Wednesday, July 30, 2025
Homeព័ត៌មានជាតិប្រើស្ទីលបែបនេះ នាងស្រែក នាំគ្នារត់ចោលលុយ២ម៉ឺនដុល្លារ

ប្រើស្ទីលបែបនេះ នាងស្រែក នាំគ្នារត់ចោលលុយ២ម៉ឺនដុល្លារ

ភ្នំពេញ ៖ ម្ចាស់វីងវេរលុយ មួយកន្លែង ត្រូវចោរ ២នាក់ ប្រើល្បិចបន្លំលួចលុយជាង ២ម៉ឺនដុល្លារ តែសំណាងល្អ ឃើញទាន់ដណ្តើមបានកាបូបលុយមកវិញ ។

ហេតុការណ៍ចោរបន្លំលួចលុយខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោងប្រមាណ ៨និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះលក់អីវ៉ាន់ចាបហួយ និងបើកវីងវេរលុយ យីហោ វិន សាវុធ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ម្ចាស់វីងរងគ្រោះ ដែលត្រូវជនសង្ស័យចូលលួចលុយមិនបានសម្រេចខាងលើ មានឈ្មោះ វិន សាវុធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកវីង និងលក់អីវ៉ាន់ចាប់ហួយ នៅទីតាំងកើតហេតុខាងលើ ។

តាមព័ត៌មានឲ្យដឹងថា នៅព្រឹកនោះជនសង្ស័យជាស្ត្រី និងបុរសម្នាក់ បានជិះម៉ូតូមួយគ្រឿង មកដូរលុយនៅផ្ទះវីងខាងលើ ចំនួន១០០ដុល្លារ ហើយក៏ត្រឡប់ទៅបាត់ទៅវិញ។ លុះប្រមាណ១ម៉ោងក្រោយមក ជនសង្ស័យរូបនោះក៏បានត្រឡប់មកវិញ ឈប់នៅចិញ្ចើមផ្លូវធ្វើជាទិញភេសជ្ជៈខារ៉ាប៉ាវ ចំនួន១០កំប៉ុង ហើយអ្នកលក់រូបនោះក៏បានចេញពីកន្លែងវីង ទៅយកភេសជ្ជៈឲ្យ។

ប្រភពបន្តថា  នៅពេលដែលអ្នកលក់រូបនោះ យកភេសជ្ជៈទៅឲ្យជនសង្ស័យបានហុចលុយធ្វើជាពន្យារពេល ហើយជនសង្ស័យម្នាក់ទៀតបន្លំចូលទៅក្នុងតូបវីង លួចយកឡាំងដែកដាក់លុយ មានលុយប្រមាណជិត២ម៉ឺន រត់ចេញ ។

គាប់ជួនពេលនោះ ប្អូនស្រីម្ចាស់វីង បានឃើញទាន់ស្រែកចោរៗ! និងដេញតាមប្រតាយដណ្តើមយកឡាំងនោះត្រឡប់មកវិញ ដោយបងប្រុសបានជួយដេញផងដែរ។ ចំណែកជនសង្ស័យបាននាំគ្នាឡើងជិះម៉ូតូ គេចខ្លួនបាត់ភ្លាមៗដែរ៕

RELATED ARTICLES