ឱក សុគន្ធកញ្ញា ជាអ្នកចម្រៀងដែលមានតម្លៃខ្លួនស្ថិតក្នុងចំណោមតារាស៊ីថ្លៃខ្ពស់ បើទោះជាពេលនេះ នាងមានប្ដី និងកូន១ ក្ដី តែមុនរៀបការ ប្អូនថ្លៃថៅកែហង្សមាស រូបនេះ ច្រៀងតាមឆាកតន្ត្រីធំៗ ១កម្មវិធី បានជិត៣០០០ដុល្លារ ពោលគឺប្រហាក់ប្រហែលលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ដែរ។

ទោះជាយ៉ាងណា ពេលនេះ សុគន្ធកញ្ញា អាចនិងស្រឡាំងកាំងដោយសារតែអតីតកូនក្រុមរបស់នាង ក្នុងកម្មវិធី “The Voice Cambodia” រដូវកាលទី២ កញ្ញាតន់ ច័ន្ទសីម៉ា ត្រូវបានអ្នកគ្រប់គ្រងកំណត់តម្លៃខ្លួនច្រៀងឆាកតន្ត្រីធំៗម្ដង ស៊ីថ្លៃដល់ទៅ៥០០០ដុល្លារ ដែលមានន័យថា ថ្លៃនេះ គឺខ្ពស់ជាងសុគន្ធកញ្ញា ស្ទើរតែ១ជា២ទៅហើយ។
មហាជនមួយចំនួនបានលើកឡើងថា សុគន្ធកញ្ញា នឹងអាចដំឡើងតម្លៃខ្លួនឲ្យខ្ពស់ជាងអតីតកូនក្រុមរបស់ខ្លួនជាមិនខាន ដើម្បីបញ្ជាក់ថា នាងនៅតែជាតារាឈានមុខគេម្នាក់ ដែលទាំងកេរ្ដិ៍ឈ្មោះ និងតម្លៃខ្លួន មិនទាន់មានតារាណាអាចវ៉ាបាន។

ប៉ុន្ដែផ្ទុយពីការគិតបែបនេះ ព្រោះរហូតមកដល់ពេលនេះ សុគន្ធកញ្ញា នៅតែបន្ដភាពស្ងៀមស្ងាត់ និងគ្មានប្រតិកម្មចំពោះតម្លៃខ្លួនកញ្ញាសីម៉ា ឡើយ។
ចំណែកអ្នករៀបចំកម្មវិធីប្រគំតន្ត្រីរបស់ហង្សមាស ម្នាក់ បានបង្ហើបឲ្យដឹងថា តម្លៃខ្លួនរបស់សុគន្ធកញ្ញា គឺនៅលើស្វាមីរបស់នាងជាអ្នកកំណត់ តែលោកជឿថា ច្រៀងកម្មវិធីធំ នាងស៊ីថ្លៃមិនលើសពី៣០០០ដុល្លារនោះទេ។

អ្នកហៅតារាឡើងច្រៀងប៉ុស្ដិ៍ហង្សមាស រូបនេះថា លោកមិនយល់ឡើយថា ហេតុអ្វីបានជាសីម៉ា ឡើងថ្លៃដល់ម្លឹង ព្រោះពេលនេះកូវីដ១៩ កំពុងតែជាន់កផង ដល់ពេលទៅច្រៀង១កម្មវិធី ស៊ីថ្លៃ៥០០០ដុល្លារ អីចឹងអ្នកណាទៅមានលុយជួលនាងច្រៀង…។

គេចាំបានថា ឱក សុគន្ធកញ្ញា ជាអ្នកផ្ដល់ក្ដីសង្ឃឹមដល់តន់ ច័ន្ទសីម៉ា ក្នុងកម្មវិធីប្រលង “The Voice Cambodia” រដូវកាលទី២ ដែលនៅវគ្គ Live Show នោះ សីម៉ា ច្រៀងបទ ”កុំបាច់ដេញអូនឲ្យស្រលាញ់” មានតែនាងម្នាក់គត់ ដែលគោះប៊ូតុងយកឈ្មោះសីម៉ា មកធ្វើជាកូនក្រុម និងឲ្យទៅវគ្គបន្ដ ខណៈដែលគ្រូបង្វឹក៣រូបផ្សេងទៀត គឺណុប បាយ៉ារិទ្ធ, ឆន សុវណ្ណរាជ និងពេជ្រ សោភា មិនបានគោះប៊ូតុងយកសីម៉ា ឡើយ។
អ្នកជំនាញសិល្បៈបានលើកឡើងថា បើគ្មានសុគន្ធកញ្ញា ចុចប៊ូតូងយកទេ សីម៉ា ក៏គ្មានថ្ងៃនេះ ហើយ Galaxy ក៏មិនមើលឃើញនាងយកទៅច្រៀងដែរ។ ប៉ុន្ដែសុគន្ធកញ្ញា បានសន្សំកេរ្ដិ៍ឈ្មោះជាង១០ឆ្នាំមកហើយ ទើបឈានមកដល់ចំណុចកំពូល ទាំងភាពល្បីល្បាញ និងតម្លៃខ្លួនខ្ពស់ដូចពេលនេះ។

ចំណែកតន់ ច័ន្ទសីម៉ា វិញ ទើបតែច្រៀងនៅ Galaxy ជាង២ឆ្នាំ បែរជាឡើងថ្លៃខ្លួនផុតគេនោះ ធ្វើឲ្យមជ្ឈដ្ឋានមហាជនពិបាកជឿជាក់ ព្រោះអំឡុងមុននេះ កញ្ញាសីម៉ា ច្រៀងនៅហាងវីហ្រេ្វន ១យប់ បានតែជាង១០ដុល្លារប៉ុណ្ណោះ។
ប៉ុន្តែ Composer ម្នាក់ នៅហង្សមាស បានហៅសីម៉ា ថា ”ជាតារាចម្រៀងវ័យក្មេង ដែលមានសក្ដានុពលប្រចាំឆ្នាំ២០២០” ប៉ុន្ដែមិនទាន់វ៉ារៀមច្បង ដូចជា ឱក សុគន្ធកញ្ញា និងមាស សុខសោភា នោះទេ។

ឱក សុគន្ធកញ្ញា ប្រឈមស្ងប់ស្ងាត់តាំងពីនាងបានរៀបការជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ និងសម្រាលកូនដំបូង កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នោះ ខណៈដែលអតីតកូនក្រុមរបស់នាង តន់ ចន័្ទសីម៉ា កំពុងស្ទុះហក់ឡើង។

ទោះជាយ៉ាងណា អ្នកជំនាញសិល្បៈ លោកម៉ិញ សុធីវណ្ណ បានអះអាងថា ហង្សមាស នឹងមិនបណ្ដោយឲ្យសុគន្ធកញ្ញា ធ្លាក់ចុះជាដាច់ខាត ពិសេសក្រោយមានមានប្ដីនិងកូននេះ នាងកាន់តែល្បីថែមទៀតនាពេលខាងមុខ ព្រោះពេលនេះនាងបានក្លាយទៅសមាជិកគ្រួសារថៅកែហង្សមាស ទៅហើយ៕ ហ៊ឹម វិចិត្រ