បេសកកម្មរបស់លោកស្រីរ៉ូណា ស៊្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ផ្នែកសិទ្ធិ– មនុស្ស នៅកម្ពុជា ត្រូវបានមើលឃើញថា ផ្តោតជាសំខាន់ទៅលើការតាមដាន វាយតម្លៃសកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សមត្ថកិច្ចអនុវត្តច្បាប់ តើប៉ះពាល់ដល់សិទ្ធិមនុស្សឬយ៉ាងណា? បើឃ្លាំមើលពីបញ្ហាសិទ្ធិមនុស្ស ក៏គួរតាមដាន ពីផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមផងដែរ ព្រោះថា “សិទ្ធិមនុស្ស និងសណ្តាប់ធ្នាប់សង្គម ដើរទន្ទឹមគ្នាជានិច្ច” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ មក “បញ្ហាសិទ្ធិមនុស្ស” បានក្លាយ– ជាចំណុចសំខាន់ ដែលអន្តរជាតិតម្រូវឱ្យភាគីកម្ពុជា ដែលជាហត្ថលេខី គោរពឱ្យបានម៉ឺងម៉ាត់ហ្មត់ចត់។ ទន្ទឹមនោះ អង្គការសហប្រជាជាតិ (អ.ស.ប) ក៏បានចាត់តាំងមន្ត្រីសិទ្ធិមនុស្សសំខាន់ៗ ឱ្យទទួលតំណែងជាអ្នករាយការណ៍ពិសេស ដែល គិតតាំងពីកម្ពុជា រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី១មក អ្នករាយការណ៍ អ.ស.ប មានចំនួន៦នាក់ ហើយ ជារួមមានទី១–លោកម៉ៃឃើល ឃើរប៊ី (Michael KIRBY) ជនជាតិអូស្ត្រាលី កាន់តំណែងពីឆ្នាំ១៩៩៣–១៩៩៦។ ទី២–លោកថូម៉ាស់ ហាមម៉ាបឺកខ៍ (Thomas HAMMARBERG) ជនជាតិស៊ុយអែដ ពីឆ្នាំ១៩៩៦–២០០០។ ទី៣–លោកភីធើរ ឡឺប្រិចថ៍ (Peter LEUPRECHT) ជនជាតិអូស្ត្រាលី ពីឆ្នាំ២០០០–២០០៥។ ទី៤–លោកយ៉ាស្ហ ហ្គាយ (Yash GHAI) ជនជាតិកេនយ៉ា ពីឆ្នាំ ២០០៥–២០០៨។ ទី៥–លោកស៊ុរីយា ប្រាសាទ ស៊ូបេឌី (Surya Prasad SUBE DI)ជនជាតិនេប៉ាល់ ពីឆ្នាំ២០០៨–២០១៤។ ទី៦–លោកស្រីរ៉ូណា ស៊្មីត (Rhona Smith) ជនជាតិអង់គ្លេស ពីឆ្នាំ២០១៤ រហូតដល់សព្វថ្ងៃ។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស ទាំង៦រូបនេះ មានរបៀបធ្វើការប្រហាក់ប្រហែលគ្នា ពោលគឺជនជាតិអូស្ត្រាលី ក៏ដូចស៊ុយអែដ ជនជាតិកេនយ៉ា ក៏ដូចនេប៉ាល់ សុទ្ធតែធ្លាប់រាយការណ៍ពីករណីរំលោភសិទ្ធិ– មនុស្សនៅកម្ពុជា រហូតដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រតិកម្មតបវិញ ធ្លាប់ទាំងបណ្តេញលោកយ៉ាស្ហ ហ្គាយ ឱ្យចាក– ចេញពីកម្ពុជា ទៀតផង។ ចំណែកលោកស៊ុរីយ៉ា ប្រាសាទ ស៊ូបេឌី ក៏ត្រូវសម្តេចហ៊ុន សែន រិះគន់ និងមិនឱ្យចូលជួបជាហូរហែ ដោយមិនពេញចិត្តនឹងរបាយការណ៍ដាក់ជូនលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ។
ឥឡូវដល់វេនលោកស្រីរ៉ូណា ស៊្មីត អតីតសាស្ត្រាចារ្យច្បាប់ជនជាតិអង់គ្លេស ត្រូវធ្វើរបាយការណ៍ម្តង ដែលអ្នកតាម– ដានសកម្មភាពគាត់មើលឃើញថា របៀបធ្វើការរបស់លោកស្រី ក៏មិនខុសពីរៀមច្បង៥នាក់មុននោះទេ។ ថ្មីៗនេះ លោកស្រី ស៊្មីត បានមកដល់កម្ពុជា ចូលជួបមន្ត្រីរាជរដ្ឋាភិបាលជាច្រើនរូប ដោយឆ្លៀតទៅសួរសុខទុក្ខលោកកឹម សុខា ប្រធានស្តីទី បក្សប្រឆាំង ដល់ទីស្នាក់ការគណបក្ស និងទៅជួបអ្នកស្រីទេព វន្នី សកម្មជនដីធ្លីតំបន់បឹងកក់ ដល់ពន្ធនាគារទៀតផង។ អ្វីដែលគេចាប់អារម្មណ៍នោះ គឺលោកស្រីតំណាង អ.ស.ប នេះ បានទៅគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិតកែម ឡី ក្នុងឱកាស រៀបចំពិធីបុណ្យសព១០០ថ្ងៃនៅវត្តចាស់ ដែលពេលនោះលោកស្រីបានសម្តែងមនោសញ្ចោតនាក្តុកក្តួល និងទាមទារឱ្យរក យុត្តិធម៌ជូនសពទៀតផង។
ដូច្នេះយើងឃើញថា បេសកកម្មមន្ត្រី អ.សប ផ្នែកសិទ្ធិមនុស្ស កាលបើដល់ពេលសរសេររបាយការណ៍ តែងចុចយក ចំណុចសំខាន់ដែលគាត់បានឃើញផ្ទាល់ភ្នែក ដោយចាត់ទុកថា ការវាយដំទៅលើអ្នកតវ៉ារឿងដីធ្លី គឺជាការរំលោភសិទ្ធិមនុស្ស ការធ្វើឃាតអ្នកវិភាគសង្គមដ៏ល្បីល្បាញ ក៏បង្ហាញពីសិទ្ធិសេរីភាពនៃការបញ្ចោញមតិចុះខ្សោយនេះឯង។ ទោះយ៉ាងនេះក៏ ដោយចុះ ដើម្បីឱ្យមានយុត្តិធម៌សង្គម គួរតែដោះស្រាយ “សិទ្ធិមនុស្ស និសណ្តាប់ធ្នាប់សង្គម” ឱ្យមានភាពស្មើគ្នាផង។ រដ្ឋ–ធម្មនុញ្ញ មាត្រា៤១ បានសរសេរថា “ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចោញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយ មិនអាចប្រើសិទ្ធិនេះដោយរំលោភ នាំឱ្យប៉ះពាល់ ដល់កិត្តិយសអ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។ របប សារព័ត៌មាន ត្រូវរៀបចំឡើងដោយច្បាប់” ដោយឡែក មាត្រា៣៧ បានសរសេរថា “សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយ សន្តិវិធី ត្រូវយកមកអនុវត្តក្នុងក្របខ័ណ្ឌនៃច្បាប់”។
បើយកខ្លឹមសាររដ្ឋធម្មនុញ្ញ មកពិចារណា វិភាគឱ្យស៊ីជម្រៅ គឺតម្រូវឱ្យពលរដ្ឋកម្ពុជា “មានសិទ្ធិធ្វើបាតុកម្ម កូដកម្ម ប៉ុន្តែ កុំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ”។ មានន័យថា បើប្រជារាស្ត្រកើតទុក្ខមិនសុខចិត្តពីរឿងអ្វីមួយ ដូចជា ឈ្មួញ ទម្លាក់តម្លៃស្រូវ ជាដើម ពួកគាត់មានសិទ្ធិលើកគ្នាទៅតវ៉ា ដោយមិនចាំបាច់សុំច្បាប់ពីអាជ្ញាធរនោះទេ គឺអាចប្រើសេរីភាព ស្របតាមរដ្ឋធម្មនុញ្ញ ប៉ុន្តែ មិនត្រូវយកស្រូវទៅចាក់លើផ្លូវជាតិ នាំឱ្យស្ទះចរាចរណ៍សាធារណៈនោះទេ។ ការតវ៉ាជាមួយ ឈ្មួញខិលខូចរកស៊ីលើខ្នងរាស្ត្រ មិនខុសអ្វីទេ តែអ្វីដែលខុសត្រង់ស្ទះចរាចរណ៍ ប៉ះសិទ្ធិដល់អ្នកដំណើរដែលជិះលើរថយន្ត ឯណោះ។ ចំណែកកម្មករ កម្មការិនី ខឹងថៅកែរោងចក្ររំលោភច្បាប់ការងារ ក៏អាចធ្វើកូដកម្ម បាតុកម្មប្រឆាំងថៅកែ ស្របតាមរដ្ឋធម្មនុញ្ញបានដែរ ប៉ុន្តែ មិនត្រូវវាយបំផ្លាញទ្រព្យសម្បត្តិរោងចក្រ បង្កហិង្សា ឬស្រែកជេរអាជ្ញាធរមានសមត្ថកិច្ច ដោយចោទប្រកាន់ស្មានៗថា បានសមគំនិតជាមួយថៅកែនោះឡើយ។
ដូច្នេះ “សិទ្ធិមនុស្ស និងសណ្តាប់ធ្នាប់សង្គម” វាដើរទន្ទឹមគ្នារហូត មិនអាចមើលឃើញតែជ្រុងម្ខាង លុបបំបាត់ជ្រុង ម្ខាងបានឡើយ។ កន្លងមក ក៏មានការចោទប្រកាន់ថា ពេលសកម្មជនដីធ្លី ឬកម្មកររោងចក្រ ហែក្បួនតវ៉ាដោយសន្តិវិធីម្តងៗ ក៏ត្រូវពួកសន្តិសុខខណ្ឌ ទប់ស្កាត់ដោយការវាយដំឱ្យរងរបួស ជាប់ឈ្មោះថា បានរំលោភសិទ្ធិមនុស្ស ប៉ុន្តែ គួររកមូលហេតុ ដែរថា មកពី “ត្រឡាចវារទៅ ទើបល្ពៅវារមក” ឬថា មកពីមានការជេរបញ្ចោរ ប្រតាយប្រតប់គ្នា ដែលជាឆ្នួននាំឱ្យផ្ទុះអំពើហិង្សា។
ដើម្បីរកដំណោះស្រាយឱ្យបានសមស្រប គួរតែអាជ្ញាធរមានសមត្ថកិច្ច បញ្ឈប់ការប្រើកម្លាំងសន្តិសុខស៊ីវិលក្រៅក្រប– ខ័ណ្ឌនគរបាលជាតិ ដែលរៀនសូត្រពីការទប់ស្កាត់បាតុកម្ម មិនបានដល់កម្រិត។ ប្រទេសណាក៏មានប៉ូលិសបង្ក្រាបបាតុកម្ម ដែរ ដូចនៅអាមេរិក បារាំង ជាដើម គេមិនប្រើសន្តិសុខស៊ីវិលនោះទេ ឯការបង្ក្រាបបាតុកម្ម គេប្រើឡានបាញ់ទឹក គ្រាប់បែកផ្សែង ក្នុងករណីបាតុកម្មជ្រុលហួសនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ ជួនកាល ក៏មានការចាប់ខ្លួនបាតុករយក ទៅអប់រំផងដែរ បើបាតុករនោះរំលោភបំពានលើសមត្ថកិច្ចរដ្ឋាភិបាល ប៉ុន្តែ បើជាបាតុកម្មអហិង្សា ប៉ូលិសរបស់គេបានជួយ សម្រួលឱ្យធ្វើ រហូតចប់ចុងចប់ដើម។
ក្រឡេកមើលស្ថានការណ៍នៅកម្ពុជា សព្វថ្ងៃ យើងឃើញអ្នកប្រើច្បាប់សិទ្ធិមនុស្សមួយចំនួនបែបជ្រុលបន្តិច ដូចជាពេល ធ្វើបាតុកម្មម្តងៗ មានការគប់ដុំថ្ម ស្រែកជេរប្រទេចថ្នាក់ដឹកនាំប្រទេសជាដើម។ ចំណែកអ្នកបង្ក្រាបបាតុកម្ម ក៏មិនធម្មតា ដែរ ឱ្យតែឃើញអ្នកហែក្បួនតវ៉ាដើរតាមផ្លូវ ក៏ស្ទាក់វ៉ៃតែម្តង រហូតប៉ះពាល់ដល់អ្នកកាសែត ដែលចុះទៅយកព័ត៌មាន។ បើ ភាគីម្ខាងអាងច្បាប់សិទ្ធិមនុស្ស ឯភាគីម្ខាងទៀតអាងច្បាប់ការពារសន្តិសុខសង្គម ដោយមិនចែកឱ្យដាច់ពីគ្នា ច្បាស់ជាអ្នក– រាយការណ៍ អ.ស.ប កាន់ជើងអ្នកប្រើច្បាប់សិទ្ធិមនុស្សមិនខានឡើយ។
សរុបទៅ “សិទ្ធិមនុស្ស និងសណ្តាប់ធ្នាប់សង្គម” កំពុងមានភាពប្រទង់ប្រទាញគ្នា ក្នុងប្រទេសមួយដែលជាប់ចំហាយ រំលោភសិទ្ធិមនុស្ស ពីរបបប៉ុល ពត។ ហេតុនេះ ដើម្បីឱ្យមានតុល្យភាព គួរតែប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ចេះយោគយល់គ្នាក្នុងការអនុវត្តច្បាប់រដ្ឋធម្មនុញ្ញ និងបែងចែកឱ្យច្បាស់ រវាង “សិទ្ធិមនុស្ស និងសណ្តាប់ធ្នាប់សាធារណៈ”។ ការប៉ះទង្គិចគ្នា រវាងបាតុករនិងសមត្ថកិច្ច អាចថាមកពីនិន្នាការនយោបាយលាយឡំផង ទើបបានជាផ្ទុះអំពើហិង្សាមិនចេះ ចប់ លុះអ្នករាយការណ៍ អ.ស.ប រៀបចំរបាយការណ៍ តែងតែកាន់ជើងអ្នកគ្មានអាវុធ ឬថា ក្មេងធំ និងក្មេងតូចឈ្លោះវាយ តប់គ្នា គេតែងទម្លាក់កំហុសទៅលើក្មេងធំយ៉ាងនេះឯង ទោះជាក្មេងតូចខ្លះខូចជាងក៏ដោយចុះ។ មន្ត្រី អ.ស.ប ផ្នែកសិទ្ធិមនុស្ស មិនសូវចាប់កំហុសរដ្ឋាភិបាលរុស្ស៊ី ចិន វៀតណាម កូរ៉េខាងជើង ពីរឿងរំលោភសិទ្ធិមនុស្សនោះទេ ព្រោះជាប្រទេសកុម្មុយនិស្ត វាធម្មតាទៅហើយ តែសម្រាប់កម្ពុជា កាន់របបប្រជាធិបតេយ្យ សេរី ពហុបក្ស គេចាំតែចាប់កំហុសជានិច្ច៕
ដោយ ៖ អាចារ្យថាំ