គង់ សុជាតិ បានទៅចូលរួមមង្គលការប្អូនស្រីតារាសម្ដែងនី មុនីនាថ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភោជនីយដ្ឋានសេវេនប្រាយ ឃីង (ទួលគោក) នោះ ស្រាប់តែវាក់អឺពិធីការិនីរួមដំបូល អ្នកនាងចាន់ កែវនិមល ទៅចូលរួមពិធីនោះដែរ។

ដោយសារតែទីតាំងជប់លៀងនោះ មិនសូវធំទូលាយ ហេតុនេះហើយសុជាតិ និងកែវនិមល ហាក់មិនពិបាកចោលភ្នែកទៅប្រទះគ្នាឡើយ ប៉ុន្ដែអ្វីដែលចម្លែកនោះ ទោះជាអ្នកទាំង២ ជ្រកកោនក្រោមដំបូលហង្សមាស តែមួយក្ដី តែសុជាតិ-និមល មិនបាននិយាយស្ដីរកគ្នាសូម្បីតែមួយម៉ាត់។
អ្នកសិល្បៈរួមអាជីពបានតាមដានសកម្មភាពពិធីការិនីទាំង២ដួង គង់ សុជាតិ-ចាន់ កែវនិមល ដែលជួបគ្នាដោយចៃដន្យ នៅពេលទ័លច្រកនេះ ខណៈដែលសុជាតិ និងនិមល ប្រឹងដើរគេចគ្នារៀងៗខ្លួនតែម្ដង តែស្វាមីសុជាតិ លោកជា វិបុល មិនបានចូលរួមនោះទេ ដោយសុជាតិ និយាយប្រាប់អ្នកយកព័ត៌មានយើងយ៉ាងខ្លីថា ”ប្ដីនៅផ្ទះមើលកូន”។

នេះមិនមែនជាលើកទី១ឡើយ ដែលគង់ សុជាតិ-ចាន់ កែវនិមល មិនហាមាត់រកគ្នានេះ តែតាមព័ត៌មានថា នៅស្ទូឌីយោហង្សមាស វិញតារាទាំង២ ជួបគ្នាជាញឹកញាប់ តែមិនដែលនិយាយរកគ្នាទាល់តែសោះ រយៈពេលជាង៦ខែមកនេះ។
គង់ សុជាតិ បានធ្លាក់ខ្លួនឈឺធ្ងន់រហូតដឹកចូលមន្ទីពេទ្យសង្រ្គោះបន្ទាន់ កាលពីពាក់កណ្ដាលខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីអ្នកនាងទទួលបានព័ត៌មានថា ស្វាមីសំណព្វចិត្តរបស់នាង លោកជា វិបុល បានបង្កាត់ភ្លើងស្នេហាជាមួយដៃគូឆ្លងឆ្លើយ អ្នកនាងចាន់ កែវនិមល។

ភ្លាមៗនោះ សុជាតិ ត្រូវបានប្ដីទទួលស្គាល់កំហុសឆ្គង និងលួងលោមឲ្យនាងគិតពីសុខភាពជាធំ កុំពិបាកចិត្តពេទ្យនាំតែចូលពេទ្យ ស្របពេលដែលអ្នកនាងយុគ ចិន្ដា វិញ បានលើកទឹកចិត្ដសុជាតិ ថា របស់យើងនៅតែជារបស់យើងទេ កុំគិតច្រើនអី ទើបធ្វើឲ្យសុជាតិ បានស្រស់ថ្លាឡើងវិញ។

ប៉ុន្ដែក្រោយជាពីជំងឺភ្លាមសុ ជាតិ បានប្រើយុទ្ធសាស្រ្ដថ្មីក្នុងការចងជើងប្ដី តាមរយៈការនាំលោកវិបុល ទៅរឹតចំណងស្នេហ៍សាសងស្នេហាតាមបណ្ដាខេត្តជាច្រើន ធ្វើឲ្យស្នេហាស្រស់បំព្រងសាជាថ្មីឡើងវិញ។
សុជាតិ ថែមទាំងលេងមួយក្បាច់ទៀត គឺអ្នកនាងលែងបណ្ដោយឲ្យប្ដីរូបសង្ហា ធ្វើពិធីករជាមួយដៃគូណាដែលមិនគួរឲ្យទុកចិត្តបានទៀតហើយ គឺនាងទៅចាប់ដៃលោកវិបុល ឆ្លងឆ្លើយគ្នានៅហង្សមាស តែម្ដង។

ដោយឡែក ចាន់ កែវនិមល វិញ ហាក់ខកចិត្ត ព្រោះបាត់បង់កម្មវិធីធំៗជាច្រើន ហើយថៅកែហង្សមាស គ្មានជម្រើសណាផ្សេង ក្រៅពីបំបែកនាងលែងឲ្យធ្វើជាដៃគូជាមួយលោកវិបុល ទៀតឡើយ។

ភ្លាមៗនោះដែរ អ្នកនាងសុជាតិ ប្រកាសថា ស្វាមីនាងចង់បានកូនភ្លោះប្រុស ហើយអ្នកនាងត្រូវពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន ថាយកកូនបានទៀតឬអត់នោះ? ស្រាប់តែនិមល និយាយថា រៀបគម្រោងយកកូនភ្លោះជាមួយស្វាមីជាឯកឧត្តមដែរ ទើបធ្វើឲ្យមហាជនមួយចំនួន និយាយថា ពិធីការិនីទាំង២ សូម្បីតែរឿងយកកូន ក៏មិនឲ្យចាញ់ឈ្នះគ្នាដែរ។

បើទោះជារឿងស្នេហា ប្ដីគង់ សុជាតិ និងចាន់ កែវនិមល ផ្អើលពេញផ្ទៃប្រទេសក្ដី ប៉ុន្ដែគេកត់សម្គាល់ឃើញថា នៅពេលនេះគូស្នេហ៍តារាទាំង២ អាចរក្សាបានភាពរឹងមាំរៀងៗខ្លួន ព្រោះសុជាតិ កាន់តែផ្អែមល្ហែមជាមួយលោកវិបុល ខណៈដែលកែវនិមល និងស្វាមី ក៏កាន់តែល្អូកល្អិនគ្នាផងដែរ។

ប៉ុន្ដែអ្វីដែលធ្វើឲ្យថៅកែហង្សមាស ឈឺក្បាលនោះ គឺសុជាតិ និងចាន់និមល នៅតែមើលមុខគ្នាមិនចំឡើយ បើទោះជា ”ក្រោយភ្លៀង មេឃស្រឡះក្ដី”៕ ហ៊ឹម វិចិត្រ