ភ្នំពេញ ៖ បន្ទាប់ពីអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា វីរុសកូវីដ-១៩ អាចឆ្លងតាមក្រដាសប្រាក់ (លុយ) បាន ប្រសិនបើបុគ្គលដែលមានវីរុសកូវីដ-១៩ យកដៃគាត់ជូតទឹករំអិលផ្លូវដង្ហើម ដូចជា សំបោរ ឬស្លេស្ម ទឹកមាត់ ឬយកដៃខ្ទប់មាត់ ពេលក្អក កណ្តាស់ ហើយមិនបានលាងដៃនឹងសាប៊ូ អាល់កុល ឬទឹកជែលសម្រាប់លាងដៃ ភ្លាមៗ រួចយកដៃនោះមកកាន់ក្រដាសប្រាក់ គឺវីរុសកូវីដ-១៩ នឹងតោងលើក្រដាសប្រាក់ ហើយអាចឆ្លងទៅបុគ្គលដទៃ នៅពេលបុគ្គលនោះចាប់កាន់ក្រដាសប្រាក់មានវីរុសកូវីដ-១៩ ហើយយកដៃមកប៉ះច្រមុះ មាត់ ភ្នែក ជាដើម នោះមក ស្រាប់តែមានអ្នកបែកគំនិតរកស៊ីបើកសេវាកម្មបោកលុយគ្រប់ប្រភេទ ដើម្បីការពារឆ្លងកូវីដ-១៩ ពីលុយ។

នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ គណនីហ្វេសប៊ុក ឈ្មោះ «Tep Monyrot» បានបង្ហោះរូបភាពបោកគក់ក្រដាសប្រាក់ ដាក់ហាលថ្ងៃ ជាមួយសំណេរថា «ដើម្បីការពារពីកូវីដ-១៩ដែលនៅលើលុយ ខ្ញុំមានទទួលបោកលុយគ្រប់ប្រភេទ។ កុំខ្លាចខ្ញុំបោកអី តែថាបោក គឺបោកហើយ» ។
ដោយឡែក នៅថ្ងៃដដែលនោះ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះរូបភរិយាលោក ហាលលុយដុល្លារ លើកៅអីជ័រមួយ ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក ជាមួយសំណេរថា «គាត់ប្រាប់ថា លុយហាលសម្លាប់មេរោគនេះ គាត់បានរាប់ត្រឹមត្រូវ និងសង្កត់ជាប់ល្អណាស់ ហេតុនេះ ពេលគាត់ជាប់ធ្វើម្ហូប ប្តីមិនបាច់ឆោឡោថា ខ្យល់បក់ប៉ើងបាត់លុយទេ ! – ៧ ធ្នូ ២០២០»។
សូមបញ្ជាក់ថា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា វីរុសកូវីដ-១៩ អាចឆ្លងតាមក្រដាសប្រាក់បាន ប្រសិនបើអ្នកជំងឺកូវីដ-១៩ កាន់ក្រដាសប្រាក់នោះ រួចហុចបន្ដទៅអ្នកដទៃទៀត ហើយនៅពេលអ្នកនោះចាប់កាន់លុយ និងដៃ មកប៉ះច្រមុះ មាត់ ឬភ្នែក ជាដើម នឹងធ្វើឲ្យឆ្លងជំងឺកូវីដ-១៩ ជាក់ជាមិនខាន ព្រោះក្រដាសប្រាក់ អាចផ្ទុកទឹករំអិលផ្លូវដង្ហើម ដូចជា សំបោរ ឬស្លេស្ម ទឹកមាត់ ។ល។
ដំណោះស្រាយ : ឧស្សាហ៍លាងអាល់កុលឬជែល និងលាងដៃជាមួយទឹកនិងសាប៊ូ ពាក់ម៉ាសក៍គ្រប់ពេលវេលាពេលធ្វើការងារ ហាមយកដៃប៉ះមុខ ភ្នែក និងច្រមុះ។

ជាមួយនេះ នៅថ្ងៃដដែលនោះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ពីការចម្លងវីរុសកូវីដ-១៩ តាមការកាន់ក្រដាសប្រាក់ដែលមានប្រឡាក់ទឹករំអិលផ្លូវដង្ហើមអ្នកមានវីរុសកូវីដ-១៩ នោះថា ៖ «ខ្ញុំសូមអនុញ្ញាតគោរពជម្រាបជូនបងប្អូនសាធារណជនទាំងអស់ ឲ្យបានជ្រាបថា ក្រៅពីការប៉ះពាល់វត្ថុប្រើប្រាស់ដែលអ្នកជំងឺកូវីដ-១៩ បានកាន់ រួចហុចបន្តមកបុគ្គលម្នាក់ទៀត តាមការពន្យល់ក្នុងវីដេអូឃ្លីបដែលបានផ្សព្វផ្សាយពីព្រឹកមិញនេះ ខ្ញុំសុំឆ្លើយនូវសំណួរដែលបានសាកសួរមកខ្ញុំ ពីបងប្អូនមួយចំនួន លើការចម្លងតាមក្រដាសប្រាស់នោះ ខ្ញុំសូមជម្រាបជូនដូចតទៅ ៖
ប្រសិនបើបុគ្គលដែលមានវីរុសកូវីដ-១៩ យកដៃគាត់ជូតទឹករំអិលផ្លូវដង្ហើម ដូចជា សំបោរ ឬស្លេស្ម ទឹកមាត់ ឬយកដៃខ្ទប់មាត់ ពេលក្អក កណ្តាស់ ហើយមិនបានលាងដៃនឹងសាប៊ូ ឬអាល់កុល ឬទឹកជែលសម្រាប់លាងដៃភ្លាមៗទេនោះ រួចយកដៃនោះមកកាន់ក្រដាសប្រាក់ គឺវីរុសកូវីដ-១៩ នឹងតោងលើក្រដាសប្រាក់ ហើយក្រដាសប្រាក់នោះ បានហុចបន្តទៅបុគ្គលម្នាក់ទៀត នៅពេលដែលបុគ្គលនោះចាប់កាន់ក្រដាសប្រាក់ វីរុសកូវីដ-១៩ នឹងតោងមកដៃបុគ្គលនោះ ហើយបុគ្គលនោះ យកដៃដែលកាន់ក្រដាសប្រាក់មានវីរុសនេះ មកប៉ះច្រមុះ មាត់ ភ្នែក ជាដើម ដែលធ្វើឲ្យមានការចម្លងបានលឿនជាទីបំផុត។ បន្ទាប់មក ក៏មានការចម្លងបន្តៗគ្នា ប្រសិនបើមិនបានលាងដៃ ពាក់ម៉ាសក៍ និងមានគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ»។

លោកស្រី ឱ វណ្ណឌីន បន្តថា «សង្ឃឹមថា វីដេអូ ៥ឃ្លីប ដែលបានចេញផ្សយព្រឹកមិញនេះ នឹងបានជួយដល់ការចូលរួមរបស់បងប្អូនប្រជាលរដ្ឋ ក្នុងការអនុវត្តវិធានការសុខាភិបាល ដូចបានម្រាបជូនរួចហើយនេះ បានត្រឹមត្រូវ និងបានគ្រប់ៗគ្នា ដើម្បីបញ្ចៀសបាននូវការចម្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ និងកាត់ផ្តាច់ខ្សែចម្លងបន្តគ្នា នៅក្នុងពេលបច្ចុប្បន្ននេះបានផងដែរ។ អរគុណច្រើននូវរាល់ការចូលរួមទាំងអស់គ្នា»៕