ភ្នំពេញ ៖ បុរសម្នាក់ បានរបូតដៃធ្លាក់ពីលើចុងអម្ពិល បណ្តាលឱ្យរងរបួសធ្ងន់បាក់ចង្កេះ និងត្រូវបានក្រុមសង្គ្រោ ៧១១ កងពលតូចលេខ៧០ ជួយសង្គ្រោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ករណីគ្រោះថ្នាក់ ធ្លាក់ពីលើដើមអម្ពិល បណ្តាលឱ្យបាក់ចង្កេះខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចដើមអម្ពិល ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាត្រពាំងសិលា ភូមិត្រពាំងសិលា សង្កាត់ពងទឹក ខណ្ឌដង្កោ។

បុរសរងគ្រោះដែលធ្លាក់ពីលើដើមអម្ពិល បណ្តាលឱ្យបាក់ចង្កេះនោះ មានឈ្មោះតុន សំអាង អាយុ៤៨ឆ្នាំ មានលំនៅក្នុងមូលដ្ឋានកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីក្រុមសង្គ្រោះ៧១១ កងពលតូចលេខ៧០ បានឱ្យដឹងថា កម្លាំងសង្គ្រោះ បានចេញអន្តរាគមន៍ភ្លាមៗ ដើម្បីជួយសង្គ្រោះបុរសឈ្មោះតុន សំអាង ដែលគ្រោះថ្នាក់ដោយសាររបូតដៃធ្លាក់ពីលើដើមអម្ពិល បណ្តាលឱ្យរងរបួសបាក់ចង្កេះ។

យោងតាមលោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ ទទួលផែនសង្គ្រោះ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាត្រពាំងសិលា ភូមិត្រពាំងសិលា សង្កាត់ពងទឹក ខណ្ឌដង្កោ។

ជនរងគ្រោះ ត្រូវបានក្រុមការងារនៃកងសង្គ្រោះ៧១១ ធ្វើការសង្គ្រោះបឋមតាមលក្ខណៈបច្ចេកទេស និងដឹកតាមរថយន្តសង្គ្រោះបន្ទាន់របស់កងពល ដើម្បីបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យព្រះកុសុមៈ៕
