Wednesday, July 30, 2025
Homeព័ត៌មានជាតិរឿងផ្ទាល់ខ្លួនឯងសោះ មានទាក់ទងអីថ្នាក់ដឹកនាំ... សមជាប់ខ្នោះហើយ

រឿងផ្ទាល់ខ្លួនឯងសោះ មានទាក់ទងអីថ្នាក់ដឹកនាំ… សមជាប់ខ្នោះហើយ

ខេត្តកែប ៖ យុវជនម្នាក់ ខឹងនារីជាអតីតសង្សារបែកចិត្តមានគូស្នេហ៍ថ្មី ក៏មានគំនុំ ប៉ុនប៉ងធ្វើបាបនាង ដោយយកឈ្មោះ និងរូបថតនាង មកបង្កើតគណនីហ្វេសប៊ុក ក្លែងក្លាយ បង្ហោះរូបភាពនិងខ្លឹមសារជេរប្រមាថថ្នាក់ដឹកនាំកំពូល រួមមានទាំហព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី អភិបាលខេត្ត និងស្នងការខេត្ត ក្នុងបំណងទម្លាក់កំហុសលើនារីជាអតីតសង្សារ ទីបំផុត ត្រូវសមត្ថកិច្ចធ្វើការសើបអង្កេតស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន យកមកចាត់ការតាមច្បាប់។

តាមប្រភពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងនៅព្ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ថា ក្រោយពីទទួលបានពាក្យបណ្ដឹងជាច្រើនពីបណ្ដាអង្គភាពមួយចំនួន និងជនរងគ្រោះជាច្រើននាក់ និងក្រោមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី  លោកឧត្តមសេនីយ៍ឯក ជា ពៅ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបុរសម្នាក់ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដោយមានការសហការជាមួយកម្លាំងនគរបាលខេត្តកែប។

ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ងិន ស៊ុយទ្រី ភេទប្រុស អាយុ២៥ឆ្នាំ ធ្វើឡើងនៅចំណុចភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលជាកន្លែងរស់នៅរបស់ជនសង្ស័យតែម្តង។

សូមបញ្ជាក់ថា យុវជនខាងលើ មានចេតនាទុច្ចរិត បានបង្កើតគណនីហ្វេសប៊ុក ក្លែងក្លាយជាច្រើន ធ្វើការជេរប្រមាថ បរិហារកេរ្តិ៍ បំប៉ោងព័ត៌មានបំពុលសង្គម និងបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបរិហារកេរ្តិ៍ថ្នាក់ដឹកនាំកំពូលៗ មានទាំងព្រះមហាក្សត្រ សម្តេចនាយករដ្ឋមន្រ្តី អភិបាលខេត្ត ព្រមទាំងស្នងការនគរបាលខេត្តមួយចំនួន ដោយគេបានសរសេរនូវភាសាអសុរោះ កាត់តរូបភាព លើគណនីហ្វេសប៊ុកក្លែងក្លាយទាំងនោះ។

ជនសង្ស័យ ងិន ស៊ុយទ្រី បានសារភាពថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយនឹងនារីឈ្មោះទ្រី ស៊ាងម៉ី តាំងពីដើមឆ្នាំ២០១៦ ក្រោយមក នាងបានផ្លាស់ប្ដូរមកធ្វើការនៅរាជធានីភ្នំពេញ តាំងពីពេលនោះមកទំនាក់ទំនងរបស់ពួកគេបានត្រូវឃ្លាតឆ្ងាយ និងដោយសារនារី ទ្រី ស៊ាងម៉ី មានទំនាក់ទំនងជាមួយបុរសជាច្រើនផ្សេងទៀត ធ្វើឱ្យគេកើតចិត្តប្រចណ្ឌ ហើយក៏បានបង្កើតគណនីក្លែងក្លាយ ជាឈ្មោះរបស់នារី ទ្រី ស៊ាងម៉ី ឪពុក និងជាមិត្តភក្តិរបស់នាងជាច្រើនទៀត ដើម្បីធ្វើការវាយប្រហារថ្នាក់ដឹកនាំកំពូលៗ ក្នុងចេតនា ដើម្បីទម្លាក់កំហុសឱ្យនាង ទ្រី ស៊ាងម៉ី ព្រមទាំងមិត្តភក្តិ និងដៃគូស្នេហា ក៏ដូចជាគ្រួសាររបស់នាងផង។

បច្ចុប្បន្ននេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកែប កំពុងរៀបចំកសាងសំណុំរឿង បញ្ជូនជនសង្ស័យនេះ ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។

អគ្គស្នងការនគរបាលជាតិ ក៏ដូចជានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការក្រើនរំឭកដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ សូមមានក្រមសីលធម៌ក្នុងការប្រើប្រាស់ កុំប្រើដើម្បីធ្វើជាទីលានបញ្ចេញកំហឹងសងសឹកស្នេហា ដែលនាំឱ្យអាប់ឱនដល់ប្រពៃណីដ៏ផូរផង់របស់ជាតិ និងកុំព្យាយាមប្រើដើម្បីប្រព្រឹត្តបទល្មើស ព្រោះមិនអាចគេចចេញពីសំណាញ់ច្បាប់បានឡើយ៕

RELATED ARTICLES