ខេត្តសៀមរាប ៖ ករណីដោយសារឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងចេញពីព្រះវិហារ បង្កជាអគ្គិភ័យកើតឡើង បណ្តាលឱ្យកុដិមួយខ្នងក្លាយជាចំណីអគ្គី រួមទាំងគរុភណ្ឌមួយចំនួនសល់តែគំនរផេះផង់។ ហេតុការណ៍អគ្គិភ័យនេះ បានបណ្តាលឱ្យមានការភ្ញាក់ផ្អើលពុទ្ធបរិស័ទចំណុះជើងវត្ត រួមទាំងសមត្ថកិច្ចមកជួយ កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅវត្តគគីរ ស្ថិតក្នុងភូមិស្រិតខាងជើង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង។

ប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងថា បើតាមព្រះសង្ឃក្នុងវត្តបានប្រាប់ សមត្ថកិច្ចថា អគ្គិភ័យនេះបង្កឡើងដោយសារឆ្លងចរន្តទុស្សេនៅក្នុងព្រះវិហារ នៅវេលាម៉ោងកើតហេតុខាងលើ ខណៈព្រះសង្ឃអង្គខ្លះចូលសឹងទៅហើយនោះ ស្រាប់តែមកឆេះកុដិ រត់ស្ទើរមិនទាន់ផ្អើលពុទ្ធបរិស័ទ និងសមត្ថកិច្ចមកជួយអន្តរាគមន៍ភ្លាមៗដែរ តែមិនអាចសង្គ្រោះបាន ដោយសារការឆាបឆេះរហ័សពេក។

កុដិព្រះសង្ឃដែលក្លាយជាចំណីភ្លើងអស់គ្មានសល់នេះ សង់អំពីឈើប្រក់ហ៊្វីប្រូស៊ីម៉ងត៍ ទំហំ៩ម៉ែត្រគុណនឹង៩ម៉ែត្រ រួមទាំងរបស់របរប្រើប្រាស់ក្នុងវត្ត រួមមាន ទូ, គ្រែ, កន្ទេល, ខ្នើយ, ចាន, ឆ្នាំងមួយចំនួន រួមទាំងខ្សែភ្លើងមួយដុំផងដែរ ព្រោះតែមិនអាចយកចេញបាន។

សមត្ថកិច្ចឱ្យដឹងផងដែរថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ព័ត៌មានថា មានអគ្គិភ័យឆាបឆេះកុដិលោកនៅក្នុងវត្តគគីរ ភ្លាមៗនោះ សមត្ថកិច្ចផ្នែកបង្ការអគ្គិភ័យបានចេញរថយន្តមួយគ្រឿង ខណៈចម្ងាយផ្លូវពីអធិការដ្ឋាន ទៅត្រឹមតែ៦គីឡូម៉ែត្រប៉ុណ្ណោះ ទៅបាញ់ទឹកពន្លត់ឱ្យរលត់អស់ទៅវិញ នៅសល់តែផេះ មិនបណ្តាលឱ្យឆេះរាលដាលទៅកុដិផ្សេងទៀត ខណៈដែលពលរដ្ឋ រួមនឹងអាជ្ញាធរមូលដ្ឋាន នាំគ្នាជួយយ៉ាងសស្រាក់សស្រាំផងដែរ៕
