យដឹងថា ក្រុមក្មេងទំនើងអត់ការងារនាំគ្នាទៅបង្ហោះ ម៉ូតូដែលត្រូវកម្លាំងឃាត់ខ្លួនទាំងនោះ មានចំនួន៤នាក់ ទី១-ឈ្មោះផន ប្រាក់ ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ ជាសិស្ស។ ទី២-ឈ្មោះច័ន្ទ រ៉ូហ៊ាន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ។ ទី៣-ឈ្មោះលី រតនះ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ជាសិស្ស។ ទី៤-ឈ្មោះផាន់ វេហា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ជាសិស្ស។ ពួកគេទាំង៤នាក់នេះ មានលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

វត្ថុតាងចាប់យក រួមមាន ម៉ូតូចំនួន២គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IC-7990 និងម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1X-6441។
សមត្ថកិច្ចនគរបាលដដែល បានឱ្យដឹងបន្តថា នៅវេលាម៉ោងខាងលើ ដោយទទួល ព័ត៌មានពីប្រជាពលរដ្ឋថា មានសកម្មភាពក្មេងទំនើងបង្ហោះម៉ូតូនៅចំណុចកើតហេតុ ភ្លាមៗ នោះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដីឥដ្ឋ បានចុះដល់កន្លែងកើតហេតុ ក៏បានឃើញសកម្មភាព ពួកគេកំពុងបង្ហោះម៉ូតូ ទើបកម្លាំងនគរបាលប៉ុស្តិ៍ឃាត់បាន និងនាំខ្លួនក្រុមក្មេងទំនើងទាំងអស់នោះ យកមកសួរនាំនៅប៉ុស្តិ៍ ហើយពួកគេសារភាពថា ពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូ ប្រាកដមែន។

ក្រោយសួរនាំរួចពួកគេទាំង៤នាក់ខាងលើ ត្រូវបានកម្លាំងជំនាញ ផ្នែកយុត្តិធម៌ស្រុកកៀនស្វាយ បញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីធ្វើកិច្ចសន្យាអប់រំណែនាំ និងឲ្យពួកគេទាំង៤ សំពះសុំទោសអាណាព្យាបាលនៅចំពោះមុខលោកអធិការផងដែរ៕