ខេត្តរតនគិរី ៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ ចាប់ផ្តើមឈឺពោះសម្រាល គ្មានមធ្យោបាយធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ក៏ត្រូវបានលោកអធិការស្រុកអូយ៉ាដាវ ចុះអន្តរាគមន៍ដោយផ្ទាល់ ដោយជួយដឹកបញ្ជូនស្ត្រីរូបនោះទៅកាន់មន្ទីរពេទ្យទាន់ពេលវេលា។

ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ។
ស្ត្រីមានផ្ទៃពោះគ្រប់ខែសម្រាល ដែលទទួលអន្តរាគមន៍ដោយផ្ទាល់ពីលោកអធិការខាងលើនេះ មានឈ្មោះក្លាន ហ្យើញ អាយុ៣១ឆ្នាំ រស់នៅភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ដោយមានការស្នើសុំពីលោកអនុភូមិភិ ឃុំសេសាន រួចមក លោកអធិការស្រុកអូរយ៉ាដាវ បានជួយដឹក ស្ត្រីឈឺពោះឆ្លងទន្លេទៅមណ្ឌលសុខភាពឃុំសោមធំ ស្រុកអូរយ៉ាដាវ បានដោយសុវត្ថិភាព។
ការជួយសង្គ្រោះបញ្ជូនស្ត្រីឈឺពោះឆ្លងទន្លេនោះលោកវរសេនីយ៍ឯក សូយ សំណាង អធិការស្រុកអូរយ៉ាដាវ បានដឹកនាំកម្លាំងធ្វើឡើង នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ក្នុងសកម្មភាពមនុស្សធម៌នោះលោក វរសេនីយ៍ឯក សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ រួមនិងលោកពលបាលឯក ហែម រដ្ឋា បានជួយដឹកស្ត្រីឈឺពោះឆ្លងទន្លេ ឈ្មោះក្លាន ហ្យើញ ឱ្យមកមណ្ឌលសុខភាពឃុំសោមធំ ស្រុកអូរយ៉ាដាវ ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញ ជួយសម្រាល ប្រកបដោយសុវត្តិភាព៕