តារាចម្រៀងផលិតកម្មរាម កញ្ញាមាស សុខសោភា មិនវាយបកទៅលើអ្នកលេងបណ្ដាញសង្គមម្នាក់ ឈ្មោះស្រីម៉ុច ដែលចោទប្រកាន់នាងថា ជាតារាដែលវាយឬក រើសអើង នៅពេលដែលនាងគ្រាន់តែសុំថតរូប តែបែរជារូបនាង និងក្រុមការងារ មិនអនុញ្ញាតនៅពេលដែលនារីម្នាក់នោះ បានជួបសោភា នៅភ្នំគូលែន ខេត្តសៀមរាប កាលពីពេលថ្មីៗនេះ។

បងប្រុសសោភា លោកមាស សុខរតនៈ ដែលជាអ្នកនាំពាក្យនោះ បានអះអាងប្រាប់អ្នកកាសែតថា លោកក៏ដូចជាប្អូនស្រីមិនធ្លាប់មានទម្លាប់វាយប្រហារអ្នកណានៅលើបណ្ដាញសង្គមឡើយ។

លោករតនៈ ថែមទាំងថា ទោះជានារីម្នាក់នោះចេញវីដេអូវាយប្រហារថែមទៀត ក៏លោក និងសោភា នៅតែប្រកាន់ជំហរមិនតបតដែរ។ លោកថា សំខាន់នៅលើមហាជនដឹងថា មាស សុខសោភា មានចរិតម៉េចទៅ បានហើយ ព្រោះយើងមិនអាចឲ្យមនុស្សគ្រប់គ្នានិយាយពីអ្វីដែលយើងចង់បានទាំងអស់គ្នាបានទេ។

ដោយឡែក ពិធីការិនីឌួង ហ្សូរីដា វិញ ក៏បានចេញសារការពារមាស សុខសោភា ផងដែរថា តាមរយៈដែលនាងបានរួមការងារជាមួយនាងកន្លងមក សោភា មិនមែនជាតារាដែលមានអត្តចឬកដូចអ្វីដែលនារីម្នាក់នោះ ចោទប្រកាន់នោះទេ។ ចំណែកប្រធានសមាគមន៍សិល្បករខ្មែរ អ្នកនាងចន ច័ន្ទលក្ខិណា វិញ មិនជឿថា នៅភ្នំគូលែន ចង្អៀតរហូតដល់ដណ្ដើមកន្លែងគ្នាអង្គុយ ដូចនារីម្នាក់នោះអះអាងឡើយ។

មាស សុខសោភា ដែលត្រូវនារីម្នាក់ដែលមានគណនី Tik Tok ឈ្មោះថាស្រីម៉ុច រិះគន់មិនសំចៃមាត់ ដោយចាត់ទុកតារាល្បីល្បាញរូបនេះថា ជាតារាវាយឬកនោះ ខណៈដែលសោភា ត្រៀមលេចមុខនឹងចេញបទចម្រៀងបើកឆាកនៅផលិតកម្មរាម នៅចុងខែធ្នូ ឆ្នាំ២០២០ នេះហើយ បន្ទាប់ពីនាងបានដើរចេញពីថោន ជាង៦ខែ ហើយផាត់ចោលផលិតកម្មធំ២ គឺហង្សមាស និង Galaxy។

យ៉ាងណា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ មាស សុខ សោភា បានបង្ហោះសារថា “នាងខ្ញុំសូមអរគុណទៅដល់ពុកម៉ែបងប្អូន ក៏ដូចជាអ្នកគាំទ្រនាងខ្ញុំនិងបងប្អូនមិត្តសិល្បករទាំងអស់គ្នា ទាំងក្នុងនិងក្រៅប្រទេស សម្រាប់ការផ្ញើសារបញ្ចេញជាមតិផ្ដល់កម្លាំងចិត្ត និងស្រលាញ់នៅអ្វីដែលនាងខ្ញុំមាន ហើយគាំទ្រនាងខ្ញុំតាំងពីដើមរហូតមក។ ស្របពេលមានបញ្ហាផ្ទុះការរិះគន់មកលើនាងខ្ញុំ ក៏បងប្អូន និងអ្នកគាំទ្រទាំងអស់គ្នាជួយចេញមុខការពារនាងខ្ញុំ។ នាងខ្ញុំពិតជាសប្បាយចិត្តនិងត្រេកអរយ៉ាងខ្លាំង សម្រាប់អ្នកគាំទ្រពិតប្រាកដរបស់នាងខ្ញុំ ហើយយល់ពីនាងខ្ញុំ និងយល់ពីតម្លៃនៃសិល្បៈ។

ជាចុងក្រោយ នាងខ្ញុំសូមអរគុណ និងសូមជូនពរពុកម៉ែ បងប្អូន និងអ្នកគាំទ្ររបស់នាងខ្ញុំទាំងអស់គ្នា ជួបតែសេចក្ដីសុខ សុភមង្គល និងជៀសឆ្ងាយពីជំងឺកូវីតទាំងអស់គ្នា”៕

