Sunday, July 27, 2025
Homeតារាខ្មែរលោកព្រាប សុវត្ថិ សង្ឃឹមកូនទី២ សុវត្ថិ មុនីនាគ ស្នងតំណែង

លោកព្រាប សុវត្ថិ សង្ឃឹមកូនទី២ សុវត្ថិ មុនីនាគ ស្នងតំណែង

លោកព្រាប សុវត្ថិ បានដើរចេញពីហង្សមាស ជិត៤ខែទៅហើយ ដើម្បីទៅជ្រកទ្រនំថ្មី Galaxy ដោយទុកឲ្យកូនប្រុសទាំង៣ របស់លោក មានសុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ បន្ដច្រៀងនៅហង្សមាស ដដែល។

អ្នកនិពន្ធបទភ្លេងម្នាក់ នៅហង្សមាស​ បានបង្ហើបឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រោយព្រាប សុវត្ថិ អស់និស្ស័យជាមួយហង្សមាស ត្រឹម២៣ឆ្នាំនេះ កូនៗទាំង៣ របស់លោកត្រូវថៅកែហង្សមាស យកចិត្តទុកដាក់ដូចមុន មិនមែនឪចេញហើយ កូនៗគេលែងអើរពើរនោះទេ។

អ្នកនិពន្ធបទភ្លេងរូបនោះ បញ្ជាក់ថា ក្នុងចំណោមកូនប្រុសទាំង៣ របស់លោកព្រាប សុវត្ថិ នោះ គឺកូនទី២ សុវត្ថិ មុនីនាគ ឡើងជាងមុន ក្រោយចាប់ដៃជាមួយកញ្ញារ៉េត ស៊ូហ្សាណា តែលោកមិនអាចហ៊ានសន្និដ្ឋានបានទេថា តើមានកូនណាម្នាក់ដែលអាចស្នងតំណែងព្រាប សុវត្ថិ នៅពេលខាងមុខបានឬអត់នោះ?

មិនខុសពី អ្នកនិពន្ធបទភ្លេងល្បីឈ្មោះរូបនោះ អះអាងឡើយ ព្រោះនៅរយៈពេលចុងក្រោយនេះ កូនទី២ របស់ព្រាប សុវត្ថិ ឈ្មោះសុវត្ថិ មុនីនាគ នោះ គឺពិតជាមានរាសីឡើងជាងមុនមែន ក្រោយច្រៀងនិងសម្ដែងជាមួយកញ្ញារ៉េត ស៊ូហ្សាណា តាមរយៈបទ ”សុំខុសមួយយប់” ដែលបទនេះត្រូវបានយុវវ័យគាំទ្រគួរសម បន្ទាប់ពីមុនីនាគ ធ្លាប់សម្ដែង MV ជាមួយហ្សាណា បទ ”សង្ស័យ” មក។

អ្នកស្រីគង់ ចន្ធូ ម្ដាយក្មេកព្រាប សុវត្ថិ ធ្លាប់ប្រាប់អ្នយកព័ត៌មានយើងតាមទូរស័ព្ទថា កូនប្រុសទាំង៣ របស់ព្រាប សុវត្ថិ ដែលត្រូវជាចៅៗរបស់គាត់នោះ ពួកគេសុទ្ធតែមានដុងសិល្បៈតាំងពីតូចៗម្ល៉េះ ហើយក្រោយមានការបណ្ដុះបណ្ដាលពីឪពុករបស់ពួកគេមក ធ្វើឲ្យចៅទាំង៣ របស់គាត់កាន់តែខ្លាំងៗថែមទៀត នាពេលបច្ចុប្បន្ននេះ។

ប៉ុន្ដែយ៉ាងណា កន្លងមកអ្នកយកព័ត៌មានយើងធ្លាប់សួរអ្នកស្រីឡុង ស្រីមុំ ដែលជាភរិយារបស់លោកព្រាប សុវត្ថិ ថាតើក្នុងចំណោមកូនទាំង៣ របស់អ្នកស្រី តើកូនមួយណាអាចស្នងឪពុករបស់គេបាននោះ ភរិយាព្រាប សុវត្ថិ មិនឆ្លើយសំណួរនេះឡើយ។

ដោយឡែក តារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា វិញ នាងយល់ថា កូនទី២ របស់ព្រាប សុវត្ថិ គឺសុវត្ថិ មុនីនាគ អាចស្នងតំណែងឪពុករបស់គេបាននាពេលអនាគត ព្រោះច្រៀងពេលខ្លះច្រឡំសំឡេងព្រាប សុវត្ថិ តែម្ដង៕

RELATED ARTICLES