Wednesday, July 30, 2025
Homeព័ត៌មានជាតិជុំគ្នារាល់ថ្ងៃ សមត្ថកិច្ចឃើញហៅអប់រំណែនាំ រួចឲ្យទៅផ្ទះដាំបាយឲ្យប្តី

ជុំគ្នារាល់ថ្ងៃ សមត្ថកិច្ចឃើញហៅអប់រំណែនាំ រួចឲ្យទៅផ្ទះដាំបាយឲ្យប្តី

ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លើយតបទៅម្ចាស់គណនីហ្វេសប៊ុក ដែលសូមមិនបញ្ចេញឈ្មោះ បានរាយការណ៍ក្នុងប្រអប់សារផេកហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឱ្យសមត្ថកិច្ចបង្ក្រាបល្បែងស៊ីសង (បៀ) ដែលមិនខ្លាចឆ្លងជំងឺកូវីដ១៩ ទាល់តែសោះ ក៏មិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចប្រមុខរាជរដ្ឋាភិបាលដែរ។

ក្រោយពីបានទទួលព័ត៌មានខាងលើ ដោយបានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត លោកអធិការនគរបាលស្រុកខ្សាច់កណ្តាល បានបញ្ជាកម្លាំងចុះស្រាវជ្រាវទីតាំងខាងលើ ដែលជាលទ្ធផល កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២រសៀល កម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្តាល សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលស្វាយជ្រំ បង្ក្រាបទីតាំងល្បែង ដែលមានម្ចាស់ឈ្មោះសាន វណ្ណា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មាន លំនៅភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៣នាក់ រួមមានទី១-ឈ្មោះសាន វណ្ណា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកសិករ មានលំនៅភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ទី២-ឈ្មោះប៉ែន សុខុម ភេទស្រី អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ទី៣-ឈ្មោះ ធី សុភា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកសិករ មានលំនៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ វត្ថុតាងដកហូតបាន រួមមាន បៀ៥២សន្លឹក, ប្រាក់រៀល១៨,០០០រៀល និងកម្រាលភួយចំនួន១។

ចំពោះស្ត្រីទាំង៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្ទាប់មក ដោយពិនិត្យឃើញថា ល្បែងស៊ីសងបៀនេះ មានលក្ខណៈតូចតាច ហើយអ្នកលេងសុទ្ធតែជាស្ត្រី សមត្ថកិច្ចបានណែនាំអប់រំ និងធ្វើកិច្ចសន្យា ជាលើកទី១ មិនឱ្យប្រព្រឹត្តនិងផ្តល់ទីតាំងលេងល្បែងស៊ីសងគ្រប់ប្រភេទចាប់ពីថ្ងៃចុះកិច្ចសន្យានេះតទៅ ទើបអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅលំនៅដ្ឋានវិញ។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ រួមគ្នាអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំងអស់គ្នា ដើម្បីមូលដ្ឋានមានសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អ៕

RELATED ARTICLES