ភ្នំពេញ ៖ មន្ត្រីនគរបាលពាក់ស័ក្តិ៤ បម្រើការងារនៅក្រសួងមហាផ្ទៃម្នាក់ ព្រោះតែសងសឹកគុំនំចាស់ដែលធ្លាប់មានទំនាស់ពាក្យសម្តីគ្នាបន្តិចបន្តួច កាលពីជាង២ឆ្នាំមុន ស្រាប់តែឃើញមុខគ្នាភ្លាម ដកកាំភ្លើងបាញ់សំដៅអតីតគូទំនាស់ចំនួន២គ្រាប់ ត្រូវចំខ្នងជើង១គ្រាប់ និង១គ្រាប់ទៀត ចំទ្វារកញ្ចក់បែកខ្ទេច រួចក៏បើករថយន្តគេចខ្លួនបាត់ស្រមោល។

ចំណែកសមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ភ្លាមៗដែរ តែដោយសារទឹកដីកើតហេតុ នៅម្ខាងម្នាក់ (ខណ្ឌមានជ័យ និងខណ្ឌដង្កោ) ទើបឆ្លើយដាក់គ្នាចុះឡើង រហូតដល់ជនរងគ្រោះសម្រេចចិត្តរើសសំបកគ្រាប់ទុក ដើម្បីចាំទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថ ដោយខ្លួនឯង។
ហេតុការណ៍បាញ់ប្រហារខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ជាប់ព្រំប្រទល់និងសង្កាត់ដង្កោ ខណ្ឌដង្កោ។

ជនដៃដល់ជាខ្មាន់កាំភ្លើង ត្រូវបានជនរងគ្រោះអះអាងថា មានឈ្មោះកេត ផារ៉េន ភេទប្រុស អាយុ៣៩ឆ្នាំ មុនរបរជាមន្ត្រីនគរបាលពាក់ស័ក្តិ៤ បម្រើការងារនៅក្រសួងមហាផ្ទៃ។ រីឯជនរងគ្រោះ ដែលត្រូវខ្មាន់កាំភ្លើងបាញ់ធ្លុះជើង មានឈ្មោះប៊ុន ស៊ិម ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន។

តាមសម្តីរបស់មិត្តភក្តិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគាត់មានគ្នា៤នាក់ ជិះម៉ូតូចេញពីហូបចុកអីតិចតួចនៅម្តុំបឹងត្របែក ហើយក៏ជូនមិត្តភក្តិមកផ្ទះនៅកន្លែងកើតហេតុ។ ខណៈមកដល់មុខផ្ទះ ស្រាប់តែជួបជនដៃដល់ដែលធ្លាប់ស្គាល់គ្នា តែមិនជិតស្និតបានចុះពីលើរថយន្តរបស់ខ្លួនមិនចាំម៉ាក ហើយដើរឆ្លងផ្លូវមកសួរនាំមិត្តភក្តិគាត់មួយម៉ាត់ពីរ រួចដើរទៅជិះរថយន្តរបស់ខ្លួនវិញ ហើយបើកកញ្ចក់ រថយន្តដកកាំភ្លើងខ្លីបាញ់សំដៅមកជនរងគ្រោះ ដែលនៅផ្លូវម្ខាងទៀតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ចំនួន២គ្រាប់ ដោយមួយគ្រាប់ចំជើងខាងស្តាំ និងមួយគ្រាប់ទៀតចំទ្វារកញ្ចក់មួយផ្ទាំងបែកខ្ទេច រួចបើករថយន្តគេចខ្លួនបាត់។ ចំណែកឯជនរងគ្រោះ ក៏ត្រូវពួកគាត់ជាមិត្តភក្តិប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីពេទ្យ ដើម្បីពិនិត្យ និងលាងរបួសភ្លាមៗផងដែរ។

ប្រភពដដែលបន្តថា មួយសន្ទុះក្រោយមក នៅពេលដែលជនរងគ្រោះបានមកកន្លែងកើតហេតុវិញ ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មាន និងសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងទំពុន២ រួមទាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលដង្កោ ចុះមកដល់ហើយរុញដាក់គ្នា ទើបជនរងគ្រោះសម្រេចចិត្តយកសម្បកផ្ទុះនៅសល់មួយគ្រាប់ទុក រង់ចាំទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីឱ្យជួយស្រាវជ្រាវចាប់ជនបង្កយកមកផ្តន្ទាទោសតាមច្បាប់៕